នៅក្នុងទម្រង់នៃការផ្លាស់ប្តូរ ដែលគេជឿជាក់ថា វាគឺជាទង្វេលដែលសក្តិសមបំផុតក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក។
បើយោងតាមការចុះផ្សាយពី Bloomberg កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនApple Inc. បានអនុម័តលើការទិញយកភាគហ៊ុនត្រឡប់មកវិញក្នុងចំនួនជាទឹកប្រាក់ប្រមាណ 110 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
ប្រសិនបើយើងក្រឡែកទៅមើល ការដឹកនាំរបស់នាយកប្រតិបត្តិរបស់ Apple វាហាក់ដូចជាស្រដៀងទៅនឹងកំណែទម្រង់របស់ស្ថាបនិក Alibaba លោក Jack Ma ដូច្នោះដែរ។ ដូចដែលសារព័ត៌មានរបស់យើងខ្ញុំចុះផ្សាយកាលពីថ្ងៃទី ០៤ ខែមេសា បាននិយាយថា លោក Jack Ma បានប្រកាសទិញភាគហ៊ុនរបស់ខ្លួនដែលនៅសហរដ្ឋអាមេរិកទាំងអស់ត្រឡប់មកវិញ ដើម្បីឲ្យភាគហ៊ុនរបស់ខ្លួនមានតម្លៃឡើងវិញ។
បើទោះជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាការអារម្មណ៍ពីក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ ផ្ទុយទៅវិញបើយោងតាមការរៀបរាប់ពីលោក Steve Sosnick ដែលប្រធានអ្នកយុទ្ធសាស្រ្តនៅ Interactive Brokers LLC លោកបានលើកឡើងថា ការប្រកាសទិញរបស់ Apple វាគឺជាចំនួនមួយដែលច្រើនលើសលប់ យើងអាចនិយាយបានថា វាគឺជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់អាមេរិក។
លោកបាននិយាយបន្តទៀតថា “ក្រុមហ៊ុន Apple ប្រហែលជាកំពុងទទួលស្គាល់ថា ពួកគេកំពុងក្លាយជាម្ចាស់ភាគហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដោយពួកគេចង់ឲ្យម្ចាស់ភាគហ៊ុនទាំងអស់បានដឹងថា ភាគហ៊ុនរបស់ Apple គឺពិតជាមានតម្លៃខ្ពស់ ហើយក៏ជាក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ ដោយសារតែពួកគេអាចពង្រីកទីផ្សារបស់ខ្លួនបានយ៉ាងល្អប្រសើ គឺមិនចាំបាច់ពឹងផ្អែកលើការបណ្តាក់ទុនរបស់នរណាម្នាក់ឡើយ។
ក្រុមហ៊ុន Apple ត្រូវបានអ្នកជំនាញរបស់ Bloomberg បានធ្វើការវាយតម្លៃទៀតថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះ គឺជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់ ជាពិសេសគឺលើការប្រកាសទិញយកភាគត្រឡប់មកវិញ ដោយក្នុងនោះអ្នកជំនាញបានមើលឃើញទៀតថា Apple គឺជាអ្នកដែលហ៊ានទិញហ៊ុនមកវិញធំជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនធំៗទាំង 10 របស់អាមេរិកថែមទៀតផង។
ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៍ពីលទ្ធផលប្រចាំត្រីមាសក្រោយទីផ្សារកាលពីថ្ងៃព្រហស្បតិ៍នេះទៀតថា អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែលើសពីការរំពឹងទុករបស់វិនិយោគិន។ ក្រុមហ៊ុនបានបង្ហោះពីការលក់របស់ខ្លួន ដែលបង្ហាញថា វាគឺជាសញ្ញាវិជ្ជមាន ជារួមគឺវាមានលក្ខណៈល្អប្រសើរជាងការប៉ាន់ប្រមាណ។
Apple មិនត្រឹមតែធ្វើឲ្យម្ចាស់ភាគហ៊ុនទាំងអស់សប្បាយចិត្តជាមួយនឹងកំណើននៃប្រាក់ចំណូលនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែ Apple ក៏បានដំឡើងភាគលាភប្រចាំត្រីមាសរបស់ខ្លួនសម្រាប់ឆ្នាំទីដប់ពីរថែមទៀតផង។
គួរបញ្ជាក់ថា នៅក្នុងការជួញដូរចុងក្រោយនៃទីផ្សាភាគហ៊ុន Bloomberg បានរាយការណ៍បន្តថា ភាគហ៊ុនរបស់Appleបានកើនឡើងរហូតដល់ទៅ 7.9% ហើយការកើនឡើងនេះ វាក៏ជាសញ្ញាដែលបង្ហាញឲ្យយើងដឹងថា វាគឺជាការត្រលប់មកវិញដើម្បីជាការស្វាគមន៍សម្រាប់វិនិយោគិន Apple ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានពន្យារពេលក្នុងការបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ខ្លួននៅក្នុងឆ្នាំនេះផងដែរ។