តាមរយៈទីក្រុង ហ្សាការតាកាលពីចុងខែមេសា ឆ្នាំ 2024 បានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Microsoft បានប្រកាសថា ខ្លួននឹងវិនិយោគជាទឹកប្រាក់ប្រមាណ 1.7 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល 4 ឆ្នាំខាងមុខ គឺដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ថ្មីរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាមិញបើយោងទៅតាមគេហទំព័រផ្លូវការរបស់ Microsoft ផ្ទាល់តែម្តង ពួកគេបានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនចង់ផ្តល់ឪកាស និងបង្ហាញពីការគាំទ្រដល់សមាជិកអាស៊ានមួយ ដែលកំពុងតែលេចធ្លោស្ទើគ្រប់វិស័យ ហើយប្រទេសមួយនោះគឺជាឥណ្ឌូនេស៊ី។
ផ្នត់គំនិតនៃការរួបរួមគ្នា ក៏ដូចជាការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី គឺធ្វើយ៉ាងណាដើម្បីសម្រេចបាននូវចក្ខុវិស័យ Golden Indonesia 2045។ ហើយមហិច្ចតាមួយនេះផងដែរ វាគឺការផ្តើមចេញ ដើម្បីឈានទៅរកគោលដៅដ៏ធំមួយទៀត នោះគឺទទួលបានឈ្មោះជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងអាស៊ី។
សម្រាប់ទិសដៅនៃប្រទេសដែលអភិវឌ្ឍន៍ គឺពួកគេត្រូវតែធ្វើឲ្យប្រទេសខ្លួនសម្បូរដោយធនធានមនុស្សជាមុនសិន យ៉ាងណាមិញ ចំពោះការមកដល់នៃក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Microsoft វាក៏ជាការអនុញ្ញាតិដ៏ធំមួយដើម្បីឲ្យ ប្រជាជនរបស់ឥណ្ឌូនេស៊ីអាចទទួលបាននៅឪកាស ក៏ដូចជាជំនាញថ្មីបន្ថែមទៀត ជាពិសេសគឺជំនាញ AI ។
បើយោងតាមការរៀបរាប់ពី លោក Satya Nadella ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយថា “AI ជំនាន់ថ្មីមួយនេះ កំពុងតែចូលទៅផ្លាស់ប្តូររបៀបរស់នៅ និងការធ្វើការរបស់អ្នក ហើយក្នុងនោះ វាក៏មានការចូលរួមពីបុគ្គលិករបស់ម្ចាស់ផ្ទះយ៉ាងតិចក៏840,000 នាក់ផងដែរ។
គួរបញ្ជាក់ថា ចំពោះកិច្ចសហការរវាងប្រទេសឥណ្ឌូនេស៊ីជាមួយក្រុមហ៊ុន Microsoft លើ AI គឺពួកគេមានគោលបំណងនិងមហិចតាមិនសូវខុសគ្នាប៉ុន្មាននោះទេ។ ហេតុដូច្នេះហើយ សម្រាប់ការបណ្តាក់ទុនរបស់ Microsoft នៅក្នុងប្រទេសឥណ្ឌូនេស៊ីលើកនេះ ក៏ព្រោះតែប្រជាជនឥណ្ឌូនេស៊ីមានអ្វីដែលក្រុមហ៊ុនកំពុងតែត្រូវការ ហើយអ្វីទាំងនោះគឺជាការច្នៃប្រឌិតបែបឌីជីថលរបស់ជនជាតិមួយនេះតែម្តង។
លោក Dharma Simorangkir ប្រធាននាយកក្រុមហ៊ុន Microsoft នៅឥណ្ឌូនេស៊ី បាននិយាយថា “ការវិនិយោគរបស់យើង គឺយើងចង់កំណត់នូវព្រឹត្តិការណ៍ថ្មីមួយផ្សេងទៀតសម្រាប់ទិដ្ឋភាពឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី។ យើងមានបំណងផ្តល់សិទ្ធិអំណាចដល់ប្រជាជនឥណ្ឌូនេស៊ីជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងជំនាញដែលត្រូវការសម្រាប់យុគសម័យ AI ដែលស្របតាមចក្ខុវិស័យជាតិរបស់យើង។ ដើម្បីសម្រេចបាននូវភាពរីកចម្រើនខាងផ្នែកឌីជីថល ជំហានដំបូងដ៏សំខាន់ គឺយើងត្រូវធ្វើឲ្យប្រទេសឥណ្ឌូនេស៊ី ក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ទេពកោសល្យឌីជីថល និងការច្នៃប្រឌិតឲ្យខ្លាំងជាមុនសិន។
គួររំឮកថា ក្រុមហ៊ុន Microsoft បានផ្តល់ឱកាសជំនាញ AI ដំបូងដល់ប្រជាជនឥណ្ឌូនេស៊ី ក៏ព្រោះតែឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែល រីកលូតលាស់លឿនជាងគេបំផុត នៅក្នុងតំបន់ ជាមួយនឹងការកើនឡើងប្រមាណ 31 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៃចំនួនអ្នកអភិវឌ្ឍន៍នៅលើ GitHub។ លើសពីនេះទៅទៀតក្រុមហ៊ុន Microsoft បានមើលឃើញទៀតថា កំណើននៃចំនេះដឹងរបស់ប្រជាជននៅក្នុងប្រទេសមួយនេះគឺមានសន្ទុះខ្ពស់ជាងប្រទេសផ្សេងទៀតក្នុងចំណោមសមាជិកអាស៊ី ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយកប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលតែងតែបង្កើនផលិតភាពរបស់ខ្លួនជានិច្ច ហើយជាពិសេសពួកគេមានគោលបំណងធំតែមួយគត់គឺចង់ពន្លឿនការច្នៃប្រឌិត ដោយប្រើដំណោះស្រាយ AI-powered របស់ Microsoft ។