តាមទីភ្នាកងារសារព័ត៌មាន (Reuters) បានឲ្យដឹងថា នៅក្នុងទីក្រុង AMSTERDAM ក្នុងថ្ងៃទី 26 ខែកក្កដា គឺមានអគ្គីភ័យមួយបានឆាបឆេះនៅលើកប៉ាល់មួយនៅឆ្នេរសមុទ្រហូឡង់ ដែលមានរថយន្តជិត 3,000 គ្រឿងនៅលើនោះ កាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សម្នាក់និងជាច្រើននាក់ទៀតបានរងរបួស។
ភ្លើងបានចាប់ផ្តើមឆាបឆេះកាលពីយប់ថ្ងៃអង្គារនៅលើកប៉ាល់ Fremantle ដែលមាន ប្រវែង 199 ម៉ែត្រដែលបានចុះបញ្ជីប៉ាណាម៉ា ដែលធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសអេហ្ស៊ីប ។
ឆ្មាំឆ្នេរសមុទ្រហូឡង់បាននិយាយថា កប៉ាល់ជួយសង្គ្រោះបានបាញ់ទឹកទៅលើទូកដែលកំពុងឆេះ ដើម្បីធ្វើឲ្យវាត្រជាក់ ប៉ុន្តែការប្រើទឹកច្រើនពេកបានប្រថុយនឹងការលិចរបស់វា នេះបើតាមឆ្មាំសមុទ្រហូឡង់។
លោក Edwin Versteeg អ្នកនាំពាក្យនាយកដ្ឋានផ្លូវទឹក និងសាធារណៈការរបស់ប្រទេសហូឡង់ បាននិយាយថា “ភ្លើងនៅតែមិនអាចគ្រប់គ្រងបាន។ វាជាភ្លើងដ៏លំបាកក្នុងការពន្លត់ ប្រហែលជាដោយសារតែទំនិញដែលកប៉ាល់កំពុងដឹកជញ្ជូន” ។
ឆ្មាំឆ្នេរសមុទ្របាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា មូលហេតុនៃការឆេះនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យឆ្មាំសមុទ្របានប្រាប់រ៉យទ័រថា វាបានចាប់ផ្តើមនៅជិតរថយន្តអគ្គិសនី។
ឆ្មាំសមុទ្របាននិយាយថា នាវា Fremantle ដែលបានចាកចេញពីកំពង់ផែ Bremerhaven ត្រូវបានអូសចេញពីផ្លូវដឹកជញ្ជូន ហើយវាក៏ទំនងជាងអាចលិចផងដែរ។ ភ្លើងបានចាប់ផ្តើមឆាបឆេះ ពេលកប៉ាល់បានធ្វើដំណើរបានចម្ងាយ 27 គីឡូម៉ែត្រ (17 ម៉ាយ) ភាគខាងជើងនៃកោះ Ameland របស់ប្រទេសហូឡង់។
លោក Willard Molenaar នៃក្រុមហ៊ុន Royal Dutch Rescue Company (KNRM) ដែលស្ថិតក្នុងចំណោមអ្នកទីមួយនៅកន្លែងកើតហេតុ បាននិយាយថា ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលសមាជិកនាវិកប្រាំពីរនាក់បានលោតពីលើកប៉ាល់ដែលបានឆាបឆេះនោះ។
លោក Willard Molenaar បានប្រាប់ទូរទស្សន៍ហូឡង់ NOS មនុស្សមួយចំនួនបានរងរបួសដោយលោតចុះទៅក្នុងទឹក ខណៈដែលសមាជិកនាវិកម្នាក់បានស្លាប់នៅក្នុងអណ្តាតភ្លើង។
លោកបានបន្តថា៖ «មានផ្សែងច្រើន ហើយភ្លើងបានរាលដាលយ៉ាងលឿន លឿនជាងការរំពឹងទុក។ “មនុស្សនៅលើកប៉ាល់តែលោតចុះឲ្យបានលឿន ហើយពួកគេត្រូវបានអ្នកនេសាទជួយឲ្យចេញពីទឹក” ។
ឧទ្ធម្ភាគចក្រមួយគ្រឿងបានលើកមនុស្សដែលនៅសល់ពីនាវិក ២៣ នាក់ចេញពីកប៉ាល់ដែលកំពុងឆេះ។ អាជ្ញាធរហូឡង់បាននិយាយថា អ្នករបួសកំពុងត្រូវបានគេព្យាបាលដោយបញ្ហាផ្លូវដង្ហើម រលាក និងបាក់ឆ្អឹង។
លោកShoei Kisen ដែលជាក្រុមហ៊ុនជួលកប៉ាល់ជប៉ុនដែលគ្រប់គ្រង Fremantle បាននិយាយថាខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរហូឡង់ដើម្បីពន្លត់ភ្លើង។
ឧបទ្ទវហេតុនេះជាភ្លើងឆេះជាច្រើនលើកចុងក្រោយបង្អស់លើក្រុមហ៊ុនដឹកជញ្ជូនរថយន្ត។
កាលពីដើមខែនេះ អ្នកពន្លត់អគ្គីភ័យនៅរដ្ឋ New Jersey ពីរនាក់បានស្លាប់ និង 5 នាក់ទៀតរងរបួសក្នុងការប្រយុទ្ធនឹងភ្លើង ឆេះនៅលើកប៉ាល់ដឹកទំនិញ ដែលផ្ទុករថយន្តរាប់រយគ្រឿង។
អគ្គីភ័យបានបំផ្លាញ រថយន្តទំនើប រាប់ពាន់ គ្រឿងនៅលើកប៉ាល់នៅឆ្នេរសមុទ្រនៃកោះ Azores របស់ប្រទេសព័រទុយហ្គាល់កាលពីខែកុម្ភៈឆ្នាំមុនផងដែរ។
