Skytrax គឺជាអង្គភាពវាយតម្លៃ និងកែលម្អគុណភាពសេវាកម្មអាកាសចរណ៍ ក៏ដូចជាអាកាសយានដ្ឋានទាំងអស់នៅក្នុងពិភពលោក។ Skytrax ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1989 ហើយវាគឺមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស។
ជាមួយនឹងមូលដ្ឋាននៃចំណេះខាងផ្នែកហោះហើរ អង្គភាពមួយនេះគឺមានតួនាទីសង្កេតនិងតាមដានរាល់គុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជានិច្ច ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យអ្នកធ្វើដំណើរទាំងអស់កាន់តែមានភាពងាយស្រួល និងមានសុវត្តិភាព។
បទពិសោធន៍ក្នុងចំណោមការចែករំលែកជាច្រើនពី Skytrax វាត្រូវបានអ្នកនិពន្ធរបស់ CNN លើកយកមកសរសេររៀបរាប់ថា ការហោះហើរមួយដែលធ្វើការឆ្លងកាត់ផ្ទៃមេឃដ៏ធំល្វឹងល្វើយ ជាពិសេសគឺក្នុងរយៈកម្ពស់ប្រមាណ 40,000 ហ្វីតនោះ វាត្រូវតែមានអ្នកជំនាញ និងមានបទពិសោធន៍នៅទីនោះគ្រប់ពេលវេលា។
យ៉ាងណាមិញ ប្រសិនបើយើងនិយាយពីការវាយតម្លៃលើគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកនាឆ្នាំ ២០២៤ វិញនោះ Skytrax បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ថា Qatar Airways វាគឺជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសដែលល្អជាគេបំផុតនៅក្នុងពិភពលោក។
គួរបញ្ជាក់ថា Qatar Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលធំជាងគេបង្អស់របស់ប្រទេសកាតា ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះគឺមានបុគ្គលិកសរុបច្រើនជាង 43,000 នាក់ទៅទៀត។ Qatar Airways មិនមែនជាក្រុមហ៊ុនអាកាសចរណ៍ដែលទើបតែទទួលបាននូវពានរង្វាន់ Skytrax Awards ក្នុងឆ្នាំនេះប៉ុណ្ណោះទេ តែវាគឺជាលើកទី៨ហើយដែលក្រុមហ៊ុនដដែលនេះបានទទួលចំណាត់ដែលល្អជាងគេបំផុតពី Skytrax។
Qatar Airways វាគឺជាក្រុមហ៊ុនអាកាសចរណ៍មួយដែលមាន យន្តហោះសរុបប្រមាណ 230 គ្រឿង ហើយរាល់យន្តហោះនីមួយៗរបស់ក្រុមហ៊ុននេះវិញគឺមានចាប់ពីហោះប្រភេទ A380 superjumbos យ៉ាងតិចក៏ចំនួន 10 គ្រឿង បន្ទាប់មកយន្តហោះ Boeing 777-300ERs, Boeing 787-8s និង 787-9s, Airbus A350-900s និង A350-1000s បូករួមទាំងយន្តហោះតូចៗជាច្រើនទៀតដែលសុទ្ធសឹងជាយន្តហោះស៊េរីថ្មីនិងទំនើបៗ។
ចំពោះការវាយតម្លៃរបស់ Skytrax បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ នេះគឺមាន ក្រុមហ៊ុនអាកាសចរណ៍កំពូលរហូតដល់ទៅ 20 ទូទាំងពិភពលោក ដោយក្នុងនោះរួមមាន៖
1. Qatar Airways
2. Singapore Airlines
3. Emirates
4. ANA All Nippon Airways
5. Cathay Pacific
6. Japan Airlines
7. Turkish Airlines
8. EVA Air
9. Air France
10. Swiss International Air Lines
11. Korean Air
12. Hainan Air Lines
13. British Airways
14. Fiji Airways
15. Iberia
16. Vistara
17. Virgin Atlantic
18. Lufthansa
19. Etihad Airways
20. Saudi Arabian Airlines