តុលាការប្រជាជននៃទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តកាត់ទោសលោក Trần Quí Thanh អាយុ 71 ឆ្នាំ ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតភេសជ្ជៈ Tân Hiệp Phát ឱ្យជាប់ពន្ធនាគាររយៈពេល 8 ឆ្នាំពីបទ “ឆបោក” ។
បើយោងតាមការចុះផ្សាយពី vietnamnews បានឲ្យដឹងថា មហាលសេដ្ឋីរូបនេះគឺមានកូនស្រីចំនួនពីរនាក់ដែលមានឈ្មោះ Trần Uyên Phương អាយុ 43 ឆ្នាំ ដែលជាអគ្គនាយករងក្រុមហ៊ុន Tân Hiệp Phát និងម្នាក់ទៀតមានឈ្មោះថា Trần Ngọc Bích អាយុ 40 ឆ្នាំ។ ប្រភពដដែលបាននិយាយថា អ្នកទាំងពីរខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធក្នុងគម្រោងខុសច្បាប់របស់ឪពុកខ្លួនផងដែរ ដោយក្នុងនោះតុលាបានសម្រេចផ្តន្ទាទោសពួកគេទាំងពីរ ឲ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំថែមទៀតផង។
គួរបញ្ជាក់ថា អ្នកទាំងបីគឺត្រូវបានរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំទ្រព្យសម្បត្តិពីបុគ្គលចំនួន 4 នាក់ រួមទាំងគម្រោងអចលនទ្រព្យចំនួន 2 និងដីចំនួន 35 កន្លែង។
បើយោងតាមព្រះរាជអាជ្ញា ពួកគេបានផ្តល់ប្រាក់កម្ចីដោយខុសច្បាប់ជាមួយនឹងវត្ថុបញ្ចាំ ហើយពួកគេក៏ដាក់សម្ពាធអ្នកខ្ចីនោះលក់ទ្រព្យសម្បត្តិរបស់ពួកគេមកឲ្យខ្លួនក្នុងតម្លៃមួយដែលថោកជ្រុល។ តែមិនយូប៉ុន្មាន បន្ទាប់មកពួកគេរឹបអូសយក ប្រសិនបើយើងគិតជាទឹកប្រាក់គឺមានតម្លៃប្រមាណ 1.05 ពាន់ពាន់លានដុង (41.2 លានដុល្លារអាមេរិក)។
គួររំឮកថា នៅចន្លោះខែមករា ឆ្នាំ 2019 ដល់ខែវិច្ឆិកា ឆ្នាំ 2020 បុគ្គលទាំងបីនាក់នេះបានផ្តល់ប្រាក់កម្ចីដោយខុសច្បាប់ក្នុងអត្រាការប្រាក់ខ្ពស់កំពពកគឺស្មើរនឹង 3 ភាគរយក្នុងមួយខែ ហើយពួកគេទាំងបីនាក់នេះ បានបង្ខំឱ្យអ្នកខ្ចីចុះហត្ថលេខាលើកិច្ចសន្យាលក់ជំនួសឱ្យកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយនឹងតម្លៃទាបជាងតម្លៃជាក់ស្តែងនៃវត្ថុបញ្ចាំ។
សូម្បីតែបន្ទាប់ពីអ្នកខ្ចីបានសងប្រាក់កម្ចីរបស់ពួកគេជាមួយនឹងការប្រាក់ក៏ដោយក៏គ្រួសារ Thanh ត្រូវបានគេរាយការណ៍ថា ៣នាក់ឪពុកកូនបានបដិសេធមិនប្រគល់ទ្រព្យសម្បត្តិឲ្យគេវិញនោះឡើយ។ ការអះអាងពីសាក្សីត្រូវបានធ្វើឡើងថា អ្នកខ្ចីបានបាត់បង់សិទ្ធិទិញយកវិញដោយសារការបំពានកិច្ចសន្យា។
ក្នុងការស៊ើបអង្កេតដំបូង អ្នកទាំងបីបានបដិសេធការចោទប្រកាន់ខាងលើនេះ ប៉ុន្តែក្រោយមកបានសារភាពចំពោះតុលាការ។
ជាចុងក្រោយខាងព្រះរាជអាជ្ញាបាននិយាយថាគ្រួសារ Thanh គឺជាមេក្លោងនៅពីក្រោយគម្រោងការបោកប្រាស់នេះ ដោយមានកូនស្រីរបស់គាត់ធ្វើតាមការណែនាំរបស់ឪពុកខ្លួន។