តួលេខចុងក្រោយបំផុតដែលបានមកពីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសចិន បានបង្ហាញថា ការលក់ទូរស័ព្ទដៃប្រភេទស្មាតហ្វូននៅក្នុងប្រទេសរបស់ខ្លួនគឺបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះគឺមានជាប្រហែល 3.5 លានគ្រឿង វាគឺជាម៉ាកទូរស័ព្ទរបស់បរទេស នេះបើយោងតាមការគណនាពីក្រុមអ្នកជំនាញរបស់ Bloomberg កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ។
ទូរសព្ទដៃ iPhone ដែលភាគច្រើននៃឧបករណ៍បង្គុំគឺផលិតនៅក្នុងប្រទេសចិនក៏ពិតមែន តែបើទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលនៃប្រទេសចិនមិនបានគាំទ្រឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់នូវម៉ូឌែលទូរស័ព្ទមួយប្រភេទនេះដែរ។ យ៉ាងណាមិញ ចាប់តាំងពីមានការហាមឃាត់ដោយប្រធានាធិបតីចិន ដែលមិនអនុញ្ញាឲ្យបុគ្គលិកដែលបម្រើការក្នុងជួររាជរដ្ឋាភិបាលមិនឲ្យប្រើប្រាស់នូវទូរស័ព្ទដៃ iPhone ក៏ដូចជាបញ្ហាសេដ្ឋកិច្ចដែលបានញាំញីនៅក្នុងប្រទេសចិនកន្លងមកនោះ វាបានធ្វើឲ្យការលក់នូវទូរស័ព្ទ iPhone 15 នៅក្នុងប្រទេសចិនបានធ្លាក់ចុះជាគំហក់។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple មិនបានរាថយនោះឡើយ ហើយក្រុមហ៊ុនគឺតែងតែជុំរុញឲ្យមានតម្រូវការជានិច្ច ដោយពួកគេបានទាក់ទាញចិត្តអ្នកប្រើប្រាស់ ដោយធ្វើការបញ្ចុះតម្លៃ ជាហូរហែរ។ ដូចជាពាក្យចាស់មួយតែងពោលថា ការព្យាយាមរមែងនាំមកនូវជ័យជំនះ ការត្រលប់មកវិញរបស់ទូរស័ព្ទ iPhone វាកើតឡើងម្តងទៀត បន្ទាប់ពីវាបានចុះបញ្ជីកំណើននៅក្នុងខែមីនា ពោលគឺបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ។
Apple និងអ្នកលក់បន្តនៅចិនរបស់ខ្លួនគឺកំពុងតែបន្តការកាត់បន្ថយតម្លៃ ដោយយើងគិតត្រឹមដើមឆ្នាំ 2024 មក ហើយកិច្ចខិតខំប្រឹងប្រែងមួយនេះ វាក៏កំពុងតែហុចជាផ្លែផ្កាមកបណ្តើរៗផងដែរ បច្ចុប្បន្នប្រទេសចិនកំពុងតែរៀបសារទរនូវពិធីបុណ្យទិញទំនិញដ៏ធំមួយនាថ្ងៃទី 18 ខែមិថុនាខាងមុខនេះ។ ឪកាសមួយដែលក្រុមហ៊ុន Apple កំពុងតែសម្លឹងឃើញនោះ គឺធ្វើយ៉ាងណាមិនត្រូវឲ្យទូរស័ព្ទ iPhone បាត់បង់នូវចំណែកទីផ្សាដោយសារតែ Huawei នោះទេ។
បើយោងតាម អ្នកវិភាគ Steven Tseng និង Sean Chen បានសរសេរថា “ការធ្លាក់ចុះចំណែកទីផ្សាររបស់ iPhone របស់ប្រទេសចិនអាចនឹងមានស្ថេរភាពក្នុងពេលឆាប់ៗនេះ។ ការស្ទង់មតិចុងក្រោយរបស់យើងបានបង្ហាញពីការត្រលប់មកវិញរបស់ Apple ដោយក្នុងនោះទិន្ន័យបានបង្ហាញថា Apple វាគឺជាម៉ាកដ៏ល្បី ដែលតំណាងថា Apple គឺជាស្មាតហ្វូនដែលអតិថិជនចិនចូលចិត្តជាងគេបំផុត បើទោះជា Huawei ជាផលិតផលក្នុងស្រុកក៏ដោយ”។
ពួកគេបានសរសេរថា៖ «យើងជឿថាការបញ្ច្រាសផលប្រយោជន៍អ្នកប្រើអាចបណ្ដាលមកពីនិន្នាការបុព្វលាភក្នុងប្រទេសចិន»។ “ជាងពាក់កណ្តាលនៃអ្នកឆ្លើយតបការស្ទង់មតិនិយាយថា ពួកគេសុខចិត្តចំណាយច្រើនជាង 4,000 យន់ (550 ដុល្លារ) លើទូរស័ព្ទដែលខ្លួនពេញចិត្ត និងជាទីទុកចិត្ត។