មានមនុស្សយ៉ាងតិច 16 នាក់បានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូនបានបោកបក់ចូលតំបន់ឆ្នេរនៃប្រទេសឥណ្ឌា និងភាគខាងត្បូងប្រទេសបង់ក្លាដែស។ តំបន់មួយចំនួនដូចជា កំពង់ផែ Mongla ប្រទេសបង់ក្លាដែស និងកោះ Sagar នៃ West Bengal ប្រទេសឥណ្ឌា គឺត្រូវបានវាយលុកដោយខ្យល់បក់បោកខ្លាំងក្នុងល្បឿន 110 គីឡូម៉ែត្រក្នុងមួយម៉ោង បូករួមទាំងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ វាក៏បានបង្កឱ្យតំបន់ទំនាបរងនូវការលិចទឹកលិចលង់យ៉ាងធ្ងន់ធ្ងរ។
បើយោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាជនប្រមាណ 8.4 លាននាក់ គឺបានរស់នៅក្នុងផ្លូវនៃការឆ្លងកាត់របស់ព្យុះស៊ីក្លូន រួមទាំងកុមារយ៉ាងហោចណាស់ចំនួន 3.6 លាននាក់។ នៅពេលនេះមនុស្សជិតមួយលាននាក់ត្រូវបានជម្លៀសចេញ ខណៈដែលព្យុះស៊ីក្លូន Remal បានបោកបក់មកលើដីកាលពីល្ងាចថ្ងៃអាទិត្យ។
បើយោងតាមរយៈរដ្ឋមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយរបស់ប្រទេសបង់ក្លាដែសវិញបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់នៅក្នុងព្យុះស៊ីក្លូន ហើយខ្លះទៀតបានស្លាប់ដោយសារលង់ទឹក និងខ្លះទៀតគឺស្លាប់ដោយសារតែផ្ទះបាក់រលំ។
គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែស គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំនោមប្រទេសដែលងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគឺការទទួលរងនូវរលកកំដៅ រហូតដល់មានទឹកជំនន់ជាដើម។
បច្ចុប្បន្នព្យុះស៊ីក្លូន Remal វាក៏កំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Bengal ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលអនុញ្ញាតឱ្យអាជ្ញាធរនៃប្រទេសទាំងពីររៀបចំសម្រាប់ការការពារនៃការមកដល់របស់ព្យុះមួយនេះផងដែរ។ ដោយក្នុងនោះខាងទីក្រុង Kolkata ដែលជារដ្ឋធានីនៃរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានតម្រូវឲ្យជើងហោះហើរជាង 50 ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ និងជើងហោះហើរផ្សេងទៀតត្រូវបានពន្យាពេលជាដើម។
គួររំឮកថា កាលពីក្នុងខែឧសភា ឆ្នាំ 2023 ឈូងសមុទ្រ Bengal ត្រូវបានវាយប្រហារដោយ ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតក្នុងតំបន់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាថែមទៀតផង។