រថយន្តក្រុងចំនួនពីរគ្រឿងដែលបានដឹកអ្នកដំណើរជាង 60 នាក់ ត្រូវបានរអិលចូលទៅក្នុងទន្លេ ខណៈដែលមេឃកំពុងតែភ្លៀងខ្លាំង។
បើយោងតាមការចុះផ្សាយពី Aljazeera កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា នៅក្នុងកំឡុងពេលមេឃភ្លៀងខ្លាំង វាក៏បានបង្ករឲ្យមានការរអិលបាក់ដី ជាពិសេសគឺក្នុងតំបន់តែស្ថិតនៅតាមបណ្តោយដងទន្លេ។ យ៉ាងណាមិញ ចំពោះរថយន្តក្រុងទាំងពីរគ្រឿងខាងលើ គឺបានជួបនិងគ្រោះថ្នាក់ នៅពេលដែលពួកគេបានបើកបរលើផ្លូវជាតិដូចគ្នាតែជាអកុសល នៅពេលដែលរថយន្តបានធ្វើដំណើរមកដល់ផ្លូវជាតិមួយដែលស្ថិតនៅតាមបណ្តោយទន្លេ ដីនៅទីនោះក៏បានបាក់ស្រុត ហើយវាក៏ធ្វើឲ្យរថយន្តក្រុងធ្លាក់ចូលទៅក្នុងទឹក។
ប្រភពខាងលើបានឲ្យដឹងទៀតថា ចំពោះរថយន្តទីមួយគឺមនុស្សសរុបចំនួន 41 នាក់ ដោយពួកគេបានធ្វើដំណើរចេញពី Kathmandu ទៅ Gaur ខណៈដែលទីពីរធ្វើដំណើរពី Birgunj ទៅកាន់ Kathmandu ហើយក្នុងនោះគឺមានអ្នកដំណើរ 24 នាក់។
បច្ចុប្បន្នខាងអាជ្ញាធររបស់ប្រទេសនេប៉ាល់ បានរកឃើញមនុស្សត្រឹមតែ ៣ នាក់ប៉ុណ្ណោះ គឺដោយសារតែពួកគេអាចហែលទឹកដើម្បីស្វែងរកកន្លែងមានសុវត្តិភាពដើម្បីរង់ចាំអ្នកឆ្លងកាត់។ តែទន្ទឹមនឹងនោះមានមនុស្សជាច្រើនទៀតបានបន្តបាត់ខ្លួន ហើយក្រុមការងារសង្គ្រោះបន្ទាន់កំពុងតែព្យាយាមស្វែងរក។ គួរបញ្ជាក់ថា នៅក្នុងរដូវមូសុងដែលចាប់ផ្តើមនៅខែមិថុនា និងបញ្ចប់ក្នុងខែកញ្ញា វានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសនេប៉ាល់ខ្លាំងជាងគេ ហើយជារឿយៗវាក៏បង្កឱ្យមានការបាក់ដីនៅក្នុងប្រទេសមួយនេះជាញឹកញាប់។ ម្យ៉ាងទៀតចំពោះបាតុភូតមួយនេះភាគច្រើន គឺតែងតែកើតនៅតំបន់ទឹកដែលមានគ្របដណ្តប់ទៅដោយភ្នំ។