នៅពេលដែលក្រុមនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្តើមបើករោងចក្រនៅក្នុងអាស៊ីអាគ្នេយ៍ដំបូងគេរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីដើមខែនេះ ក្រុមការងាររបស់រ៉យទ័របានសង្កេតឃើញថា ប្រជាជនថៃប្រមាណ 66 លាននាក់ បានងាកមកចាប់អារម្មណ៍មកលើរថយន្តមួយប្រភេទនេះយ៉ាងខ្លាំង ហើយពួកគេទាំងនោះបានការកោតសរសើរចំពោះចក្ខុវិស័យឧស្សាហកម្មខាងលើនេះថែមទៀតផង។
ខណៈដែលរថយន្តអគ្គិសនី BYD កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្ពស់ តែទន្ទឹមនឹងនោះវាក៏មានក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយទៀតគឺ Suzuki Motor បានប្រកាសថា ខ្លួននឹងបិទរោងចក្រនៅក្នុងប្រទេសថៃទៅវិញ។ ការផ្លាស់ប្តូរនៃនិន្នាការរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនលើកនេះ គឺបានឆ្លុះបញ្ចាំងថា ការដណ្តើមយកទីផ្សារបស់ចិននៅក្នុងបណ្តាលប្រទេសអាស៊ានគឺពិតជាងាយស្រួល ព្រោះថាជប៉ុនពិតជាមិនអាចប្រជែងជាមួយនឹងទំនិញដែលមានតម្លៃថោកដូចជារបស់ចិនបាននោះឡើយ។
គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការរបស់រ៉យទ័របានរកឃើញថា នៅក្នុងប្រទេសថៃគឺបានបិទទ្វារោងចក្ររហូតដល់ទៅជិត 2,000 ឯណោះកាលពីឆ្នាំមុន ហើយវាក៏បានរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនថែមទៀតផង។
វិបត្តិខាងផ្នែកផលិតកម្ម វាហាក់ដូចជាញាំញីដល់ការកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ស្រេតថា ថាវីស៊ីន ផងដែរ។
ក្រុមការងាររបស់រ៉យទ័របានបង្ហាញទិន្នន័យទៀតថា ចំពោះលទ្ធផលនៃការបាត់បង់ការងាររបស់ប្រជាពលរដ្ឋគឺបានកើនឡើងជិត 80% ខណៈដែលកម្មករជាង 51,500 នាក់ បានរងគ្រោះដោយមិនមានការងារធ្វើ។
បើយោងទៅតាមផ្នែកស្រាវជ្រាវរបស់ធនាគារ Kiatnakin Phatra បាននិយាយនៅក្នុងកំណត់ត្រាខែមិថុនាថា ចំនួននៃការបើករោងចក្រថ្មីគឺកាន់តែថយចុះ ប៉ុន្តែវាបែរជាជំនួសមកវិញដោយការបិទរោងចក្រធំៗ និងរោងចក្រតូចៗទៅវិញ។
រ៉យទ័របានលើកឡើងបន្ថែមថា តាមពិតទៅការបិទរោងចក្រនៅក្នុងប្រទេសថៃដែលចេះតែមានការកើនឡើងនោះ វាក៏មានការរួមចំណែកផ្សេងមួយទៀតផងដែរ នោះគឺតម្លៃកំលាំងពលកម្ម។ បច្ចុប្បន្ន ផលិតផលក្នុងស្រុករបស់ថៃគឺវាមានតម្លៃខ្ពស់ជាងការនាំចូលមកពីប្រទេសចិន នេះក៏ព្រោះតែថ្លៃដើមក្នុងប្រទេសថៃ វាខ្ពស់ជាងចិនរួចទៅហើយ។ ម្យ៉ាងទៀត ស្របពេលដែលប្រជាជនថៃកំពុងព្យាយាមកាត់បន្ថយចំណាយទៀតនោះ ប្រាកដណាស់ អ្នកទាំងអស់នោះច្បាស់ជាគាំទ្រលើទំនិញទាំងឡាយណាដែលធូថ្លៃជាមិនខាន។
នាពេលឥឡូវនេះ សេដ្ឋកិច្ច របស់ប្រទេសថៃ ត្រូវបានគេព្យាករថា ថៃនឹងមានកំណើនត្រឹមតែ២,៥%ប៉ុណ្ណោះនៅឆ្នាំ២០២៤ ហើយវាក៏ជាកត្តាដែលធ្វើឱ្យប្រជាជនថៃភាគច្រើន មិនពេញចិត្ត នឹងការអនុវត្តរបស់លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ឡើយ។
តែបើទោះជាយ៉ាងនេះក្តី លោក ស្រេតថា ថាវីស៊ីន បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចគឺអាក្រក់ចាប់តាំងពីប្រទេសថៃស្ថិតនៅក្រោមការដឹកនាំដោយរដ្ឋាភិបាលមុន ហើយចំនុចដ៏ធំមួយនេះវានឹងបន្តរហូតមកដល់រដ្ឋាភិបាលថ្មី ព្រោះថាការស្តាសេដ្ឋកិច្ចវាមិនមែនជារឿងដែលយើងត្រូវធ្វើក្នុងរយៈពេលខ្លីបាននោះទេ»។