បើយោងតាមការចុះផ្សាយពី Europe New បានចុះផ្សាយថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងជិត 6% កាលពីថ្ងៃចន្ទ។ យ៉ាងណាមិញ សម្រាប់ការប្រកាសទិញត្រឡប់មកវិញនាពេលនេះ វាគឺលើកដំបូងហើយ បើយើងគិតចាប់តាំងពីឆ្នាំ 2017 មក។
ក្រុមអ្នកជំនាញរបស់ Europe New បានមើលឃើញថា ស្ថាបនិករបស់ក្រុមហ៊ុន Samsung កំពុងតែចង់ពង្រឹងការចាប់អារម្មណ៍របស់ម្ចាស់ភាគហ៊ុនឡើងមកវិញ ស្របពេលដែលតម្រូវការកំពុងធ្លាក់ចុះ។
គួរបញ្ជាក់ថាសម្រាប់អាជីវកម្មរបស់ Samsung ដែលជាអ្នកផលិត semiconductor គឺមិនទាន់ឯករាជ្យនៅឡើយទេ ពោលគឺពួកគេត្រូវពឹងផ្អែកលើការរចនាពីក្រុមហ៊ុនផ្សេងមួយទៀតមកធ្វើជាដៃគូរ។
ប្រភពដដែលបាននិយាយបន្តថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ដែលទទួលបាននៅក្នុងត្រីមាសទីបី គឺមានចំនួនប្រមាណ 3.9ពាន់ពាន់លានវ៉ុន វាគឺជាតួរលេខដែលធ្លាក់ចុះប្រហែលជា 40% ប្រសិនបើយើងធៀបកាលពីបីខែមុន។
ទីភ្នាក់ងាររបស់ Europe New បានរកឃើញទៀតថា ការធ្លាក់ចុះរបស់ក្រុមហ៊ុន Samsung គឺដោយសារតែបច្ចុប្បន្នពួកគេមានដៃគូប្រកួតប្រជែងជាច្រើនមិនថាតែក្រុមហ៊ុនក្នុងស្រុកដូចគ្នាដូចជា SK Hynix និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ជាដើម។
តែបើទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍ដែលបានបង្ហាញខាងលើនេះ វាត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បដិសេធ ដោយពួកគេបានលើកហេតុផលថា ការទិញត្រឡប់មកវិញនេះ វាគឺជាយុទ្ធសាស្ត្ររបស់ម្ចាស់ក្រុមហ៊ុន។
គួររំលឹកថា ការទិញភាគហ៊ុនត្រឡប់មកវិញនឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ ដោយក្រុមហ៊ុន Samsung គ្រោងនឹងទិញយកត្រឡប់មកវិញ បូករួមទាំងធ្វើការលុបចោលភាគហ៊ុនចំនួនបីពាន់ពាន់លានវ៉ុនក្នុងរយៈពេលបីខែខាងមុខថែមទៀតផង។