អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ ដែលមហាសេដ្ឋីជនជាតិអូស្ត្រាលី Clive Palmer ចង់រៀបចំផែនការក្នុងការសាងសង់ Titanic II ដោយលោកបានបញ្ជាក់ថា កប៉ាល់ Titanic II វាគឺជាការចម្លងឡើងមកវិញនៃកប៉ាល់អកុសលមួយគ្រឿងដែលបានលិចលង់កាលពីឆ្នាំ 1912 ដែលកាលនោះគឺមានមនុស្សប្រមាណជាង 2,200 នាក់បានបាត់បង់ជីវិត។
ច្រើនជាងមួយសតវត្សទៅហើយ គឺបន្ទាប់ពីកប៉ាល់ទីតានិកបានលិចក្នុងបាតសមុទ្រ តែក្នុងនោះមនុស្សជាច្រើននៅក្នុងពិភពលោកក៏មិនបានបំភ្លេចនៅហេតុការដែលបានកើតនាពេលនោះដែរ។ សោកនាដកម្មដ៏គួរឲ្យសង្វែក វាបានធ្វើឲ្យខ្សែភាពយន្តដែលមានចំណងជើងថា “Titanic” បានឈ្នះនូវពានរង្វាន់អូស្ការកាលពីឆ្នាំ 1997 ថែមទៀតផង។ ការដឹកនាំសម្តែងដោយលោក James Cameron និងសម្តែងដោយ Leonardo DiCaprio និង Kate Winslet ត្រូវបានគេសង្កេតឃើញទៀតថា រឿង “Titanic” វានៅតែជាខ្សែភាពយន្តមួយ ដែលមានមនុស្សតែងតែទស្សនាមិនចេះជិនណាយ ទាំងការច្រៀងតាមបទចម្រៀងនៅក្នុងរឿង ឬក៏ជាការថតរូបបែបគូរស្នេហ៍នៅលើកប៉ាល់ ដែលយើងស្គាល់យ៉ាងច្បាស់ថា គឺជាការត្រាបតាមតួរឯកស្រី Rose និង លោកJack។
បន្ទាប់ពីកប៉ាល់ Titanic បានកប់យ៉ាងជ្រៅនៅបាតសមុទ្រអស់រយៈច្រើនជាង ១០០ ឆ្នាំ។ តើអ្នកមានចាំទេថា បេសកកម្មមួយដែលការចុះទៅទស្សនា កប៉ាល់ Titanic ពីខែមិថុនាឆ្នាំមុន គឺមានអ្នកដំណើរចំនួន 5 នាក់បានបាត់បង់ជីវិតទាំងអស់ គឺនៅក្នុង នាវាមុជទឹក Titan ។ សោកនាដកម្ម នៅពេលនោះ វាក៏បង្កើតជាការចងចាំដ៏ក្រក់មួយម្តងទៀតហើយ ដែលធ្វើឲ្យមានមនុស្សជាច្រើនមានភាពភ័យខ្លាចចំពោះដំណើរកំសាន្ត ដែលមានលក្ខណៈប្រថុយប្រថានបែបនេះណាស់។
យ៉ាងចំពោះទស្សនៈក្នុងការបង្កើតឲ្យមានកប៉ាល់ Titanic សារជាថ្មីម្តងទៀត វាក៏បានធ្វើឲ្យក្រុមការរបស់ CNN មានការងឿយឆ្ងល់ដូចគ្នាដែរ។ តើលោក Clive Palmer មានគោលបំណងអ្វី?
