យុវជនរបស់ប្រទេសចិនជាច្រើនកំពុងតែសម្រុកសន្សំប្រាក់របស់ពួកគេយ៉ាងក្លៀវក្លាណ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
បើយោងតាមរយៈគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដែលសរសេរឡើងវិញដោយក្រុមអ្នកសង្កេតការណ៍របស់ CNBC បានឲ្យដឹងថា យុវជនចិននាពេលបច្ចុប្បន្ននេះ គឺពួកគេបានកំណត់គោលដៅសន្សំប្រចាំខែរបស់ខ្លួនយ៉ាងខ្លាំងក្លា។
យ៉ាងណាមិនបើយោងតាមមួយក្នុងចំណោមពួកគេទាំងអស់ គឺត្រូវបានក្រុមការងាររបស់ CNBC ធ្វើការដកស្រង់សម្តីរបស់នារីម្នាក់ដែលមានវ័យ 26 ឆ្នាំ នាងមានឈ្មោះនៅលើគណនី Ticktok ថា ‘Little Zhai Zhai’ នាងបាននិយាយប្រាប់ពីគោលបំណងរបស់នាង និងមិត្តភក្តិរបស់នាងថា នាពេលឥឡូវនេះគឺពួកយើងកំពុងតែរៀបចំផែនការមួយ គឺធ្វើយ៉ាងណាក៏ដោយឲ្យតែពួកយើងអាចសន្សំប្រាក់បានយ៉ាងតិចបំផុតក៏ 300 យ័ន(41.28 ដុល្លារ) ក្នុងមួយខែដែរ។ ដើម្បីសម្រេចបាននូវគោលដៅ ពួកយើងបានចាប់ផ្តើមដោយការកាត់បន្ថយចំណាយលើការជួបជុំមិត្តភក្តិ ការធ្វើដំណើរកំសាន្ត មិនចំណាយលើរបស់របរណាដែលមិនចាំបាច់ ជាពិសេសគឺពួកយើងមិនចំនាយលើការញាំនៅតាមហាងនោះទេ ពួកយើងត្រូវតែអនុវត្តន៍នៅការសន្សំសំចៃលើអាហារប្រចាំថ្ងៃឲ្យបានតិចបំផុត គឺត្រឹមតែគ្រប់គ្រាន់សម្រាប់រាងកាយគឺជាការស្រេច។
ក្រុមការងាររបស់ CNBC បានរកឃើញទៀតថា បរិយាបថរបស់មនុស្សភាគច្រើននៅក្នុងប្រទេសចិន គឺមិនមែនមានតែក្រុមយុវជនដែលរស់នៅដោយភាពសន្សំសំចៃនោះទេ ក្នុងនោះគឺមានទាំងមនុស្សចាស់ផងដែរ ហើយពួកគេទាំងនោះបានបង្ហើបថា ចំពោះចំណីអាហារដែលខ្លួនអាចចំណាយបានលុះត្រាតែវាមានសុវត្តិភាព និង មានតម្លៃថោកសមរម្យតែប៉ុណ្ណោះ។
បើយោងតាមការរៀបរាប់ពីលោក Shaun Rein នាយកគ្រប់គ្រងនៃក្រុមស្រាវជ្រាវទីផ្សាររបស់ប្រទេសចិនបាននិយាយថា ”យុវជនចិនមានចិត្តគំនិតសន្សំប្រាក់ដើម្បីជាការសងសឹក” ។ លោក Shaun Rein បាននិយាយប្រាប់ CNBC ថា ”យុវជននាពេលបច្ចុប្បន្ននេះ គឺមិនដូចយុវជនក្នុងទសវត្សរ៍ឆ្នាំ 2010 នោះទេ។
លោកបានបន្តទៀតថា កាលពីក្នុងចន្លោះឆ្នាំ 2010 ដល់ឆ្នាំ 2019 ជារឿយៗពួកគេតែងតែចំណាយច្រើនទៅតាមលទ្ធភាពខ្លួនដែលខ្លួនអាចរកបាន មិនត្រឹមតែប៉ុណ្ណោះពួកគេក៏ហ៊ានប្រើ Credit Card ដើម្បីទិញរបស់របរប្រណិតដូចជាកាបូបប្រណិតដូចជា Gucci Dior ទូរស័ព្ទដៃ Apple iPhone ថែមទៀតផង ព្រោះថាកាលនោះពួកគេមិនញញើតនិងការចំណាយនោះទេ ដោយសារតែខ្លួនមានចំណូលជាប្រចាំនិងទៀងទាត់។ ប៉ុន្តែបន្ទាប់ពីមានជំងឺរាតត្បាតកូវីដ ១៩ មកយុវជនជនជាតិចិនបានចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិត គឺចង់តែសន្សំប្រាក់កាន់តែច្រើនឡើងៗតែមួយគត់” ។
ហេតុអ្វីបានជាគេនិយាយថា ការសន្សំសំចៃរបស់យុវជនចិនវាគឺជាការសងសឹកខាងផ្នែកសេដ្ឋកិច្ច?
បើយោងតាមការរៀបរាប់ពីលោក Christopher Beddor នាយករងផ្នែកស្រាវជ្រាវរបស់ប្រទេសចិននៅក្រុមហ៊ុន Gavekal Dragonomics បាននិយាយថា ”មនុស្សវ័យចិននាពេលនេះគឺពួកគេភាគច្រើនមានគោលបំណងដូចគ្នា និងប្រហាក់ប្រហែលគ្នា។
គួរបញ្ជាក់ថា ចំពោះប្រាក់បញ្ញើលុយយ័ន (RMB) ជាសរុបនៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2024 នៅក្នុងប្រទេសចិន គឺមានកំណើនប្រមាណជា 11.8% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះពីធនាគារប្រជាជននៃប្រទេសចិន នៅក្នុងសេដ្ឋកិច្ចមួយប្រសិនបើការសន្សំបានកើនឡើង នោះការនិយោគនិងធ្លាក់ចុះ។
អ្នកជំនាញរូបនោះបាននិយាយប្រាប់ CNBC ថា នៅក្នុងទីផ្សាមួយដែលជួបនៅការចំណាយដ៏តឹងតែងពីក្រុមយុវវ័យ វាមិនមែនជាផលល្អដល់សេដ្ឋកិច្ចនោះទេ។
ទំនិញដែលប្រណិតនិងមានតម្លៃថ្លៃតួរយ៉ាងដូចជាផលិតផលរបស់ LVMH និង Apple វាសុទ្ធសឹងតែជាផលិតផលរបស់អឺរ៉ុបនិង អាមេរិក ហើយប្រសិនបើទំនិញរបស់ពួកគេទាំងនោះគ្មានការគាំទ្រពីជនជាតិចិន នោះហើយវាអ្វីដែលការហៅថា ការសងសឹកខាងផ្នែកសេដ្ឋកិច្ច។