ទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីក្នុងខែធ្នូ បានបង្ហាញថា ការនាំចេញគឺកើនឡើងច្រើនជាងការរំពឹងទុកទៅទៀត បើទោះបីជាអាមេរិកបានចាត់វិធានការដំឡើងពន្ធលើការនាំចូលក៏ដោយ។
កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ទីភ្នាក់ងាររបស់ CNBC បានរាយការណ៍ថា ខណៈដែលរាជរដ្ឋាភិបាលរបស់ប្រទេសចិនកំពុងតែមានការព្រួយបារម្មណ៍ជុំវិញការតំឡើងពន្ធរាល់ការនាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ស្រាប់តែលទ្ធផលនៃការធ្វើពាណិជ្ជទៅក្រៅប្រទេសរបស់ខ្លួននៅក្នុងខែធ្នូ គឺបានកើនឡើងប្រមាណ10.7% បើធៀបនឹងឆ្នាំមុន ឬ 7.1% បើធៀបនឹងឆ្នាំ២០២៣ មានន័យថា កំណើននៃការនាំចេញទាំងមូលរបស់ចិនគឺ មានការកើនឡើងតិចតួច។
ថ្វីត្បិតតែវិស័យឧស្សាហកម្មមានការរីកចម្រើនក៏ពិតមែន តែអ្នកជំនាញរបស់ CNBC បានមើលឃើញថា កំណើនមួយនេះ មិនអាចធ្វើឲ្យចិនចាកចេញពីវិបត្តិក្នុងស្រុកដ៏រ៉ាំរ៉ៃ ដែលបង្ករឡើងដោយសារតែវិបត្តិអចលនទ្រព្យនោះឡើយ។ ភាពជាប់គាំងដោយសារតែដី និងផ្ទះគ្មានទីផ្សានោះ វាបានជម្រុញឲ្យប្រទេសចិនទាំងមូលបានពឹងផ្អែកទៅលើការនាំចេញជាចម្បងទៅហើយ។
បើយោងទៅតាមអ្នកជំនាញសេដ្ឋកិច្ចចិនជាច្រើននាក់ពួកគេបានអះអាងស្រដៀងៗគ្នាថា តម្រូវការក្នុងស្រុកនៅតែបន្តធ្លាក់ចុះដោយសារតែផលប៉ពាល់នៃវិបត្តិអចលនទ្រព្យកាន់តែអូសបន្លាយពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ធ្វើប្រជាជនភាគច្រើនកាន់តែកាត់បន្ថយចំណាយ។
បច្ចុប្បន្នការនាំចេញវាគឺជាចំណុចដ៏ល្អបំផុតសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទាំងមូលរបស់ចិន ចុះប្រសិនបើការនាំចេញមួយនេះធ្លាក់ចុះទៀតនោះ តើចិននិងមានអ្វីកើតឡើង?
ភាពតានតឹងខាងផ្នែកពាណិជ្ជកម្មរវាងចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបវាមិនអាចបង្ករឲ្យមានផលប៉ះពាល់ណាមួយចំពោះចិននោះទេ។ តែប្រសិនបើការត្រឡប់ទៅសេតវិមានវិញ របស់ Donald Trump ចាប់ផ្តើមអនុវត្តន ដូចដែលលោកបានប្រកាសវិញនោះ តើចិនអាចនឹងមានផលលំបាកឬយ៉ាងណា?
ការត្រៀមខ្លួនរបស់មេដឹកនាំទីក្រុងប៉េកាំងនៅឆ្នាំនេះ ប្រទេសចិននឹងត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញឲ្យមានតម្រូវការក្នុងស្រុកមុនគេបង្អស់។ ការបង្កើនឲ្យមានកំណើននៃអចលនទ្រព្យ ការជំរុញឲ្យប្រជាជនមានការចំណាយ ជាការពិតណាស់ចំនួនប្រជាជនប្រមាណ 1.4 ពាន់លាននាក់ វានិងជម្រុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះការងើបឡើងវិញជាមិនខាន។
