ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមធ្វើសមយុទ្ធប៉ុស្តិ៍បញ្ជាការយោធា ដែលពាក់ព័ន្ធនឹងសេណារីយ៉ូនៃការចង់កាន់កាប់ទឹកដីរបស់កូរ៉េខាងត្បូង ដែលជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចេញផ្សាយរបស់ Korean Times កាលពីថ្ងៃទី 31 ខែសីហា ឆ្នាំ 2023។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមើលការខុសត្រូវលើសមយុទ្ធនេះដោយផ្ទាល់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប៉ុស្តិ៍បញ្ជាការហ្វឹកហ្វឺននៃអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ (KPA) កាលពីថ្ងៃអង្គារ។ កូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចវាយប្រហារយ៉ាងខ្លាំងក្លា ពោល “ផែនដីឆេះ” ដើម្បីប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងទីវាលយន្តហោះក្នុងប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ ដោយសំដៅលើការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
កូរ៉េខាងជើង បានធ្វើការថ្កោលទោសទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ចំពោះការរៀបចំសមយុទ្ធរួមទ្រង់ទ្រាយធំថាជា “បង្កហេតុ និងគ្រោះថ្នាក់” ដែលក្លែងធ្វើសង្រ្គាមប្រឆាំងនឹងខ្លួន។ ក្រុងព្យុងយ៉ាងបាននិយាយទៀតថា សមយុទ្ធយោធារបស់សម្ព័ន្ធមិត្តជាមួយនឹងកូរ៉េខាងត្បូង ថាជាការហាត់សមសម្រាប់ការឈ្លានពានមកលើទឹកដីរបស់ខ្លួន។
គួររំលឹកថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងបញ្ចប់សមយុទ្ធ Ulchi Freedom Shield របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ដែលបានចាប់ផ្តើមដំណើរការរយៈពេល 11 ថ្ងៃនៅថ្ងៃទី 21 ខែសីហា។ នៅថ្ងៃពុធនេះ សម្ព័ន្ធមិត្តបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិកយ៉ាងហោចណាស់ចំនួនមួយគ្រាប់លើសមុទ្រលឿង។
បើយោងតាម KCNA បានឱ្យដឹងថា សមយុទ្ធបញ្ជាការរបស់កូរ៉េខាងជើងគឺ “មានគោលបំណងដើម្បីកាន់កាប់ទឹកដីទាំងមូលនៃពាក់កណ្តាលភាគខាងត្បូង ដោយវាយបកការឈ្លានពានដោយអាវុធភ្លាមៗរបស់សត្រូវ ហើយប្តូរទៅជាការវាយបកទាំងស្រុងវិញម្តង” ។
របបលោក គីម បានរៀបចំទម្រង់ផ្សេងៗនៃអ្វី ដែលខ្លួនអះអាងថាជាការធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរដែលមានគោលដៅលើកូរ៉េខាងត្បូង។ ប៉ុន្តែ កូរ៉េខាងជើងបានលាតត្រដាងពីការចាប់ផ្តើមសមយុទ្ធប៉ុស្តិ៍បញ្ជាការជាលើកដំបូង ដែលរួមបញ្ចូលផ្នែកនៃផែនការសង្គ្រាមរបស់ខ្លួនដើម្បីវាយប្រហារសត្រូវក្នុងករណីមានជម្លោះ។
លោក Kim បានអំពាវនាវឱ្យមានការវាយលុកយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលបញ្ជាការសង្រ្គាមរបស់សត្រូវ និងមធ្យោបាយទំនាក់ទំនងបញ្ជាការនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការយោធា។
