ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាមិនមានសិទ្ធិអនុវត្ត ឬ អភិវឌ្ឍន៍ណាមួយឡើយ ប្រសិនទីនោះវាគឺជាតំបន់ដែលចិនហៅថា ទីបេខាងត្បូងនោះ។
ការឆ្លើយតបរបស់ក្រសួងការបរទេសចិនបានកើតឡើង នៅមួយថ្ងៃបន្ទាប់ពី ទីភ្នាក់ងាររបស់ Reuters បានលើកឡើងថា ទីក្រុងញូវដែលី នាពេលនេះគឺកំពុងតែពន្លឿនគម្រោងវារីអគ្គីសនីនៅក្នុងរដ្ឋដែលជាប់ជាមួយព្រំដែនរបស់ចិន ហើយគម្រោងដ៏ធំមួយនេះ រដ្ឋាភិបាលរបស់ឥណ្ឌាគ្រោងនឹងចំណាយជាទឹកប្រាក់ប្រមាណជា ១ ពាន់លានដុល្លារ។
បើយោងទៅតាមការរៀបរាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ”ទីបេខាងត្បូងវាគឺជាទឹកដីរបស់ប្រទេសចិនតែម្នាក់គត់” ។ ហេតុដូច្នេះហើយប្រទេសឥណ្ឌាមិនមានសិទ្ធិណាមួយដើម្បីអភិវឌ្ឍន៍តំបន់ខាងលើនេះជាដាច់ខាត។
តែបើទោះជាការប្រកាសមួយនេះបានរងនូវប្រតិកម្មពីចិនយ៉ាងណាក្តី តែក្នុងនោះខាងក្រសួងការបរទេសឥណ្ឌាមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ចិននោះឡើយ។
តាមពិតទៅចំពោះតំបន់ហិម៉ាឡៃយ៉ានដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា វាគឺជារដ្ឋមួយដែលដាច់ស្រយ៉ាលជាងគេ តែទន្ទឹមនឹងនោះ ចិនតែងតែនិយាយថា វាគឺជាផ្នែកមួយនៃភាគខាងត្បូងរបស់ទីបេ មិនត្រឹមតែប៉ុនណ្ណោះចិនបានជំទាស់ម្តងហើយម្តងទៀតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌាថែមទៀតផង។
គួររំលឹកថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបសមភាគីចិន លោក Wang Yi នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាកន្លែងសម្រាប់អ្នកទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បី ដោះស្រាយបញ្ហា នៅតាមព្រំដែនរបស់ពួកគេផងដែរ តែដោយឡែក អ្វីៗគឺនៅមិនទាន់មានអ្វីដែលច្បាស់លាស់នៅឡើយ។