យោងតាមរយៈការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 21 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា គណបក្សភឿថៃ និងគណបក្សចំនួន១០ផ្សេងទៀត (ដោយក្នុងនោះគឺមានគណបក្សចំនួនពីរ គឺជាគណបក្សយោធា) បានប្រកាសនៅរសៀលថ្ងៃច័ន្ទនេះថា ខ្លួនកំពុងទទួលបានការគាំទ្រចំនួន ៣១៤ សម្លេងនៅក្នុងសភា ដោយមានលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ។
គណបក្សភឿថៃ ដែលបានជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី 14 ខែឧសភា ជាមួយនឹងសមាជិកសភាជាប់ឆ្នោតចំនួន 141 រូប គឺជាសមាសភាពដ៏ធំបំផុតនៃសម្ព័ន្ធភាពទាំង 11 គណបក្ស។
ក្នុងនោះផងដែរសម្ព័ន្ធមិត្តបីផ្សេងទៀតដូចជា Bhumjaithai ដែលមាន 71 អាសនៈ Palang Pracharath (PPRP) មាន 40 អាសនៈ និង United Thai Nation (UTN) ដែលមាន 36 អាសនៈ។ ពួកគេបានជាប់លេខ៣ ទី៤ និងទី៥ ក្នុងការបោះឆ្នោត។
ចំនែកដៃគូចំនួនប្រាំពីរផ្សេងទៀតគឺ Chartthaipattana (10 អាសនៈ), Prachachat (9អាសនៈ), Pue Thai Rumphlang (2អាសនៈ) Chartpattanakla (2អាសនៈ), Seri Ruam Thai (1 អាសនៈ), Plung Sungkom Mai (1 អាសនៈ) និង Thai County (1 អាសនៈ) ។
មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅសភានៅវេលាម៉ោង 1:30 រសៀលថា គណបក្សភឿថៃនឹងមានរដ្ឋមន្ត្រីចំនួនប្រាំបី និងអនុរដ្ឋមន្ត្រីចំនួនប្រាំបួន ព្រមទាំងមានរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីថែមទៀតផង។
Bhumjaithai នឹងមានរដ្ឋមន្ត្រីបួនរូប និងអនុរដ្ឋមន្ត្រីបួននាក់; PPRP រដ្ឋមន្ត្រីពីររូប និងតំណាងរាស្ត្រពីររូប; UTN រដ្ឋមន្ត្រីពីររូប និងតំណាងរាស្ត្រពីររូប; Chartthaipattana រដ្ឋមន្ត្រីមួយរូប និង Prachachat រដ្ឋមន្ត្រីម្នាក់។
ទន្ទឹមគ្នានោះផងដេឬ PPRP ដែលមានឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Prawit Wongsuwon ជាអ្នកដឹកនាំ ខណៈ UTN មុននេះមាននាយករដ្ឋមន្ត្រីចាំផ្ទះលោក Prayut Chan-o-cha ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។
សម្រាប់ភាគីចម្រុះបានចាត់ទុកថា គោលនយោបាយរបស់ភឿថៃ បានដើរទួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ យ៉ាងណាមិញមេដឹកនាំរបស់បក្សភឿថៃក៏បានលើកឡើងពីគោលការណ៍ជារួមរបស់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្កើតគោលនយោបាយថ្មីរួមគ្នា ដោយជាការតំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃជាអប្បបរមាចំនួន 600 បាត និងការផ្តល់តម្លៃកសិដ្ឋានឲ្យបានខ្ពស់ជាងពីមុន។
លោកបានបន្តថា ពួកគេនឹងមានសភាតាក់តែងរដ្ឋធម្មនុញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធ្វើឱ្យវាកាន់តែ«មានលក្ខណៈប្រជាធិបតេយ្យ»។
ហើយលោកបណ្ឌិត ជុន ណាន បាននិយាយទៀតថា ចំពោះមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) និងជំពូកផ្សេងទៀតដែលទាក់ទងនឹងស្ថាប័នរាជវង្ស គឺរក្សាទុកនៅដដែល។
មេដឹកនាំគណបក្សភឿថៃរូបក៏បានថ្លែងថា លោកសូមទទួលស្គាល់នូវការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើគណបក្សភឿថៃដែលមិនគោរពាក្យសម្តីរបស់ខ្លួន ចំពោះការសហការគ្នាជាមួយនឹងគណបក្សយោធា ដែលជាភាគីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ។ លោកបានមានប្រសាសន៍ថា៖ «ប៉ុន្តែយើងនឹងរួមកម្លាំងគ្នាដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាព»។
នៅដើមសន្និសីទកាសែត លោកបណ្ឌិត ជុន ណាន បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធនឹងមិនរាប់បញ្ចូលគណបក្សចលនាឆ្ពោះទៅមុខនោះទេ។
