មានទិន្នន័យមួយបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនកូរ៉េភាគច្រើនបានផ្លាស់ទីលំនៅពីទីក្រុងដើម្បីស្វែងរកជីវិតទីពីរនៅក្នុងសហគមន៍ជនបទ ឬសហគមន៍នេសាទវិញបន្ទាប់ពីខ្លួនចូលនិវត្តន៍។
បើយោងតាមការចុះផ្សាយពីកាសែត the Korean times កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងការស្រាវជ្រាវដែលរចេញផ្សាយដោយស្ថិតិកូរ៉េ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ និងក្រសួងមហាសមុទ្រ និងនេសាទ បានលើកឡើងថា ថ្វីត្បិតតែចំនួនប្រជាជនដែលបានផ្លាស់ទីលំនៅទៅរស់នៅជនបទ បានធ្លាក់ចុះជាងកាលពីឆ្នាំ ២០២៣ ក៏ពិតមែន តែចំនួនអ្នកប្តូរទីលំនៅគឺនៅតែកើតឡើងជាប្រចាំ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់ខ្លួន ខណៈដែលអតិផរណាកាន់តែមានការកើនឡើង។
ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះចំនួននៃអ្នកដែលចូលនិវត្តន៍ចាប់ផ្តើមសម្រុកផ្លាស់ទីលំនៅ បានកើនឡើងដំបូងនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ គឺក្នុងកំឡុងពេលដែលមានការរាតត្បាតនៃជំងឺ COVID-19 បានវាយលុកប្រទេស ខណៈដែលទីផ្សារការងារនៅតាមទីក្រុងនៅនឹងទ្រឹង។
ស្ថិតិរបស់ស្ថាប័នកូរ៉េខាងត្បូងបានពន្យល់ថា “រហូតមកដល់ពេលនេះ ចំនួនប្រជាជនដែលសម្រេចចិត្តធ្វើចំណាកស្រុកគឺភាគច្រើនដោយសារតែពួកគេគ្រប់អាយុចូលនិវត្តន៍” ។ ហើយចំពោះ”ការកើនឡើងថ្មីៗនៅក្នុងឆ្នាំនេះវិញ គឺដោយសារតែពួកគេចង់ផ្លាស់ប្តូរបរិយាកាសរស់នៅ ដោយជាការសម្រាកលំហែរនៅតំបន់ជនបទវិញម្តង”។
យ៉ាងណាមិញ ចំពោះនិន្នាការបែបនេះ វាហាក់ដូចជាប្រែប្រួលបន្តិច ព្រោះនៅក្នុងឆ្នាំ២០២៤នេះគេបានសង្កេតឃើញថា មនុស្សចាស់ដែលមានវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ គឺបានទៅរស់នៅជនបទប្រមាណជា ៤៦,៥ ភាគរយប៉ុណ្ណោះ ប៉ុន្តែ ទន្ទឹមនឹងនោះ គឺមានប្រហែលជា 52.9 អ្នកចូលនិវត្តន៍ទាំងនោះបានទៅរស់នៅក្នុងតំបន់នេសាទទៅវិញ។
បើយោងទៅតាមការរៀបរាប់ពីខាងមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសមួយនេះបានលើកឡើងថា ចំនួននៃអ្នកចូលនិវត្តន៍ដែលបានកើតក្នុងចន្លោះពីឆ្នាំ 1968 ដល់ 1974 ចិត្តគំនិតរបស់ពួកគេទាំងនោះភាគច្រើន គឺចង់ទៅរស់នៅតាមជនបទ ហើយនិន្នាការបែបនេះ វាត្រូវបានខាងក្រុមមន្ត្រីបានរំពឹងទុកទៀតថា ចំនួននៃការផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ជនបទគឺនៅតែបន្តកើតមានប្រសិនពួកគេនៅតែមានភាពធុញទ្រាន់នឹងជីវិតក្នុងទីក្រុង” ។