នៅក្នុងរបាយការណ៍បាននិយាយថា “លោក គឺម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការយកចិត្តទុកដាក់បំផុតក្នុងការធ្វើឱ្យសត្រូវបាក់ទឹកចិត្ត ដោយបោះចោលសកម្មភាពប្រយុទ្ធរបស់ពួកគេ ដោយការបង្កើតឱ្យមានភាពច្របូកច្របល់ និងធ្វើឱ្យបាត់បង់ឆន្ទៈ និងសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធនឹងសង្គ្រាមតាំងពីដើមដំបូងមក”។ លោក Kim ក៏បានគូសបញ្ជាក់ពីតម្រូវការដើម្បីធ្វើ “ការវាយប្រហារដ៏ខ្លាំងក្លាក្នុងពេលដំណាលគ្នា” នៅឯគោលដៅយោធាកូរ៉េខាងត្បូងសំខាន់ៗ និងកន្លែងស្នូលផ្សេងទៀត ដើម្បីបង្កឱ្យមានភាពវឹកវរក្នុងសង្គម នយោបាយ និងសេដ្ឋកិច្ច។
មានរូបថតមួយចំនួន ដែលថតដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោក គីម ចង្អុលទៅផែនទីប្រតិបត្តិការយោធាជាក់ស្តែង ដែលបង្ហាញពីគោលដៅរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់នៃទីបញ្ជាការយោធា Gyeryongdae ចម្ងាយ 160 គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងសេអ៊ូល។
បន្ទាប់មកប្រទេសកូរ៉េខាងជើងក៏បានអំពាវនាវឱ្យ មន្ត្រីទាំងអស់ពង្រឹងអំណាចយោធារបស់ខ្លួន រួមទាំងកងកម្លាំងជើងទឹករបស់ខ្លួនថែមទៀតផង ខណៈដែលទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ទន្ទឹមនឹងនេះ KCNA បាននិយាយនៅក្នុងការបញ្ជូនដាច់ដោយឡែកមួយថា អគ្គសេនាធិការ KPA កាលពីថ្ងៃពុធ បានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងភាគខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់ទីក្រុងវ៉ាស៊ីនតោន។
KCNA បាននិយាយថា អង្គភាពកាំជ្រួច KPA “បានអនុវត្តយ៉ាងត្រឹមត្រូវនូវបេសកកម្មវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការបំផ្ទុះតាមអាកាសនៅរយៈកំពស់ 400 ម៉ែត្រពីកោះគោលដៅ” ។
ចំនែកឯយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរ នៅចន្លោះម៉ោងប្រហែល 11:40pm និង 11:50pm កាលពីថ្ងៃពុធ។ ដោយកាំជ្រួចនីមួយៗបានហោះបានចម្ងាយប្រហែល ៣៦០ គីឡូម៉ែត្រ មុននឹងបាញ់ចូលសមុទ្រខាងកើត។
យោធាកូរ៉េខាងជើងបានព្រមានថា សមយុទ្ធនេះមានគោលបំណងផ្ញើ “សារច្បាស់លាស់” ទៅកាន់សត្រូវ ដើម្បីបង្ហាញពី “ឆន្ទៈដែលបានដាក់ទណ្ឌកម្មដ៏ម៉ឺងម៉ាត់មកលើកូរ៉េខាងជើង អមជាមួយនឹងសមត្ថភាពសងសឹកយ៉ាងសំខាន់” ដើម្បីប្រឆាំងនឹងពួកគេវិញ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង «បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញចេតនារបស់ខ្លួន ក្នុងការវាយប្រហារយោធាប្រឆាំងនឹងកូរ៉េខាងត្បូង ក្រោមលេសនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្ត ដែលជាការការពារធម្មជាតិ។
មន្ត្រីក្រសួងម្នាក់បាននិយាយថា “នៅពេលនេះកូរ៉េខាងជើងកាន់តែឈ្លក់វង្វេងនឹងការគំរាមកំហែងផ្នែកយោធា និងការបង្កហេតុ ហើយវានឹងកាន់តែប្រឈមមុខនឹងការឆ្លើយតបដ៏លើសលប់ពីសំណាក់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន” ជាក់ជាមិនខាន។
នៅឯកិច្ចប្រជុំគណបក្សសំខាន់មួយក្នុងខែធ្នូ ឆ្នាំ 2022 មេដឹកនាំកូរ៉េខាងជើងបានហៅកូរ៉េខាងត្បូងថាជា “សត្រូវ ” របស់ប្រទេសខ្លួន ខណៈពេលដែលមានការអំពាវនាវឱ្យមានការកើនឡើងអំពី “និទស្សន្ត” នៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
