ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះចំនួននៃការចូលទៅតាមដាន គណនី TikTok របស់អតីតប្រធានាធិបតីអាមេរិក ក៏ដូចជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានកើនឡើងរហូតដល់កទៅជាងមួយលាននាក់ឯណោះកាលពីថ្ងៃអាទិត្យ។
នៅខណៈពេលដែលរាល់បេក្ខជនប្រធានាធិបតីអាមេរិកទាំងអស់ កំពុងតែរង់ចាំការសម្រេចចិត្តពីអ្នកគាំទ្រនោះ តែលោក Donald Trump ហាក់ដូចជាមានប្រៀបលើលោក Joe Biden បន្តិច ពោលគឺបន្ទាប់ពីលោក Donald Trump បានព្យាយាមបង្កើនប្រជាប្រិយភាពរបស់ខ្លួនពីសំណាក់អ្នកលេង TikTok ជាពិសេសគឺស្របពេលដែល លោក Biden បានចុះហត្ថលេខាលើការហាមប្រាមកម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន 170 លាននាក់ ប្រសិនបើម្ចាស់ ByteDance របស់ចិនមិនព្រមលក់ឲ្យអាមេរិក។
គួរបញ្ជាក់ថា ByteDance កំពុងប្រឈមនៅក្នុងតុលាការចំពោះច្បាប់ដែលតម្រូវឱ្យខ្លួនលក់កម្មវិធី TikTok នៅខែមករាឆ្នាំក្រោយ។ តែបើទោះជាយ៉ាងនេះក្តីខាងក្រុមហ៊ុន TikTok បានអះអាងថា ខ្លួននឹងមិនលក់កម្មវិធីមួយនេះទៅឲ្យអាមេរិកជាដាច់ខាត ហើយម្យ៉ាងទៀតទៀត ខ្លួនក៏មិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលចិនដូចការចោទប្រកាន់របស់អាមេរិកនោះដែរ។
យ៉ាងណាមិញចំពោះការប៉ុនប៉ងរបស់លោក Trump ក្នុងការស្វែងរកសន្លឹកឆ្នោតពីប្រជាចិនដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក វាក៏នៅតែមិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។ បើយោងតាមការរៀបរាប់ពីអ្នកជំនាញរបស់ VOA បានលើកឡើងថា បច្ចុប្បន្ន លោក Trump មិនត្រឹមតែប្រឹងប្រែងលើតែបណ្តាញផ្សព្វផ្សាយនៃគណនី TikTok តែមួយមុខនោះទេ តែលោកក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សកម្មមួយផ្សេងទៀត ដែលជាក់ស្តែងគឺមានអ្នកតាមដានច្រើនជាង 87 លាននាក់ទៀតនោះ គឺជាគណី X ។ ទន្ទឹមនឹងនោះ លោក Trump ក៏មានប្រជាប្រិយភាពលើ Truth Social ផងដែរ ដោយក្នុងនោះលោកមានអ្នកចូលទៅតាមដានច្រើនជាង 7 លាននាក់ថែមទៀតផង ព្រោះថា រាល់វេទិការខាងលើនេះ លោក Trump តែងតែបង្ហោះស្ទើរជារៀងរាល់ថ្ងៃ។