ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងចាប់ផ្តើមផលិតនូវទូរស័ព្ទដៃស្មាតហ្វូនមួយប្រភេទដែលមានឈ្មោះថា Pixel នាពេលឆាប់ៗនេះ ពោលគឺសម្រាប់លក់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមប្រភពដែលដឹងពីការអភិវឌ្ឍន៍បាននិយាយប្រាប់ BBC កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។
ជាការពិតណាស់ក្រុមហ៊ុន Google មានគម្រោងផលិតទូរស័ព្ទមួយប្រភេទនេះ នៅក្នុងរោងចក្រ Foxconn ដែលមានស្រាប់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាជាយូយាណាស់មកហើយ។ តែអ្វីដែលក្រុមការងារ BBC ចាប់អារម្មណ៍ជាមួយព័ត៌មានមួយនេះកាន់តែខ្លាំងនោះ គឺដោយសារតែប្រភពដដែលខាងលើបាននិយាយទៀតថា ក្រុមហ៊ុន Google ក៏អាចនឹងធ្វើការផលិតយន្តហោះគ្មានមនុស្សបើកដោយឯករាជ្យនៅក្នុងរដ្ឋមួយនេះថែមទៀតផង។
គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសឥណ្ឌាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងដីគោកជាច្រើនលើកកន្លងមក ប្រទេសឥណ្ឌាបានចាប់ផ្តើមលេចចេញជាទិសដៅសំខាន់មួយ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីក្រៅប្រទេសចិនឲ្យកាន់តែច្រើន។ ម្យ៉ាងទៀតការស្វែងរកដៃគូរសហការថ្មីលើកនេះ វាហាក់ដូចជាអំណោយផលដល់ប្រទេសឥណ្ឌាព្រោះវាចំពេលដែលចិនកំពុងតែមានភាពតានខាងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសលោកខាងលិច។
យើងខ្ញុំសូមរំឮក កាលពីឆ្នាំមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ធ្លាប់បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបង្កើតស្មាតហ្វូន Pixel នៅក្នុងប្រទេសឥណ្ឌាម្តងរួចមកហើយ ដោយពួកគេនឹងចាប់ផ្តើមការលក់ជាមួយនឹងទូរស័ព្ទ Pixel 8។
Google តែងតែចាត់ទុកថា ប្រទេសឥណ្ឌាគឺជាទីផ្សារអាទិភាពមួយសម្រាប់ការលក់ទូរស័ព្ទដៃស្មាតហ្វូន Pixel របស់ខ្លួន ដោយក្នុងនោះខាងក្រុមហ៊ុនបានប្តេជ្ញាទៀតថា ខ្លួននឹងនាំយកនូវ Hardware ដ៏ល្អបំផុតរបស់ខ្លួន ក៏ដូចជាសមត្ថភាពផ្នែកខាងក្នុងយកមកតភ្ជាប់ជាមួយប្រជាជនឥណ្ឌាឲ្យកាន់តែទូលំទូលាយជាងមុនទៅទៀត។
យ៉ាងណាមិញបើយោងទៅប្រភពដែលបាននិយាយប្រាប់ BBC ថា ក្រុមហ៊ុន Google របស់ Alphabet នឹងផលិតស្មាតហ្វូន Pixel ជំនាន់កម្រិតខ្ពស់នៅឯរោងចក្រ Tamil Nadu នោះ មនុស្សមួយក្រុមនោះបានបញ្ជាក់ទៀតថា ពួកគេនឹងដំណើរការផលិតនៅក្នុងឆ្នាំនេះតែម្តង។ ហើយប្រភពដដែលនោះបាននិយាយបន្តថា Google និង Foxconn បានចុះកិច្ចសន្យារួចរាល់ហើយផងដែរ។
បច្ចុប្បន្ន Foxconn មានកន្លែងពីរនៅ Tamil Nadu គឺនៅកន្លែងមួយដែលនៅជិតទីក្រុង Chennai ដែលយើងអាចដឹងយ៉ាងច្បាស់ថា ទីតាំងនោះគឺជាទីតាំងសម្រាប់ដំឡើង iPhone របស់ Apple។
ការសម្រេចចិត្តរបស់ Google ក្នុងការផលិតទូរសព្ទ Pixel ក្នុងរដ្ឋ Tamil Nadu គឺដោយសារតែពួកគេបានដឹងច្បាស់ពីកម្រឹតជីវភាពរបស់ប្រជាជនឥណ្ឌា។ យ៉ាងណាមិញ ប្រសិនបើ Google គ្រាន់តែផលិតនូវទូរស័ព្ទស្មាតហ្វូនមួយដែលមានសមត្ថភាពមិនចាញ់ទូរស័ព្ទដែលមានតម្លៃថ្លៃដូចជា iPhone តែទន្ទឹមនឹងនោះ វាបែរជាមានតម្លៃទាបសមរម្យនោះ ប្រាកដណាស់Pixel ពិតសក្តិសមជាមួយនឹងទីផ្សានៅក្នុប្រទេសឥណ្ឌាខ្លាំងជាងគេ។