មកទល់នឹងពេលនេះ អ្នកបាត់បង់ជីវិតដោយសារតែទឹកជំនន់នៅភាគខាងជើងប្រទេសថៃ គឺមានច្រើនជាង 50 នាក់ទៅទៀត នេះបើយោងទៅតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤។
បើយោងតាមការរៀបរាប់ពីនាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិ ពួកគេបានលើកឡើងថា បញ្ហាទឹកជំនន់ និងការចុះអ័ព្ទ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ គឺវាបណ្តាលមកពីការកាប់ព្រៃឈើ ការទប់ទំនប់ធ្វើវារីអគ្គិសនី និងការទន្ទ្រានយកដីជាដើម។
តែផ្ទុយទៅវិញ ក្រៅពីហេតុផលខាងលើ ក្នុងនោះគេសង្កេតឃើញថា នៅសងខាងព្រំដែនប្រទេសថៃ ជាពិសេសជាមួយប្រទេសមីយ៉ាន់ម៉ា មានរូបភាពពីផ្កាយរណបបានបង្ហាញថា ពួកគេបានព្យាយាមជីកយករ៉ែឥតឈប់ឈរ មិនត្រឹមតែប៉ុណ្ណោះពួកគេបានធ្វើការដុតព្រៃដើម្បីយកដីមកកាន់កាប់ដោយខុសច្បាប់ថែមទៀតផង។
សកម្មភាពដែលកើតឡើងជាប្រចាំ វាបានធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសថៃបានជួបបញ្ហាទឹកជំនន់ស្ទើរៀងរាល់ឆ្នាំ ជាពិសេសជាងគេនោះគឺខេត្តឈៀងរ៉ៃ។
ដើម្បីជាដំណោះស្រាយ ថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះបានលើកឡើងថា ខាងនាយកដ្ឋានធារាសាស្ត្រ ឬក្រសួងមហាផ្ទៃត្រូវបន្ថែមការយកចិត្តទុកទៅលើសុវត្តិភាពរបស់ប្រជាពលរដ្ឋជាចម្បង។ ការរួមគ្នាយើងនឹងអាចរកឃើញមធ្យោបាយ បើទោះជាយើងមិនទាន់អាចទប់ស្កាត់នូវមូលហេតុបានក៏ដោយ។
