រដ្ឋាភិបាលចិនបានសន្យាថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថមសរុបប្រមាណ 41 ពាន់លានដុល្លារាល់ការជាវសម្ភារៈប្រើប្រាស់សម្រាប់ដាក់ក្នុងគេហដ្ឋានថ្មី ថែមទាំងរួមបញ្ចូលរាល់ការទិញរថយន្តអគ្គិសនី និងនាឡិកាឆ្លាតវៃថែមទៀតផង នេះបើយោងតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី 18 ខែមីនា។
ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចផ្សេងទៀតបានតស៊ូជាមួយនឹងអតិផរណាក្រោយ ជំងឺរាតត្បាត Covid 19 តែទន្ទឹមនឹងនោះ នៅក្នុងប្រទេសចិនបែរជាជួបនិងបរិត្តផរណាទៅវិញ។ អំណាចនៃការទិញនៅក្នុងប្រទសចិនកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យតម្លៃទំនិញនៅក្នុងប្រទេសមួយនេះបានធ្លាក់ចុះក្នុងរយៈពេល 18 ខែជាប់គ្នា គឺក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ។
ជាការពិតណាស់ អ្នកអាចនឹងយល់ថា ការធ្លាក់ថ្លៃនេះវាគឺជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែប្រសិនបើអ្នកបានយល់ពីបញ្ហាទីផ្សា អ្នកប្រាកដជាដឹងយ៉ាងច្បាស់ថា ការធ្លាក់ចុះនៃការប្រើប្រាស់ជាបន្តបន្ទាប់បែបនេះ វាគឺជា រង្វាស់នៃអ្វីដែលគ្រួសារនីមួយៗនៅក្នុងប្រទេសចិនបានចំណាយលើការទិញកាន់តែតិច នេះហើយវាសញ្ញានៃបញ្ហាសេដ្ឋកិច្ចដែលកាន់តែជ្រៅ។
អ្នកត្រូវដឹងថា នៅពេលដែលមនុស្សឈប់ចំណាយ អាជីវកម្មនិងចាប់ផ្តើមកាត់បន្ថយតម្លៃ គឺធ្វើយ៉ាងណាដើម្បីទាក់ទាញអ្នកប្រើប្រាស់។ ហើយប្រសិនបើ រឿងនេះកើតឡើងកាន់តែច្រើន ក្រុមហ៊ុនទាំងនោះនិងរកប្រាក់បានកាន់តែតិច នោះការកាត់បន្ថយលើបុគ្គលិកនិងកើតមាន ហើយប្រសិនបើវានៅមានក៏ប្រាក់ឈ្នួលនោះនៅនឹងទ្រឹងដែរ ទាំងអស់នេះហើយវាជាមូលហេតុដ៏ធំដែលនាំឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។
ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងដើម្បីជំរុញឲ្យមានតម្រូវការក្នុងស្រុកឡើងវិញ ក្នុងនោះមេដឹកនាំទីក្រុងប៉េកាំងបានលើកឡើងថា ខ្លួននឹងបង្កើនការវិនិយោគនៅក្នុងកម្មវិធីសុខុមាលភាពសង្គមដែលជាផ្នែកមួយនៃផែនការសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសខ្លួនសម្រាប់ឆ្នាំ 2025 ។
គួរបញ្ជាក់ថា លោក ស៊ី ជីងពីង បានកំណត់ទិសដៅថា ប្រសិនបើទីផ្សារអ្នកប្រើប្រាស់ចិនកាន់តែរឹងមាំ ប្រាក់ឈ្នួលខ្ពស់ បណ្តាញសុវត្ថិភាពសង្គមកាន់តែរឹងមាំ នោះពួកគេនឹងយល់ថា ការរស់នៅរបស់ខ្លួនគឺមានសុវត្តិភាពគ្រប់គ្រាន់ហើយ ដូច្នេះពួកគេក៏មិនចាំបាច់បង្កើនការសន្សំ ដោយកាត់បន្ថយចំណាយនោះដែរ។
លោក Xi Jinping បានប្តេជ្ញាទៀតថា “លោកនឹងធ្វើឱ្យតម្រូវការក្នុងស្រុកក្លាយជាកម្លាំងជំរុញដ៏សំខាន់ និងមានស្ថេរភាព” ។ បើយោងតាមការលើកឡើងពីលោក Caiyun Wang តំណាងសភាប្រជាជនជាតិបាននិយាយថា “ជាមួយនឹងចំនួនប្រជាជន 1.4 ពាន់លាននាក់ បើទោះជាកើនឡើងត្រឹមតែ 1% នៃតម្រូវការ នោះមានន័យថាចិនអាចបង្កើតទីផ្សារបានយ៉ាងតិចក៏ 14 លាននាក់ដែរ” ។
