ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមរយៈការជិៈកប៉ាល់ដែលធំជាងគេនៅក្នុងពិភពលោក ដែលមានមូលដ្ឋាននៅក្នុងប្រទេសន័រវេស វាគឺមានឈ្មោះថា Royal Caribbean។ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៨ ខែឧសភា បានឲ្យដឹងថា ដោយសារតែកំណើននៃភ្ញៀវទេសចរណ៍ចេះតែកើនឡើងជារៀងរាល់ថ្ងៃ ក្រុមហ៊ុនក៏បានសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការនៅតាមកប៉ាល់ជាច្រើនពាន់នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីចំនួនអ្នកជិះទូកកម្សាន្តបានឈានដល់កំណត់ត្រាមួយនៅឆ្នាំ 2023 ការធ្វើដំណើរតាមកប៉ាល់វាបានក្លាយទៅជាការទេសចរណ៍មួយដែលល្អបំផុត សម្រាប់អ្នកដែលស្រលាញ់និងចូលចិត្តការធ្វើដំណើរតាមផ្លូវទឹក។ ម្យ៉ាងទៀត បើទោះបីជាកម្លាំងការងារតាមសមុទ្ររបស់ Royal Caribbean នៅចុងឆ្នាំ 2023 មានបុគ្គលិកសរុបប្រហែល 88,700 នាក់ក៏ពិតមែន តែវាក៏នៅតែមិនអាចបំពេញនូវតម្រូវដែលចេះតែមានការកើនឡើងនោះដែរ។
បើយោងតាមរយៈការរៀបរាប់ពីក្រុមប្រឹក្សាទេសចរណ៍ និងប្រតិបត្តិករកំពង់ផែដែលមកពីជុំវិញពិភពលោកបាននិយាយថា ក្រុមហ៊ុន Royal Caribbean កំពុងស្វែងរកការជួល ដោយពួកគេបានប្រកាសថា ខ្លួនគឺត្រូវការកម្មករនៅទូទាំងពិភពលោក ក្នុងចំនួនច្រើនជាង10,000 នាក់ទៅទៀត។
អ្នកនាំពាក្យម្នាក់បាននិយាយប្រាប់រ៉យទ័រថា៖ «យុទ្ធសាស្ត្រជ្រើសរើសបុគ្គលិក គឺយើងធ្វើតាមយុទ្ធសាស្ត្រអាជីវកម្មនៃកំណើនសមត្ថភាពកម្រិតមធ្យមតែប៉ុណ្ណោះ។ ពួកគេបានបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងជួលកម្មករជាង 10,000 នាក់នៅឆ្នាំ 2024 ខណៈដែលយើងនឹងនាំយកនូវនាវាថ្មីប្រហែលជា 3 គ្រឿង បន្ថែមទៀត។
ក្រុមហ៊ុន Royal Caribbean គឺជាក្រុមហ៊ុនទេសចរណ៍មួយ ដែលបានជួយមនុស្សរាប់ម៉ឺននាក់ទូទាំងពិភពលោកឲ្យមានការងារធ្វើ ជាមួយនឹងប្រាក់ចំណូលយ៉ាងសមរម្យ ហើយវាក៏ជាការងារដែលទទួលបានទាំងប្រាក់ខែ និងការធ្វើដំណើរកំសាន្តថែមទៀតផង។