បើយោងទៅតាមការរៀបរាប់ពីលោក Clive Palmer បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងមួយស្រុកថា “ការបង្កើតឲ្យមានកប៉ាល់ Titanic ទី២ វាគឺជារឿងមួយដែលលោកពេញចិត្តជាយូមកហើយ ហើយវាក៏ជាក្តីសុខរបស់លោកផងដែរ បើធៀបនិងការអង្គុយមួយកន្លែង ដោយរង់ចាំរាប់តែលុយនោះ”។
គួរបញ្ជាក់ថា លោក Clive Palmer គាត់គឺជាមហាលសេដ្ឋរបស់អូស្ត្រាលីមួយរូប ដែលមានមុខរបរជាច្រើននៅក្នុងដៃ តែអ្វីដែលធ្វើឲ្យលោកបានក្លាយទៅជាមហាលសេដ្ឋីនោះ ក៏ព្រោះតែលោកជាម្ចាស់អាជីវកម្មរុករករ៉ែមួយដែលធំជាងគេបំផុតនៅក្នុងអូស្ត្រាលី។
លោក Clive Palmer បាននិយាយបន្តថា លោកតែងតែមានការព្រួយបារម្ភចំពោះចងចាំនៃរឿងរ៉ាវដែលបានកើតឡើងចំពោះកប៉ាល់ទីតានិច។ លោកបាននិយាយបន្តទៀតថា លោកបានចាប់ផ្តើមផែនការដំបូងសម្រាប់ការសាងសង់កប៉ាល់ Titanic II តាំងពីក្នុងឆ្នាំ 2012 តែក៏ត្រូវពន្យាពេលរហូតដល់ 2018 ប៉ុន្តែផែនការត្រូវជាប់គាំងសារជាថ្មី ក៏ព្រោះតែការរីករាលដាលនៃ Covid 19 ។
នៅពេលនេះ អ្វីដែលជាក្តីស្រម៉ៃរបស់លោកយ៉ាងពិតប្រាកដ គឺលោកចង់ឲ្យសុបិនរបស់លោកបានក្លាយជាការពិត គឺជាមួយនឹងការបង្កើតកប៉ាល់ទីតានិកដែលមានភាពទាក់ទាញជាងគេបំផុត ហើយវាក៏ជាទស្សនៈវិស័យរបស់លោកផងដែរ ដោយលោកចង់ចាយប្រាក់ដែលលោកបានរកមកធ្វើអ្វីដែលខ្លួនពេញចិត្ត ការដែលមានកប៉ាល់ផ្ទាល់ខ្លួនដ៏ស្រស់ស្អាត និងមានភាពចម្លែកនោះ វាគឺជារឿងធម្មតាទៅហើយសម្រាប់អ្នកមានលុយ។
លោក Clive Palmer ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Blue Star Line សូមប្រកាសថា លោកនិងធ្វើឲ្យកប៉ាល់Titanic ឲ្យរស់ឡើងមកវិញ។
យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Blue Star Line កំពុងតែដាក់សំណើ និងផែនការដើម្បីបញ្ជាក់ពីការសាងសង់កប៉ាល់នៅចុងឆ្នាំនេះ ហើយចំពោះការសាងសង់វិញនឹងចាប់ផ្តើមយ៉ាងយូបំផុតគឺនៅត្រីមាសទីមួយនៃឆ្នាំ 2025។
ក្រុមការងាររបស់ CNN បានរាយការណ៍បន្តថា កប៉ាល់ Titanic II ដែលលោក Clive Palmer ចង់បានគឺវាត្រូវតែមានប្រវែងយ៉ាងតិច 269 ម៉ែត្រ (833 ហ្វីត) និងទទឹង 32.2 ម៉ែត្រ (105 ហ្វីត) និងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ 2,345 ជាមួយនឹងកាប៊ីនយ៉ាងតិច 835 ។ ប្រភពដដែលបានរាយការណ៍ទៀតថា ក្នុងចំណោមសរុបនៃចំនួនអ្នកធ្វើដំណើរ ឥឡូវនេះគឺមានមនុស្សស្ទើរតែពាក់កណ្តាលទៅហើយ ដែលត្រូវបានគេដឹងថា មនុស្សទាំងអស់នោះបានប្រុងប្រៀបដើម្បីធ្វើដំណើរលើកដំបូងជាមួយនិងមហាលសេដ្ឋីរូបនេះ។