វៀតណាម បានបញ្ជាក់ជាថ្មីថា អាមេរិក នូវតែជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជានិច្ច

មេដឹកនាំរបស់រៀតណាមបានអះអាងថា ចំពោះទំនាក់ទំនងកម្រិត “យុទ្ធសាស្ត្រ” ក្នុងរយៈពេលប្រាំពីរខែរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកកន្លងមកវាគឺនៅតែរឹងមាំជានិច្ច។ ការថ្លែងបែបនេះគឺបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំមួយបានធ្វើឡើងនៅក្នុងទីក្រុងហាណូយគឺរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និង លោក  Pham Minh Chinh នេះបើយោងតាមការចុះផ្សាយពី newsweek កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ដំណើរទស្សនៈកិច្ចរបស់មេដឹកនាំវិមានក្រឹមឡាំងក្នុងរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម គឺលោកមានគោលបំណងដើម្បីពង្រឹងទំនាក់ទំនងការទូត ខណៈពេលដែលប្រទេសរបស់ខ្លួនកំពុងតែមានភាពឯកោខាងផ្នែកសេដ្ឋកិច្ច។

គួររំលឹកថា ទីក្រុងមូស្គូធ្លាប់ធ្វើជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតសម្រាប់ទីក្រុងហាណូយ ហើយប្រទេសទាំងពីរក៏ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនទស្សវត្សកន្លងមកដែរ ដោយពេលនោះ-វៀតណាមខាងជើងគឺមាននិន្នាការងាកទៅរកសហភាពសូវៀត ដើម្បីប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកក្នុងសង្គ្រាមវៀតណាម។

យ៉ាងណាមិញបើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយនៅក្នុងស្រុកបានរាយការណ៍ថា ក្នុងកិច្ចសន្ទនាកាលពីថ្ងៃសុក្ររវាងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ដែលជាអ្នកការទូតកំពូលរបស់ប្រទេសអាស៊ីអាគ្នេយ៍បានថ្លែងអំណរគុណចំពោះក្រសួងការបរទេសសម្រាប់តួនាទីរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកាលពីឆ្នាំមុន។ លោក Son ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-អាមេរិកលើកដំបូងដែលបានធ្វើឡើងនៅទីក្រុង Washington, DC កាលពីខែមីនាថែមទៀតផង។

សហរដ្ឋអាមេរិក និងវៀតណាមបានចុះហត្ថលេខាលើទំនាក់ទំនងមិត្តភាពកាន់តែខ្លាំងឡើងក្នុងខែកញ្ញាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី គឺដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយតាំងពីលោកប្រធានាធិបតី Joe Biden បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមួយនេះមកម្ល៉េះ។

ប៉ុន្តែបើទោះជាយ៉ាងណាក្តី បន្ទាប់ពីវត្តមានរបស់លោកពូទីន នៅប្រទេសវៀតណាមបានបញ្ចប់ ខាងក្រសួងការបរទេសវៀតណាមបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយ ដោយពួកគេបានបញ្ជាក់ពីគោលជំហររបស់ខ្លួនចំពោះសហរដ្ឋអាមេរិកសាជាថ្មី ខណៈពេលដែលជំលោះដែនទឹកនៅសមុទ្រចិនខាងត្បូងកំពុងតែឡើងកម្តៅនោះ។  

យើងខ្ញុំសូមបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោក ពូទីន លើកនេះ គឺមិនមែនសម្រាប់តែមកទស្សនាប្រទេសវៀតណាមប៉ុណ្ណោះទេ តែមេដឹកនាំវិមានក្រឹមឡាំងរូបនេះក៏ទើបតែបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងដូចគ្នាដែរ។ ជាពិសេសក្នុងអំឡុងពេលនោះ លោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើ សន្ធិសញ្ញាថ្មីមួយផ្សេងទៀត ដោយជាការសន្យាផ្តល់ជំនួយយោធាឲ្យគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារដោយពួកលោកសេរី។

 ប្រទេសរុស្ស៊ី និងកូរ៉េខាងជើងពួកគេគឺជាប្រទេសជិតខាងមួយដែលមានទំនាក់ទំនងយ៉ាងរឹងមាំ និងកាន់តែស៊ីជម្រៅចាប់តាំងពីលោកពូទីន បានបើកការលុកលុយយ៉ាងពេញលក្ខណៈលើប្រទេសអ៊ុយក្រែន តាំងពីឆ្នាំ 2022 មកម្ល៉េះ។ ក្រុមការងាររបស់ newsweek បានឲ្យដឹងទៀតថា ទំនាក់ទំនងរបស់ពួកគេគឺត្រូវបានគេលាតត្រដាងជាមួយនឹងភស្តុតាងជាច្រើន ដែលអាចធ្វើឲ្យសហរដ្ឋអាមេរិកបានសន្មតថា កូរ៉េខាងជើងតែងតែផ្តល់នូវកាំជ្រួច និងកាំភ្លើងធំ ជាបន្តបន្ទាប់ដល់ប្រទេសរុស្ស៊ីជាហូរហែរ គឺដើម្បីគាំទ្រដល់ការវាយលុកលើអ៊ុយក្រែនរហូតដល់បច្ចុប្បន្នថែមទៀតផង។

Reporter:
scroll to top