កាលពីថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សេវាសង្គ្រោះបន្ទាន់របស់ន័រវេសបានជម្លៀសមនុស្សរាប់រយនាក់នៅតាមទីតាំងផ្សេងៗគ្នា កាលពីថ្ងៃអង្គារ ដែលជាថ្ងៃទីពីរនៃភ្លៀងធ្លាក់ខ្លាំង ហើយវាក៏បង្ករឱ្យមានការរអិលបាក់ដីជាមួយនឹងហានិភ័យកាន់តែច្រើននៅពេលដែលព្យុះបានបោកបក់លើតំបន់ Nordics ។
ខ្យល់បក់ខ្លាំង បូករួមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឲ្យការរអិលបាក់ដីបានវាយប្រហារផ្នែកខ្លះនៃតំបន់ Nordic ដោយផ្តាច់ចរន្តអគ្គិសនី ក្នុងភូមិបានជន់លិចទឹក និងនាំការដឹកជញ្ជូនសាធារណៈដល់ការផ្អាកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ព្យុះមួយនេះត្រូវបានគេហៅថា “ហាន់” ហើយវាបានវាយប្រហារប្រទេសស៊ុយអែត កាលពីល្ងាចថ្ងៃអាទិត្យ និងបានទៅដល់ប្រទេសន័រវេសកាលពីថ្ងៃច័ន្ទ ដោយផ្នែកខ្លះនៃប្រទេសដាណឺម៉ាក និងហ្វាំងឡង់ក៏រងផលប៉ះពាល់ផងដែរ។
នៅភាគខាងត្បូងប្រទេសន័រវេស គឺមានទឹកជំនន់ និងការរអិលបាក់ដី ដោយនាំមកការបិទផ្លូវ និងបញ្ឈប់សេវាកម្មរថភ្លើងសំខាន់ៗភ្លាមៗ។
នៅទីក្រុង Valdres ការរអិលបាក់ដីបានបំផ្លាញផ្ទះមួយ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ ហើយនៅក្នុងទីក្រុង Hemsedal ផ្ទះតូចមួយបានអណ្តែតចុះទន្លេ។
ចំនែកឯកាលពីថ្ងៃច័ន្ទ រថភ្លើងដឹកអ្នកដំណើរស៊ុយអែតមួយគ្រឿង បានក្រឡាប់ ដោយសារអាកាសធាតុបានធ្វើឲ្យមនុស្សបីនាក់រងរបួស។
