ប្រទេសទួរគី បានបំបែកកំណត់ត្រាការនាំចេញអាវុធ ទំហំទឹកប្រាក់ 6.5 ពាន់លានដុល្លារ

ក្រុមហ៊ុនដែលជាដៃគូររបស់ក្រសួងការពារជាតិទួរគីបានប្រកាសថា ការនាំចេញសព្វាវុធ និងបរិក្ខារនានា គឺបានកើនឡើងប្រមាណ19 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

តាមដានយើងតាមរយៈ Telegram CPN Daily

ការបំបែកកំណត់ត្រាដ៏ថ្មីសាឡាងនៃប្រាក់ចំណូលដ៏ច្រើនមហាសាល វាគឺជាការចែកចាយអាវុធទៅកាន់ពិភពលោក មិនតិចជាង 178 ប្រទេសនោះឡើយ។ AGBI  បានរកឃើញថា ការលក់ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ2024 នេះថ្វីត្បិតតែវាតិចតួចជាការលក់នៅក្នុងឆ្នាំ 2023 ក៏ពិតមែន តែវាក៏បានកើនឡើងនៃចំនួនប្រទេសដដែល។ ប្រភពដដែលបាននិយាយទៀតថា ការកើនឡើងនៃការនាំចេញអាវុធទៅកាន់អតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ វាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ពីការអភិវឌ្ឍន៍បច្ចេកទេសរបស់ឧស្សាហកម្មអាវុធរបស់ទួលគី គឺមិនមែនធម្មតានោះទេ។ 

នៅក្នុងសន្និបាទមួយដែលដឹកនាំដោយលេខាធិការដ្ឋានឧស្សាហកម្មការពារជាតិ (SSB) ពួកគេបាននិយាយនៅដើមសប្តាហ៍នេះថា ការនាំចេញផ្នែកការពារជាតិ និងអាកាសចរណ៍ដល់ចុងខែវិច្ឆិកា គឺមានចំនួនសរុបប្រមាណ 5.76 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ 

គួរបញ្ជាក់ថា ក្នុងរយៈពេល 11 ខែនៃឆ្នាំ2024 ប្រាក់ចំណូលរបស់ទួលគី បានចូលទៅបំបែកកំណត់ត្រារបស់ខ្លួនយ៉ាងច្រើនលើសលប់។ ហើយប្រសិនបើយើងធ្វើការបូកសរុបចំណូលទាំងមូលនៅឆ្នាំនេះវិញ ក្នុងនោះគឺមានការបញ្ជាទិញជាច្រើន ដែលមានតម្លៃច្រើនជាង6.5 ពាន់លានដុល្លារទៅទៀត។ 

គួររំលឹកថា បច្ចុប្បន្នប្រទេសទួរគីបានក្លាយទៅជាតួអង្គដ៏សំខាន់នៅក្នុងឧស្សាហកម្មការពារពិភពលោក ហើយការរីកចម្រើនគឺវានៅមានបន្តទៀតនាពេលខាងមុខ។  បើយោងតាមក្រុមអ្នកយកទិន្នន័យរបស់ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ពួកគេបានចេញរបាយការណ៍មួយ ដែលបង្ហាញថា ក្នុងចំណោមជើងខ្លាំងទាំង 100 នៅទូទាំងពិភពលោក ក្នុងនោះគឺមានក្រុមហ៊ុនទួលគីយ៉ាងតិចចំនួនបី គឺមានឈ្មោះបោះសម្លេងថា ពួកគេគឺជាអ្នកផលិតបច្ចេកវិទ្យាយោធាឈានមុខគេ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទួរគីនៅតែជាប្រទេសនាំចូលធំនៃបច្ចេកវិទ្យាការពារជាតិដដែល។ អ្នកសង្កេតការរបស់ AGBI បានរកឃើញថា នាពេលថ្មីៗនេះ គួរគីទើបតែធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធអឺរ៉ុប ដើម្បីទិញយន្តហោះចម្បាំង F-16 និង Eurofighters ថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពទ័ពអាកាសរបស់ខ្លួន។

ថ្វីត្បិតតែទួរគីអាចផលិតអាវុធលក់បានច្រើនយ៉ាងណា តែចំពោះការផលិតអាវុធទំនើប និងបច្ចេកវិទ្យាថ្មីៗ ទួរគីនៅមិនទាន់អាចធ្វើបានដូចប្រទេសមហាលអំណាចសហរដ្ឋអាមេរិកបាននោះទេ។

scroll to top