ភ្លៀងធ្លាក់ឥតឈប់ឈរវាបានបង្ករមានទឹកជំនន់ទូទាំងខេត្តទេសចរណ៍ដ៏ធំមួយនៅក្នុងប្រទេសថៃ ហើយវាក៏បានរារាំងដល់ការហោះហើរជាច្រើនជើងត្រូវបានពន្យា និងផ្អាកទូទាំងអាកាសយានដ្ឋានភូកេតទាំងអស់ ដោយយើងគិតចាប់ពីម៉ោង ៧ ព្រឹកកន្លងមក។
បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ជើងហោះហើរមួយចំនួនធំក្នុងខេត្តភូកេត ត្រូវបានគេបង្វែរទៅកាន់អាកាសយានដ្ឋានផ្សេងជំនួសវិញ តួរយ៉ាងដូចជាអាកាសយានដ្ឋានដុនមឿង និងសុវណ្ណភូមិ ជាដើម គឺក្រោមហេតុផលមួយថា អាកាសយានិក មិនអាចមើលឃើញ ផ្លូវរត់ ។
គួររំលឹកថា បន្ទាប់ពីខេត្តភូកេត បានទទួលរងនូវភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នាកន្លងមក ខេត្តមួយនេះក៏បានរងនូវការលិចលង់។ បើយោងតាមការបញ្ជាក់ពីមន្ត្រីប្រចាំការនៅអាកាសយាន្តភូកេតបាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ទឹកភ្លៀងវាបានធ្វើឲ្យទីធ្លាមួយចំនួនធំនៅក្នុងព្រលានយន្តហោះបានលិច តែក៏មិនធ្ងន់ធ្ងរនោះដែរ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ដើម្បីជាសុវត្តិភាព ក្រុមការងារទាំងអស់របស់យើងបានសម្រេចចិត្តថា យើងនិងបង្វែរការហោះហើរទៅកាន់អាកាសយាន្តផ្សេងបណ្តោះសន្នសិន រហូតដល់ស្ថានភាពបានធូស្បើយទើបយើង គិតគូរពីការហោះហើរឡើងមកវិញ។
យើងខ្ញុំសូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃវាបានបង្ករឲ្យមានទឹកជំនន់បានកើតឡើងពាសពេញទាំងខេត្តភូកេតតែម្តង ម្យ៉ាងទៀតនៅក្នុងតំបន់មួយចំនួនដូចជា ភាគខាងជើងនៃកោះ ស្រុកថាឡាង គឺបានលិចជ្រៅជាងគេ។ បើយោងតាមការព្យាការណ៍ពីក្រុមមន្ត្រីឧត្តុនិយមរបស់ប្រទេសថៃ បាននិយាយថា កម្រឹតនៃទឹកភ្លៀងវាអាចនឹងថយចុះនៅថ្ងៃច័ន្ទសប្តាហ៍នេះ។