ក្រុមអ្នកសង្កេតការរបស់ AGBI បាននិយាយថា ក្រុមហ៊ុន Apple, HP និង Dell កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ក្នុងតំបន់ឈូងសមុទ្រ ប៉ុន្តែការធ្លាក់ចុះមួយនេះវាមិនមែនដោយសារតែមានដៃគូរប្រកួតប្រជែងច្រើននោះទេ គឺដោយសារតែប្រជាជននៅទីនោះចង់ធ្វើពហិការរាល់ម៉ាកយីហោរបស់សហរដ្ឋអាមេរិកទាំងអស់តែម្តង។
តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងតំបន់ខាងលើ គឺនៅតែត្រូវការស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ តែរាល់ការបញ្ជាទិញរបស់ពួកគេនាពេលនេះ គឺពួកគេបានជ្រើសរើសប្រើផលិតផលរបស់ Samsung ជំនួសវិញ។ ក្រុមហ៊ុន Samsung Electronic របស់កូរ៉េខាងត្បូងបានធ្វើការនាំចេញប្រហែលជា 40.1 ភាគរយនៃទូរស័ព្ទទៅកាន់បណ្តាលប្រទេសនៅមជ្ឈិមបូព៌ា ក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2024 ។ តែផ្ទុយទៅវិញក្រុមហ៊ុន Apple បានទទួលរងការធ្លាក់ចុះកាន់តែធំនៅក្នុងចំណែកទីផ្សារឈូងសមុទ្រ ខណៈដែលចិនបានបង្កើនការនាំចេញផលិតផល Xiaomi និង Transsion កំពុងតែកើនឡើង។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យប្រជាជននៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង មិនពេញចិត្តសហរដ្ឋអាមេរិក?
អ្នករស់នៅក្នុងតំបន់ឈូងសមុទ្រ បានធ្វើពហិការចំពោះម៉ាកយីហោអាហារ និងភេសជ្ជៈរបស់អាមេរិក និងរបស់របរប្រើប្រាស់របស់អាមេរិកស្ទើតែគ្រប់មុខ បន្ទាប់ពីមានការតវ៉ាលើការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីស្រាអែលនៅក្នុង ជម្លោះតំបន់ហ្គាហ្សា ។
