ការបញ្ជូនទាហានកូរ៉េខាងជើងឲ្យទៅជួយលោក ពូទីន  គឺដើម្បីជាថ្នូរ​សម្រាប់​យន្តហោះ​ចម្បាំង​រុស្ស៊ី

ប្រមុខកងកម្លាំងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីនឹងផ្តល់ឱ្យកូរ៉េខាងជើងនូវយន្តហោះចម្បាំង ដើម្បីជាថ្នូរនឹងកងទ័ពម៉ឺននាក់ដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនឲ្យជួយដល់លោកពូទីន។

តាមដានយើងតាមរយៈ Telegram CPN Daily

ឧត្តមនាវីឯក Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក បានប្រាប់អ្នកយកព័ត៌មានរបស់Newsweek ថា លោក គីម ជុងអ៊ុន កំពុងតែចាំទទួលយន្តហោះ MiG-29 និង Su-27 ដែលជាយន្តហោះចម្បាំងក្នុងសម័យសូវៀត បន្ទាប់ពីខ្លួនបានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំវិមានក្រឹមឡាំង។

គួរបញ្ជាក់ថា បច្ចុប្បន្នទាហានកូរ៉េខាងជើងរាប់ពាន់នាក់បានដាក់ពង្រាយទៅកាន់តំបន់ជួរមុខរបស់រុស្ស៊ីនៃទីក្រុង Kursk ដែលជាកន្លែងរបស់កងកម្លាំងអ៊ុយក្រែនកំពុងតែតតាំង។ កិច្ចសហការធ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើងវាមិនត្រឹមតែផ្តល់ការគម្រាមកំហែងដល់អ៊ុយក្រែនតែមួយនោះទេ ឧត្តមនាវីឯក Samuel Paparo បានលើកឡើបន្តថា​ ប្រសិនបើមេដឹកនាំផ្តាច់ការ គឹម​ ជុងអ៊ុនទទួលបាននូវយន្តចម្បាំងហើយនោះ ប្រាកដណាស់សង្គ្រាមនឹងផ្ទុះឡើងក្នុងឧបទ្វីបអាស៊ីជាមិនខាន។

គួររំលឹកថា យន្តហោះចម្បាំងសម័យសូវៀតប្រភេទ MiG-29s និង Su-27s ថ្វីត្បិតតែវាមិនមែនជាអាវុធទំនើបក៏ពិតមែន តែវានៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់លោក គឹម ជុងអ៊ុន។ ការទទួលបាននូវយន្តហោះចម្បាំងវាគឺជាកំលាំងមួយបន្ថែមទៀត ដែលអាចពង្រឹងថាមពលផ្លូវអាកាសរបស់កូរ៉េខាងជើង ពោលគឺដើម្បីទប់ទល់នឹងយន្តហោះចម្បាំង F-15 និង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក យន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះចម្បាំងដូចជា KAI T-50  ដែលមានក្នុងស្តុកស្រាប់ក្នុងប្រទេសកូរ៉េខាងត្បូង។

scroll to top