ផ្ទុះការតវ៉ាដ៏ធំមួយនៅក្នុងប្រទេសប្រទេសរ៉ូម៉ានី បន្ទាប់ពីគណកម្មាធិការរៀបចំការបោះឆ្នោតបានដកសិទ្ធិបេក្ខជនមួយរូបដែលមាននិន្នាការគាំទ្រប្រទេសរុស្ស៊ី នោះគឺលោក Calin Georgescu។
គួរបញ្ជាក់ថា ខាងការិយាល័យបោះឆ្នោតរបស់ប្រទេសរូម៉ានីបានច្រានចោលលោក Calin Georgescu សម្រាប់ការធ្វើដំណើរការឡើងវិញនៃការបោះឆ្នោតសកលដែលត្រូវបានលុបចោលកាលពីខែឧសភា ឆ្នាំមុន។ បើយោងតាមសេចក្តីសម្រេចលម្អិតដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ បានឲ្យដឹងទៀតថា អាជ្ញាធររៀបចំការបោះឆ្នោតបានលើកឡើងថា ដោយសារតែតុលាការកំពូលរបស់ប្រទេសរ៉ូម៉ានី បានរកឃើញថា លោក Calin Georgescu គឺជាបេក្ខជនប្រធានាធិបតីមួយរូបដែលមិនបានអនុវត្តខ្លួនទៅតាមបទប្បញ្ញត្តិនោះទេ។ បើយោងតាមការរាយការណ៍ពីaljazeera នៅថ្ងៃទី 10 ខែមីនា បានឲ្យដឹងបន្ថែមថា ការសម្រេចចិត្តខាងលើនេះ គឺវាមានជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅអង្គការណាតូ និងសហភាពអឺរ៉ុប។
យ៉ាងណាមិញ ការសម្រេចចិត្តដកសិទ្ធិលើកនេះ វាបានជំរុញឱ្យមានចលាចលមួយបានកើតឡើងនៅក្នុងរដ្ឋធានី Bucharest ។ មានអ្នកគាំទ្រលោក Georgescu រាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យដោយស្រែកថា “ជនក្បត់!”។ ក្រុមអ្នកតវ៉ាមិនត្រឹមតែស្រែកប៉ុណ្ណោះទេ ពួកគេថែមទាំងបានគប់ដុំថ្ម ក្រឡាប់រថយន្ត និងដុតធុងសម្រាមថែមទៀតផង ការបង្ក្រាបក្រុមបាតុករ ខាងក្រុមប៉ូលីសកុប្បកម្មក៏បានឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។
