យោធាអ៊ីស្រាអែលបានបញ្ជាឲ្យប្រជាជនរស់នៅក្នុងសហគមន៍ ២៨ កន្លែង ដែលនៅក្បែរព្រំដែនលីបង់ត្រូវជម្លៀសចេញ។ ក្រោមបទបញ្ជាយោធាប៉ះពាល់ដល់សហគមន៍ដែលមានចម្ងាយពីរគីឡូម៉ែត្រ (1.2 ម៉ាយ) នៃព្រុំដែន ខណៈដែលក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានចាប់ផ្តើមបំផ្លាញកាមេរ៉ាឃ្លាំមើលនៅលើប៉ុស្តិ៍កងទ័ពអ៊ីស្រាអែលជាច្រើនកន្លែង ដែលដាក់នៅតាមព្រុំដែន គឺស្របពេលដែលទេសមួយនេះកំពុងតែមានភាពតា នតឹងកាន់តែកើនឡើង ជាមួយនឹងក្រុមហាម៉ាស់ នេះបើយោងតាមការចុះផ្សាយរបស់ AP កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយយោធារបស់ Hezbollah បានចេញផ្សាយវីដេអូមួយចំនួន ដោយបង្ហាញពីអ្នកបាញ់បាញ់ប្រហារ និងបំផ្លាញកាមេរ៉ាឃ្លាំមើលដែលដាក់នៅលើ 5 ចំណុចតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល រួមទាំងមួយកន្លែងទៀតដែលស្ថិតនៅខាងក្រៅទីក្រុង Metula របស់អ៊ីស្រាអែលផងដែរ។
មន្ត្រីជំនាញបានបាននិយាយថា ក្រុមសកម្មប្រយុទ្ធហាក់ដូចជាចង់រារាំងកងទ័ពអ៊ីស្រាអែលពីការត្រួតពិនិត្យនៅផ្នែក នៃព្រុំប្រទល់ជាមួយនឹងលីបង់ គឺបន្ទាប់ពីមានការបាញ់ប្រហារជាច្រើនថ្ងៃដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់បានស្លាប់រួមទាំងអ្នកប្រយុទ្ធ Hezbollah បួននាក់នៅខាងលីបង់។
ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិល និងទាហ៊ានអ៊ីស្រាអែលជាង 1,400 នាក់ វាក៏ជាមូលហេតុនាំឲ្យមានភាពតានតឹងបានកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែលដូចគ្នាដែរ។ ក្រុមយុទ្ធជនហេសបូឡាបានបាញ់កាំជ្រួចប្រឆាំងរថក្រោះលើទីតាំងកងទ័ពអ៊ីស្រាអែល ហើយទាហ៊ានអ៊ីស្រាអែលបានបាញ់ផ្លោងតាមតំបន់ព្រំដែននៅខាងព្រំដែនលីបង់ដើម្បីជាការតបត។
គួររំលឹកថា អ៊ីស្រាអែល និងក្រុមហេសបូឡាជាសត្រូវដ៏ជូរចត់ដែលបានធ្វើសង្គ្រាមរយៈពេលមួយខែក្នុងរដូវក្តៅឆ្នាំ 2006 មកម្ល៉េះ។ ជនជាតិអ៊ីស្រាអែលតែងតែចាត់ទុកក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ថាជាជានដែលអាចបង្ករការគំរាមកំហែងរបស់ខ្លួន ដោយក្នុងនោះជនជាតិអ៊ីស្រាអែលបានធ្វើការប៉ាន់ស្មានថា ក្រុមហេសបូឡាអាចនឹងមានគ្រាប់រ៉ុក្កែត និងកាំជ្រួចប្រហែល 150,000 គ្រាប់ ក្នុងគោលបំណងសំដៅមកលើអ៊ីស្រាអែល។
បច្ចុប្បន្នខាងសហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលអាចចូលរួមបង្ករសង្គ្រាមជាមួយអ៊ីស្រាអែលដូចគ្នាដែរ។ ព្រោះកាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានអ្នកលេងផ្សេងទៀតនៅមជ្ឈិមបូព៌ាកុំឱ្យចូលរួមក្នុងជម្លោះ ព្រមទាំងបានបញ្ជូននាវាចម្បាំងអាមេរិកទៅកាន់តំបន់ ហើយបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះអ៊ីស្រាអែល។
បើយោងតាមអ្នកយកកាន៍បានឲ្យដឹងថា សមាជិកសភា Hezbollah លោក Hassan Fadlallah បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាពទាំងអស់ ដោយបន្ថែមថា “យើងមិនចង់បង្ហាញពីអ្វីដែលជាជំហ៊ានបន្ទាប់នោះទេ” ។ ដោយលោកបាននិយាយថា ជំហ៊ានបន្ទាប់របស់ក្រុមហេសបូឡា «គឺភ្ជាប់ជាមួយនឹងអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា»។
អ្នកការទូតកំពូលរបស់បារាំងកាលពីថ្ងៃចន្ទបាននិយាយថា ស្ថានភាពតានតឹងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែលគឺ “គួរឱ្យព្រួយបារម្ភ និងអាចមានគ្រោះថ្នាក់”។
រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯលំនៅដ្ឋាន Pine ស្ថានទូតបារាំងថា “យើងនៅទីនេះដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនង និងការគាំទ្ររបស់យើងចំពោះប្រទេសលីបង់ ហើយនិយាយថាវាមិនអាចទទួលយកបានសម្រាប់ភាគី ឬក្រុមណាមួយដែលធ្លាក់ចូលទៅក្នុងសង្រ្គាម ឬអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ Gaza”។
តែខាងក្រុម Hezbollah បាននិយាយថា ការកើនឡើងនៃការវាយប្រហារគឺជាការព្រមានមួយ ហើយមិនមែនមានន័យថា ក្រុមនេះបានសម្រេចចិត្តធ្វើសង្រ្គាមនោះទេ ព្រោះវាអាស្រ័យទៅលើការលៈទេសៈ។
