គ្លីនិកឯកទេសមួយកន្លែងក្នុងទីក្រុង Delhi ត្រូវបានគេបង្កើតឡើងកាលពីឆ្នាំមុន ក្នុងបំណងដើម្បីព្យាបាលអ្នកជំងឺផ្លូវដង្ហើម ពោលគឺបន្ទាប់ពីទីក្រុងមួយនេះតែងតែរងនូវផលប៉ះពាល់ដោយការបំពុលក្នុងបរិយាកាសដ៏គ្រោះថ្នាក់រៀងរាល់រដូវរងា។
ផ្សែងអ័ព្ទ ឬផ្សែងពុលបានសាយភាយពាសពេញទីក្រុងតាំងពីចុងខែមុន ហើយវាក៏បានចូលទៅប្រែក្លាយថ្ងៃឲ្យទៅជាយប់អស់រយៈពេលជាច្រើនថ្ងៃ មិនត្រឹមតែប៉ុណ្ណោះក្នុងនោះមានជើងហោះហើរជាច្រើនត្រូវបានពន្យា ខណៈដែលផ្សែងពុលមួយនេះបានបង្ករជំងឺដល់មនុស្សរាប់លាននាក់។
បើគិតត្រឹមសប្តាហ៍មុន ក្នុងទីក្រុងដេលីគឺគ្មានកន្លែងណាផ្សេងសម្រាប់ដកដង្ហើមបរិសុទ្ធនោះទេ។ រឿងដ៏ធំមួយក្នុងចំណោមបញ្ហាជាច្រើន ដែលធ្វើឲ្យនាយករដ្ឋមន្រ្ដីនៃទីក្រុង Delhi សម្រចចិត្តប្រកាសអាសន្ន ក្នុងទីក្រុងទាំងមូលត្រូវបិទសាលារៀន និងតម្រូវឱ្យប្រជាជនស្នាក់ក្នុងផ្ទះជាចាំបាច់។
បើយោងតាមការសម្ភាសដោយផ្ទាល់ពីក្រុមការងាររបស់ CNN ជាមួយអ្នករស់នៅក្នុងទីក្រុង Delhi បានឲ្យដឹងថា ពួកគេពិបាកដកដង្ហើមខ្លាំងណាស់ដោយសារតែការបំពុលក្នុងបរិយាកាស។ ពួកបានបន្តថា មានអារម្មណ៍ថប់ដង្ហើម ឆួលភ្នែក និងរមាស់បំពង់កថែមទៀតផង។
គួរបញ្ជាក់ថា ក្រុងដេលីបានតស៊ូជាមួយនឹងផ្សែងពុលដល់កម្រិតមួយដែលខ្ពស់បំផុត ប្រសិនបើយើងធៀបនឹងផ្សែងបំពុលក្នុងបរិយាកាសអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។
គុណភាពខ្យល់កាន់តែអាក្រក់ជារៀងរាល់ឆ្នាំ ដោយសារតែកំដៅក្នុងរដូវក្តៅ ហើយភ្លាមៗនោះខែត្រជាក់ក៏មកដល់។ ថ្ងៃដែលគ្មានខ្យល់មានន័យថា មានផ្សែងអ័ព្ទដែលបង្កឡើងពីភ្លើងឆេះកាកសំណល់កសិកម្ម រោងចក្រថាមពលធ្យូងថ្ម និងចរាចរណ៍ពាសពេញទីក្រុងជាដើម។
អាជ្ញាធររបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យបាននិយាយថា ផ្នែកជាច្រើននៃទីក្រុងដេលីគឺមានគុណភាពខ្យល់តិចតួច តែពួកគេនៅតែមានវិធានការណ៍អនុវត្តការសង្គ្រោះគ្រប់ទីកន្លែង ហើយជាពិសេសពួកគេនឹងបញ្ឈប់ចលនាឡានដឹកទំនិញដែលមិនសំខាន់ និងផ្អាកការងារសំណង់មួយរយៈផងដែរ។