ក្រុមហ៊ុន FUSA-Eco Hoa Binh របស់វៀតណាមបាននិយាយថា កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនរបស់ខ្លួនបាននាំចេញក្រូចសាច់ក្រហមទៅកាន់សហភាពអឺរ៉ុបប្រមាណជា ១២០ តោន នេះបើយោងតាមការចុះផ្សាយពីវៀតណាមញូកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយឡែកដោយសារតែក្នុងឆ្នាំ ២០២៤ នេះអាកាសធាតុហាក់ដូចជាមិនសូវអំណោយផល ក្រុមហ៊ុនដដែលខាងលើនេះបានប៉ានប្រមាណទៀតថា ការនាំចេញផ្លែក្រូចប្រហែលជាធ្លាក់មកនូវត្រឹម ៦០ តោនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា វៀតណាមក្លាយទៅជាដៃគូរពាណិជ្ជកម្មជាមួយនឹង EU ដំបូងដោយសារតែគុណភាពនៃផ្លែក្រូចសាច់ក្រហម Tân Lạc ដែលដាំដុះនៅ Hòa Binh។ ការដាំដុះមួយដែលស្ថិតនៅក្នុងស្តង់ដារបច្ចេកទេស និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹង វាក៏ក្លាយទៅជាតម្រូវការមួយដែលចំបាច់ពីបណ្តាលប្រទេសក្នុងសហភាពអឺរ៉ុប។
បច្ចុប្បន្នខេត្ត Hoa Binh បានពង្រីកការដាំដុះផ្លែក្រូចមួយប្រភេទនេះនៅលើផ្ទៃដីប្រមាណជា ១០.២៤០ហិកតា។ ហើយចំពោះតំបន់ដែលដាំដុះសំខាន់ៗរួមមានស្រុក Lương Sơn ស្រុក Tân Lạc និងស្រុក Yên Thủy ដែលផ្តល់ទិន្នផលប្រមាណ 109,000 តោនក្នុងមួយឆ្នាំ។
តែបើទោះជាយ៉ាងនេះក្តី លោក Nguyễn Hồng Yến ដែលជាប្រធានអនុនាយកដ្ឋានផលិតកម្មដំណាំ និងការពាររុក្ខជាតិរបស់ខេត្ត Hòa Binh បានកត់សម្គាល់ថា ការនាំចេញសរុបនៅឆ្នាំនេះ គឺអាចនឹងមានចំនួនពី 250-300 តោន។ ព្រោះក្រៅពី EU វៀតណាមក៏ត្រៀមនាំចេញទៅកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
