ថ្មីៗនេះទ្រព្យសម្បត្តិរបស់ស្ថាបនិក Facebook លោក Mark Zuckerberg បានថយចុះប្រមាណ 20 ពាន់លានដុល្លារ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc. បានធ្លាក់ចុះផងដែរនោះ វាក៏ក្លាយទៅជាឪកាសសម្រាប់ លោក Elon Musk ក្នុងការទទួលបានដំណែងជាមហាសេដ្ឋីលំដាប់លេខរៀងទីបីរបស់ពិភពលោកវិញម្តង។
ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះរហូតដល់ទៅ 16% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាននិយាយថា ការលក់នៅត្រីមាសទីពីរទំនងជាទាបជាងការរំពឹងទុក។ យ៉ាងណាមិញ ចំពោះការធ្លាក់ចុះនៃទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg ក្នុងរយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ វាក៏បានធ្វើឲ្យមហាលសេដ្ឋីវ័យក្មេងរូបនេះបានរំកិលខ្លួនមកនៅត្រឹមចំណាត់ថ្នាក់ទីបួនទៅហើយ។
បើយោងទៅតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយគេបង្អស់ ពីក្រុមការងារ Bloomberg បានឲ្យដឹងទៀតថា លោក Mark Zuckerberg គឺមានទ្រព្យសម្បត្តិសុទ្ធប្រមាណតែ 155 ពាន់លានដុល្លា ស្រប់ពេលដែលលោក Elon Musk ទើបតែមានការកើនឡើងប្រហែល 400 លានដុល្លារទៀតនោះ ទើបធ្វើឲ្យគម្លាតលេខរៀងត្រឹមតែមួយសោះតែអ្នកលំដាប់ទីបី គឺមានទ្រព្យសម្បត្តិសុទ្ធច្រើនជាង 178 ពាន់លានដុល្លារទៅទៀត។
គួររំឮកថា មហាសេដ្ឋីទាំងពីរធ្លាប់បានផ្លាស់ប្តូរចំណាត់ថ្នាក់ម្តងហើយគឺនៅដើមខែនេះ ដោយនៅពេលនោះ គឺមានសារព័ត៌មានធំៗនៅក្នុងពិភពលោកជាច្រើន បានបង្ហាញនូវភាពភ្ញាក់ផ្អើរថា បុរសស្ញៀមស្ងាត់ Zuckerberg ដែលមានវ័យត្រឹម 39 ឆ្នាំ ពិតជាមានសមត្ថភាពមិនធម្មតា ដែលអាចឈានដល់ការវ៉ាដាច់ មហាលសេដ្ឋីដែលមានមុខជំនួញធំៗក្នុងដៃជាច្រើន ដូចជាលោក Musk បាននោះ។
តើហេតុអ្វី បានជាពិភពលោកចាប់អារម្មណ៍ទៅលើ លេខរៀងរបស់អ្នកទាំងពីរនេះខ្លាំងម្ល៉េះ? រឿងគ្រប់យ៉ាងវាបានធ្វើឲ្យមនុស្សជាច្រើននៅជុំវិញពិភពលោក តែងតែតាមដានទៅលើចំណាត់ថ្នាក់របស់ទាំងពីរខ្លាំងជាងគេនោះ គឺនៅពេលដែល បុរស Elon បានប្រកាសម្តងហើយម្តងទៀតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា លោកចង់វ៉ៃដាក់ទ្រុងជាមួយនឹងម្ចាស់មេដាយJiu Jitsu ។
យើងខ្ញុំសូមបញ្ជាក់ថា ចំពោះការធ្លាក់ចុះនៃភាគហ៊ុនរបស់ Meta គឺបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ គឺនៅពេលដែលស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានប្រកាសថា ការចំណាយរបស់ក្រុមហ៊ុនក្នុងការវិនិយោគទៅលើបច្ចេកវិទ្យា AI គឺនៅមានបន្តទៀត។
ផ្ទុយទៅវិញ ទន្ទឹមការសំណូមពីម្ចាស់របស់ Meta ដែលស្នើរសុំឲ្យម្ចាស់ភាគហ៊ុនឲ្យអត់ធ្មត់នោះ តែខាងភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅទីក្រុង Austin បានកើនឡើងប្រមាណ 12% កាលពីថ្ងៃពុធ បន្ទាប់ពីលោក Musk បានប្តេជ្ញាថា លោកនឹងផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យដល់អតិថិជនឱ្យបានឆាប់បំផុត គឺនៅក្នុងឆ្នាំនេះ។ លោក Musk បានបន្ធូរបន្ថយការព្រួយបារម្ភអំពីលទ្ធផលនៃប្រាក់ចំណូលជានិច្ច បើទោះបីជាក្រុមហ៊ុន Tesla ធ្លាប់បានធ្លាក់ចុះប្រហែលជា 42% ក៏ដោយ។
លោក Elon Musk គាត់គឺជាមហាសេដ្ឋីម្នាក់ ដែលមានមុខជំនួញកាន់កាប់ធំៗជាច្រើន បើទោះបីជាប្រាក់ចំណូលដែលបានមកពី Telsa មានការថយចុះក៏ពិតមែន តែលោកក៏នៅមានចំណូលច្រើនដែលបានមកពី ក្រុមហ៊ុន SpaceX ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ក្រុមហ៊ុន Boring និង ក្រុមហ៊ុនផលិតបន្ទះឈីបខួរក្បាល Neuralink ជាដើម។