នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ត្រូវបានទស្សនាវដ្តី Forbes ដាក់ក្នុងបញ្ជីឈ្មោះ ” ស្ត្រីដែលមានឥទ្ធិពលបំផុតទាំង 100 រូប នៅលើពិភពលោកក្នុងឆ្នាំ 2024″។
បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងបន្ថែមថា លោកស្រី Paetongtarn (អ៊ុងអ៊ីង) គឺស្ថិតក្នុងចំណាត់ថ្នាក់ទី 29 ក្នុងបញ្ជីឈ្មោះសរុបក្នុងពិភពលោក ម្យ៉ាងទៀតលោកស្រីក៏ស្ថិតក្នុងលំដាប់លេខរៀងទី៣ ប្រសិនបើយើងគិតត្រឹមក្នុងចំណោមស្ត្រីនៅក្នុងអាស៊ី គឺលោកស្រីនៅលេខរៀបបន្ទាប់ពីលោកស្រ្តី Sandy Ran Xu នាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន និងលោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង កិច្ចការសាជីវកម្មនៃប្រទេសឥណ្ឌាប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោកស្រី Paetongtarn ត្រូវបានគេចុះក្នុងបញ្ជី “Time 100 Next” គឺក្នុងនាមជាអ្នកដឹកនាំស្ត្រីដោយទស្សនាវដ្តី Times មុនទស្សនាវដ្តី Forbe នេះទៅទៀត។ លោកស្រី Paetongtarn Shinawatra (អ៊ុងអ៊ីង) គាត់គឺជានាយករដ្ឋមន្ត្រីស្រីទី២ ហើយក៏ជានាយករដ្ឋមន្ត្រីទី 31 របស់ប្រទេសថៃ ដែលវ័យក្មេងជាងគេបង្អស់នៅក្នុងចំណោមនាយករដ្ឋមន្ត្រីកន្លងមកផងដែរ។
ចាប់តាំងពីលោកស្រី អ៊ុងអ៊ីង ចូលកាន់តំណែងមក លោកស្រីបានបង្ហាញពីភាពជាអ្នកដឹកនាំក្នុងការដោះស្រាយវិបត្តិជាច្រើននៅក្នុងស្រុក ជាពិសេសគឺការគ្រប់គ្រងទឹកជំនន់នៅតាមខេត្តតាមព្រុំដែន និងការគ្រប់គ្រងឧបទ្ទវហេតុភ្លើងឆេះរថយន្តសាលា ដែលលោកស្រីបានបញ្ជាឱ្យភ្នាក់ងារនានាចាត់វិធានការបានឆាប់រហ័សនិងទាន់ពេលវេលា។
អ្នកស្រី អ៊ុងអ៊ីង បាននិយាយថា គោលនយោបាយរបស់លោកស្រីដែលត្រូវអនុវត្តរួមមាន ការព្យួរបំណុលកសិកររយៈពេលបីឆ្នាំ ការជំរុញទេសចរណ៍ជាមួយនឹងទិដ្ឋាការឥតគិតថ្លៃ គម្រោងផ្តល់សាច់ប្រាក់ 10,000 បាត ច្បាប់សមភាពអាពាហ៍ពិពាហ៍ និងគម្រោងថែទាំសុខភាពសកល 30 បាតជាដើម។
រាល់ភាពខ្លាំងរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេស ខាងទស្សនាវដ្តី Forbes បានសរសេរលើកឡើងបន្ថែមថា លោកស្រី Paetongtarn Shinawatra គឺធ្លាប់ជាអ្នកជំនួញស្រីមួយរូបដែលមានទ្រព្យសម្បត្តិសុទ្ធមិនតិចជាង1 ពាន់លានដុល្លា។ ប្រសិនបើយើងនិយាយពីសមត្ថភាព លោកស្រី Paetongtarn គឺជាស្ត្រីដែលមានចំណេះដឹងខ្ពស់ទៅលើផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែប៉ុណ្ណោះគាត់គឺជានារីវ័យក្មេងម្នាក់មិនខ្លាចក្នុងការតបត ដើម្បីការពារភាពត្រឹមត្រូវចំពោះអ្នកដែលបានចោទសួរជុំវិញ សមត្ថភាពរបស់ស្ត្រីក្នុងនាមគាត់គឺជាថ្នាក់នាំប្រទេសម្នាក់ដែលពោលពេញទៅដោយសមត្ថភាព។
