គណបក្សផ្លាស់ទីទៅមុខ (MFP) នឹងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើលក្ខណៈសម្បត្តិរបស់មេដឹកនាំគណបក្សរបស់ខ្លួន គឺលោក Pita Limjaroenrat មុនពេលបក្សត្រូវសម្រេចចិត្តថា តើត្រូវប្រកាន់យកតួនាទីជាមេដឹកនាំគណបក្សប្រឆាំងបន្តទៀតឬយ៉ាងណា នេះបើយោងតាមការចុះផ្សាយ របស់កាសែតបាងកកប៉ុស្ត នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣។
អគ្គលេខាធិការ MFP លោក Chaithawat Tulaton បាននិយាយកាលពីថ្ងៃអង្គារថា លោកបានពិគ្រោះជាមួយប្រធានសភាលោក Wan Muhamad Nor Matha លើមុខតំណែងមេដឹកនាំបក្សប្រឆាំងក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃច័ន្ទនោះទេ។ ព្រោះតែពួកគេទាំងនោះបានចែករំលែកគ្នា ទាំងមុខងារ និងទួនាទីរួចរាល់ហើយផងដែរ។
ការថ្លែងរបស់លោកបានធ្វើឡើងបន្ទាប់ពីលោក Piyabutr Saengkanokkul អគ្គលេខាធិការនៃចលនាវឌ្ឍនភាព (PM) បានបង្ហោះលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃច័ន្ទថា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តួនាទីជាមេបក្សប្រឆាំងឡើយ។ សូមបញ្ជាក់ថា លោក Piyabutr ដែលជាអ្នកសិក្សាជំនាញផ្នែកច្បាប់ បានសហស្ថាបនិកគណបក្សអនាគតឆ្ពោះទៅមុខ(FFP) ដែលត្រូវបានរំលាយដោយសារប្រាក់កម្ចីខុសច្បាប់ ក្រោយមកគាត់ក៏បានសហការបង្កើត MFP ជំនួសវិញ។
លោក Chaithawat Tulaton បាននិយាយថា MFP នឹងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថាតើលោក Pita មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់មុខតំណែងនយោបាយ ដែលផ្តោតលើការកាន់កាប់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ដែរឬទេ។
លោក Chaithawat បាននិយាយទៀតថា នីតិវិធីរបស់តុលាការនឹងមិនចំណាយពេលច្រើនទេ ប្រហែលជា 2 ឬ 3 ខែ តែប៉ុណ្ណោះ។
នៅថ្ងៃទី 19 ខែកក្កដា តុលាការបានព្យួរឈ្មោះមេដឹកនាំ MFP ដែលជាបេក្ខជននាយករដ្ឋមន្ត្រី ពីតួនាទីជាសមាជិកសភា។ នៅពេលនោះផងដែរ គឺមានសមាជិកសភាជាច្រើនបានជំទាស់នឹងបទប្បញ្ញត្តិរបស់សភា ដែលទាក់ទងនឹងភាពស្របច្បាប់នៃការតែងតាំងលោក Pita ឲ្យជានាយករដ្ឋមន្ត្រីថ្មី។ ហើយទីបំផុត មេដឹកនាំ MFP រូបនោះត្រូវបានគេបដិសេធជាលើកដំបូង។
តុលាការបានប្រកាសព្យួរការងាររបស់លោក Pita Limjaroenrat បន្ទាប់ពីទទួលយកពាក្យបណ្តឹងមួយ ដែលពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនមរតករបស់លោក Pita ក្នុង iTV Plc។
គណៈកម្មាធិការរៀបចំការបោះឆ្នោតបានផ្តល់អនុសាសន៍ដល់តុលាការថា លោក Pita ត្រូវបានដកហូតឋានៈជាសមាជិកសភា ដោយសារតែរូបលោក មានការកាន់កាប់ភាគហ៊ុននៅក្នុងអង្គការប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់មកស្ថាប័នបោះឆ្នោតក៏បានស្នើឲ្យតុលាការព្យួរលោក Pita ពីតួនាទីជាសមាជិកសភា ដោយពិចារណាលើការសម្រេចរបស់ខ្លួន។
លោក Pita មានវ័យ 43 ឆ្នាំ ដែលជាមេដឹកនាំគណបក្សឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភាជាមួយនឹងអាសនៈសភាចំនួន 151 បានបរាជ័យក្នុងការដេញថ្លៃដំបូងរបស់គាត់នៅថ្ងៃទី 13 ខែកក្កដា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ លោកមិនអាចទទួលបានការគាំទ្រពីសមាជិកសភាចំនួនជាងពាក់កណ្តាលនៃសភាទាំងពីរនោះទេ។ ព្រោះថាសមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយរបបយោធាភាគច្រើន បានបោះឆ្នោតប្រឆាំងនឹងគាត់ ឬអនុប្បវាទ។
កាលពីខែមុន ប្រធានសភាបាននិយាយថា MFP ចាំបាច់ត្រូវតែបង្ហាញជាផ្លូវការថា មេដឹកនាំរបស់ខ្លួនគឺលោក Pita មានបំណង លះបង់សិទ្ធិរបស់គណបក្ស ក្នុងការកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំង។
ការលើកឡើងរបស់លោក Wan Muhamad Nor Matha បានធ្វើឡើងបន្ទាប់ពីលោក Pita បាននិយាយក្នុងអំឡុងពេលសម្ភាសន៍មួយថា ទាំងរូបលោក និង MFP មិនចង់បានតំណែងមេបក្សប្រឆាំងនោះទេ។
ប៉ុន្តែសម្រាប់សមាជិកបក្ស MFP វិញគឺចង់ឱ្យសមាជិកសភារបស់ខ្លួនលោក Phitsanulok Padipat Suntiphada បន្តកាន់តំណែងជាអនុប្រធានសភា។
លោក Chaithawat បាននិយាយថា MFP បានកោះប្រជុំសមាជិកសភាគណបក្សរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការពិភាក្សាលើគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវបញ្ជូនទៅសភានៅថ្ងៃពុធ។លើការចាត់តាំងសមាជិកសភាទៅគណៈកម្មាធិការសភា តែត្រូវបានអគ្គលេខាធិការ MFP បាននិយាយថា ការបែងចែកអាសនៈសំខាន់ៗចំនួនពីរ ដែលគណបក្សចង់បានគឺ នៅតែមិនទាន់បញ្ចប់នៅឡើយ។
