រថយន្តអគ្គិសនី (EVs) វាត្រូវបានគេនិយមទិញយកប្រើប្រាស់ គឺដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងដើម្បីសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នដែលត្រូវបានគេកំណត់ឡើងយ៉ាងយូបំផុតត្រឹមឆ្នាំ 2050 ហើយឧស្សាហកម្មមួយប្រភេទនេះវាក៏កំពុងតែក្លាយទៅជាទីផ្សាដែលមានការប្រកួតប្រជែងខ្លាំងផងដែរនាពេលបច្ចុបន្ន។
បើយោងទៅតាមការសិក្សារបស់ insideevs បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះគឺមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន 5 គឺកំពុងតែលេចធ្លោនៅក្នុងទីផ្សាពិភពលោក ចំពោះក្រុមហ៊ុនដែលជាប់ជាង Top 5 នោះរួមមាន៖
- BYD Group: ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន។
- Tesla: គឺជាក្រុមហ៊ុនរបស់មហាលសេដ្ឋីកំពូលនៅក្នុងពិភពលោកដោយយើងគិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ (Forbes)។
- Volvo ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ក្រុមហ៊ុន Geely Holding និងមានមូលដ្ឋាននៅក្នុងប្រទេស៊ុយអ៊ែត។
- VW ដែលឡានអគ្គិសនីរបស់ Volkswagen Group វាគឺមានទីស្នាក់ការកណ្តាលនៅទីក្រុង Wolfsburgរដ្ឋLower Saxony នៃប្រទេសអាល្លឺម៉ង់។
- ចុងក្រោយគេបង្អស់នោះគឺ SAIC ដែលរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយទៀតហើយ វាគឺមានមូលដ្ឋានស្ថិតក្នុងទីក្រុងសៀងហៃ។
បើយោងតាមអ្នកជំនាញរបស់ insideevs បានចាប់ផ្តើមធ្វើកំណត់សម្គាល់ថា កាលពីឆ្នាំ 2022 ការលក់រថយន្ត EV គឺមានចំនួនច្រើនជាង 10 លានគ្រឿង ឬស្មើរនឹង 9% ហើយលទ្ធផលមួយនេះផងដែរ វាពិតជាចំនួនមួយដែលខ្ពស់គួរសម ប្រសិនបើយើងធៀបកាលពីឆ្នាំ២០២១ ។
ដើម្បីជាផ្នែកមួយជួយដល់បរិស្ថាន និងដើម្បីបង្ហាញពីអំណាចនៃសាច់ប្រាក់ខ្លួន ជាការពិតណាស់ ចំនួននៃអ្នកប្រើប្រាស់រថយន្តអគ្គិសនីនិងកាន់តែមានការកើនឡើងនាថ្ងៃខាងមុខ។ យ៉ាងណាមិញក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ ដូចជាក្រុមហ៊ុន Volkswagen (VW) ទើបតែប្រកាសជាផ្លូវការថា ខ្លួនចំណាយទុនដើម្បីវិនិយោគលើវិស័យមួយនេះរហូតដល់ទៅ 5 ពាន់លានដុល្លារសហរដ្ឋអាមេរិក (£3.94bn) ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Rivian ។
គួរបញ្ជាក់ថា Rivian វាគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយ ដែលមានមូលដ្ឋាននៅក្នុង រដ្ឋ California សហរដ្ឋអាមេរិក។
បើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន bbc កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយដែលស្តីពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនយក្សផលិតរថយន្តអាល្លឺម៉ង់ និង Rivian គឺក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះមានលទ្ធភាពទៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla តែប៉ុណ្ណោះ។
យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសដំណឹងខាងលើនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Rivian ក៏បានកើនឡើងយ៉ាងឆាប់រហ័សគឺប្រហែល 50% ឯណោះ។
យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា នៅក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរខាងលើ ខាងក្រុមហ៊ុន VW បានគូសបញ្ជាក់ថា ខ្លួននឹងវិនិយោគដំបូងចំនួន $1 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអគ្គិសនី និងរថយន្ត SUV ហើយចំពោះទឹកប្រាក់ 4 ពាន់លានដុល្លាទៀត ពួកគេនឹងដាក់ចូលទៅក្នុងក្រុមហ៊ុនទាំងអស់តែម្តងគឺនៅប៉ុន្មានឆ្នាំខាងមុខនេះ។
គួររំលឹកថា ថ្វីត្បិតតែក្រុមហ៊ុន Rivian ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៩ ក៏ពិតមែន ប៉ុន្តែធាតុពិតនៅក្នុងឆមាសទី១នៃឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនរបស់អាមេរិកមួយនេះនូវតែមិនទាន់អាចទទួលបាននូវប្រាក់ចំណេញឡើយ។ ក្រុមការងាររបស់ BBC បាននិយាយទៀតថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ 2024 ក្រុមហ៊ុន Rivian បានខាតបង់ជាងទឹកប្រាក់ប្រមាណ 1.5 ពាន់លានដុល្លារថែមទៀតផង។
ការដណ្តើមយកនៃចំនែកទីផ្សារថយន្តអគ្គិសនី VW គឺកំពុងតែស្ថិតនៅក្រោមសម្ពាធពីគូប្រជែងដូចជា Tesla និង BYD ខ្លាំងជាងគេ ហេតុដូច្នេះហើយការជ្រើសរើសយកក្រុមហ៊ុនផ្សេងមួយទៀតមកធ្វើជាដៃគូសហការ គឺពួកគេសង្ឈឹមថា Rivian នឹងអាចជួយកាត់បន្ថយឥទ្ធិពលរបស់ Tesla បានមួយកម្រឹតផងដែរ។