រដ្ឋាភិបាលថៃ កំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាបាននូវតម្លៃថាមពលអគ្គិសនីរបស់ខ្លួនមិនឲ្យមានការផ្លាស់ប្តូរ ព្រោះបើយោងទៅតាមការព្យាករណ៍ពីមន្ត្រីជំនាញជាច្រើននាក់បានលើកឡើងថា តម្លៃឧស្ម័ននឹងកើនឡើងនៅក្នុងឆមាសទីពីរ នេះបើយោងទៅតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤។
ប្រភពដដែលបាននិយាយទៀតថា កាលពីសប្តាហ៍ខាងគណៈកម្មការគ្រប់គ្រងថាមពល ERC បានធ្វើការប៉ាន់ប្រមាណថា រដ្ឋាភិបាលរបស់ខ្លួនគឺបានចំណាយប្រាក់ប្រមាណ 28 ពាន់លានបាត ដើម្បីជាការឧបត្ថម្ភថ្លៃភ្លើង ខណៈដែលខាងអគ្គិនីនូវតែរក្សាតម្លៃមិនឲ្យឡើងថ្លៃនោះ។
ERC បាននិយាយបន្ថែមថា ជាទូទៅសម្រាប់ប្រើប្រាស់តម្លៃអគ្គិសនីថៃនៅក្នុងអាជីវកម្ម និងក្រុមគ្រួសារ ពួកគេត្រូវចំណាយប្រមាណជា 4.18 បាតក្នុងមួយគីឡូវ៉ាត់ (ឯកតា)។ ខាង ERC បាននិយាយបន្តទៀតថា អ្វីគ្រប់យ៉ាងវាអាចនឹងមានការផ្លាស់ប្តូរ ការឧបត្ថមពីរាជរដ្ឋាភិបាលគឺមានដែនកំណត់ ហេតុដូច្នេះហើយ បន្ទាប់ពីខែសីហា ឆ្នាំនេះ ក្រសួងអគ្គិសនីថៃនិងដាក់ចេញនូវតម្លៃថ្មី។
គួររំលឹកថា ដើម្បីជាការឆ្លើយតប និងជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាល ក្នុងនោះគឺមានក្រុមហ៊ុន Egat និង PTT បានលើកឡើងថា ពួកគេបានជួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឡើងថ្លៃអគ្គិសនីចាប់តាំងពីខែកញ្ញា ឆ្នាំ 2021 រហូតមកដល់ខែមេសាឆ្នាំនេះរួចទៅហើយ។ ក្នុងរយៈពេលជិត ៤ ឆ្នាំ រដ្ឋាភិបាលថៃបានជំពាក់បំណុលក្រុមហ៊ុនទាំងពីច្រើនជាង 15 ពាន់លានបាតទៅទៀត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី បើយោងទៅតាមការរៀបរាប់ពីផ្នែកហិរញ្ញវត្ថុរបស់ Egat ពួកគេបានលើកឡើងថា ក្នុងរយៈពេលដែលក្រុមហ៊ុនជួយដល់រដ្ឋាភិបាល ពួកគេគឺបានខាតបង់ជាទឹកប្រាក់ប្រមាណជា 98 ពាន់លានបាតឯណោះ។
គួរបញ្ជាក់ថា ថៃអាចបង្កើឧស្ម័នបានដោយខ្លួនឯងប្រហែលជា 63% នៃឥន្ធនៈដែលប្រើសម្រាប់ផលិតថាមពលនៅក្នុងប្រទេសប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីខែធ្នូ តម្លៃឧស្ម័នជាសកលានឹងបន្តកើនឡើង ព្រោះវាគឺជារដូវកាលដែលចាំបាច់ប្រើថាមពលសម្រាប់កំដៅផ្ទះ និងកន្លែងធ្វើការនៅជុំវិញពិភពលោកក្នុងអំឡុងរដូវរងា ហើយវាក៏ជាមូលហេតុដែលនឹងជំរុញឱ្យតម្លៃនៃការនាំចូលឧស្ម័នវានិងកាន់តែមានការកើនឡើងដូចគ្នា។