ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្នើសុំសភាឱ្យទទួលស្គាល់ស្ថានភាពនៃគ្រោះមហន្តរាយជាសាធារណៈសម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៥ នាក់នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងបំផុតរបស់ប្រទេស។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៦ ខែឧសភា បានឲ្យដឹងថា អាជ្ញាធរការពារជនស៊ីវិលរបស់ប្រទេសប្រេស៊ីលបានប្រកាសថា នៅពេលនេះក្នុងរដ្ឋរបស់យើងគឺមានមនុស្សច្រើនជាង 130 នាក់ទៅទៀតបានបាត់ខ្លួន គឺបន្ទាប់ពីទឹកជំនន់បានកើតឡើងភ្លាមៗ ដែលមានផលប៉ះពាល់ជាង 2 ភាគ 3 នៃទីក្រុងជិត 500 ក្នុងរដ្ឋ ដែលបណ្តាលឱ្យមនុស្សប្រហែល 150,000 នាក់ត្រូវជម្លៀសចេញ។
ទឹកជំនន់ដែលបង្ករឡើងដោយសារទឹកភ្លៀងវាបានបំផ្លាញផ្លូវថ្នល់ និងស្ពាននៅក្នុងទីក្រុងជាច្រើនកន្លែង ហើយវាក៏បានបង្កឱ្យមានការបាក់ដីថែមទៀតផង។
បច្ចុប្បន្នខាងរាជរដ្ឋាភិបាល បានចាត់វិធានការដំបូងដោយស្នើឱ្យសភាប្រកាសពីគ្រោះមហន្តរាយជាសាធារណៈនៅក្នុងរដ្ឋ ដោយក្នុងនោះលោកក៏បានស្នើឲ្យខាងសភាមិនចាំបាច់គោរពតាមចំនួនចំណាយដែលកំណត់ដោយច្បាប់សារពើពន្ធដែលត្រូវបានអនុម័តកាលពីឆ្នាំមុនថែមទៀតផង។
ការចំណាយ និងការលើកលែងពន្ធពាក់ព័ន្ធនឹងការស្តារឡើងវិញរបស់រដ្ឋក៏នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលសារពើពន្ធរបស់រដ្ឋាភិបាលក្រោមវិធានការនេះដូចគ្នា។
តែបើទោះជាយ៉ាងណាក៏ដោយ ការខូចខាតនៅក្នុងប្រទេសប្រេស៊ីលគឺយើងនៅមិនទាន់អាចគណនាបាននោះឡើយ លុះត្រាតែទឹកស្រកចុះជាមុនសិន ទើបយើងអាចឃើញពីទំហំដ៏ធំនៃការខូចខាតនៅក្នុងរដ្ឋ។