នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែមានភាពតានតឹង ឥឡូវនេះ ប្រទេសចិនបានបន្ថែមការយកចិត្តទុកដាក់លើការត្រួតពិនិត្យរាល់ការនាំចេញសម្រាប់សារធាតុរ៉ែ និងមេដែកដ៏កម្ររបស់ខ្លួនផងដែរ ហើយការពង្រឹងនេះវាត្រូវបានអ្នកនិពន្ធរបស់ BBC បានមើលឃើញថា វានឹងមានផលប៉ះពាល់ខ្លាំងដល់ប្រទេសមហាលអំណាចដូចជាសហរដ្ឋអាមេរិកមិនខាន។
តើសហរដ្ឋអាមេរិកគួរធ្វើយ៉ាងណាដើម្បីជៀសវៀងការពឹងផ្អែកលើរ៉ែទាំងនោះ?
នៅសប្តាហ៍នេះលោក Donald Trump បានបញ្ជាឱ្យនាយកដ្ឋានពាណិជ្ជកម្មបង្កើតមធ្យោបាយដើម្បីជំរុញការផលិតរ៉ែសំខាន់ៗដែលមាននៅក្នុងទឹកដីអាមេរិក ដែលជាជំហានមួយនៃការកាត់បន្ថយការពឹងផ្អែកលើការនាំចូល ហើយវាក៏ជាការប៉ុនប៉ងរបស់វ៉ាស៊ីនតោនដើម្បីរក្សានូវការបង្កើតឲ្យមានឡើងមកវិញចំពោះឧស្សាហកម្មដ៏សំខាន់ខាងលើនេះ។
តើហេតុអ្វីបានជារ៉ែកម្រមានសារៈសំខាន់ខ្លាំងចំពោះអាមេរិក?
រ៉ែកម្រវាគឺជាក្រុមនៃធាតុគីមី ដែលមានសារៈសំខាន់បំផុតក្នុងការផលិតនូវផលិតផលបច្ចេកវិទ្យា។
អ្នកនិពន្ធរបស់ BBC បានសរសេររៀបរាប់ថា ចិនគឺជាប្រទេសមួយដែលសម្បូរទៅដោយរ៉ែកម្រ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប៉ាន់ប្រមាណថា ប្រទេសចិនគឺមានរ៉ែកម្ររហូតដល់ទៅ 61% ដែលជាចំនួនមួយច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
ប្រទេសចិនមានសិទ្ធិស្ទើតែផ្តាច់មុខទៅហើយក្នុងការទាញយករ៉ែកម្រ ក៏ដូចជាការចម្រាញ់រ៉ែកម្រចេញពីរ៉ែផ្សេងទៀត ហេតុដូច្នេះហើយទើបវាមានតម្លៃថ្លៃ។
ប្រសិនបើយើងនិយាយត្រឡប់មកវិញ ចំពោះការឆ្លើយតបទៅនឹងពន្ធដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសចិននៅដើមខែនេះ វាបានក្លាយទៅជារឿងដ៏ធំមួយដែលធ្វើឲ្យមេដឹកនាំទីក្រុងប៉េកាំងបានចាប់ផ្តើមបញ្ជាឱ្យរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែកម្ររហូតដល់ទៅ 7 ប្រភេទ ហើយភាគច្រើនវាត្រូវបានគេស្គាល់ថាជារ៉ែកម្រ ដែលមានសារៈសំខាន់ចំពោះវិស័យការពារជាតិខ្លាំងជាងគេ។
យ៉ាងណាមិញ បើយើងងាកទៅលើមើលពីផលប៉ះពាល់ទៅលើសហរដ្ឋអាមេរិកវិញម្តងនោះ អ្នកជំនាញរបស់ BBC បានមើលឃើញថា ការរឹតត្បិតថ្មីនេះ វាពិតជាអាចវាយប្រហារអាមេរិកយ៉ាងមានប្រសិទ្ធភាព។ រ៉ែកម្រ វាគឺធាតុផ្សំមួយដ៏សំខាន់ ដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យយោធាជាច្រើនដូចជា ការផលិតចេញជាកាំជ្រួច រ៉ាដា និងមេដែកជាដើម។ បើយោងតាមរបាយការណ៍របស់ CSIS ពួកគេបានធ្វើកំណត់សម្គាល់ថា នៅក្នុងបច្ចេកវិទ្យាការពារជាតិរបស់សហរដ្ឋអាមេរិកដែលរួមមានយន្តហោះចម្បាំង F-35 កាំជ្រួច Tomahawk និងយន្តហោះគ្មានមនុស្សបើក Predator គឺសុទ្ធតែពឹងផ្អែកលើសារធាតុរ៉ែទាំង 7 ប្រភេទខាងលើនេះ។
