តារាសម្ដែងស្រីដ៏ល្បី Preechaya Pongthananikorn (Ice) បានសារភាពថា នាងបានទិញ Cyanide តាមអនឡាញ ដើម្បីបណ្តេញសត្វចៃដែលបានខាំឆ្កែរបស់នាង។ តារាស្រីរូបនេះបាននិយាយថា ការទិញនេះគឺមិនមានគោលបំណងធ្វើបាបនរណាម្នាក់ឡើយ។
នាយឧត្តមសេនីយ៍ Surachate Hakparn អគ្គស្នងការរងជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តារាស្រីល្បីឈ្មោះមួយរូប ត្រូវបានរកឃើញក្នុងបញ្ជីឈ្មោះនៃអ្នកទិញ ១០០នាក់ ដែលបានទិញ Cyanide ពីក្រុមដូចគ្នាជាមួយនិង ឃាតករបំពុលមនុស្ស15នាក់ ដែលប៉ូលីសបានឃាត់ខ្លួនឃាតករនោះ កាលពីថ្ងៃទី 25 ខែ មេសា នៅក្នុងទីក្រុងបាងកក។
លោកមិនបញ្ចេញឈ្មោះតារាស្រីរូបនេះទេ ប៉ុន្តែលោកបាននិយាយថា ប៉ូលិសអាចនឹងកោះហៅនាងនៅសប្តាហ៍ក្រោយដើម្បីសាកសួរពីមូលហេតុដែលនាងត្រូវការថ្នាំពុលមួយប្រភេទនេះ។
សម្រាប់អ្នកនាង Preechaya បានប្រាប់ កម្មវិធី Lui Chon Khao របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ថា នាងបានទិញ Cyanide មួយដប មិនមែនមួយតោនដូចពាក្យចចាមរ៉ាមបាននិយាយនោះទេ។ នាងបាននិយាយទៀតថា នាងមិនទាន់នឹងបើកកំរបដបនោះនៅឡើយទេ ដោយនាងបានបន្ថែមថា នាងសុខចិត្តផ្តល់សេចក្តីថ្លែងការណ៍មួយនេះប្រាប់ទៅ ប៉ូលីសជៀសវាងមានការយល់ច្រឡំមកលើរូបនាង។
ជុំវិញការសាកសួរម្តាយរបស់តារាស្រីរូបនេះក៏បានប្រាប់អ្នកយកព័ត៌មានថា កូនស្រីរបស់គាត់បានទិញសារធាតុនេះតាមអ៊ីនធឺណិតកាលពីថ្ងៃទី 25 ខែ មេសា ហើយថ្ងៃទី 27 ខែមេសា ទើបកូនស្រីគាត់ទទួលបានឥវ៉ាន់។
តារាស្រី Preechaya បានបកស្រាយប្រាប់ពីមូលហេតុនៃការទិញ Cyanide នេះផងដែរ គឺដោយសារតែដីនៅខាងក្រោយផ្ទះរបស់នាងបានស្រុតដីចុះ នៅក្បែរប្រឡាយមួយ ទើបធ្វើឲ្យឱ្យទីធ្លាក្រោយផ្ទះអ្នកនាង មានពស់ និងសត្វល្អិតជាច្រើនបានពួននៅទីនោះ ហើយចូលមកខាំឆ្កែរបស់នាង។ សម្រាប់រូបនាងផ្ទាល់បានសាកល្បងវិធីផ្សេងៗជាច្រើនទៀតដើម្បីបណ្តេញសត្វចង្រៃទាំងនោះដែរ ប៉ុន្តែមិនបាន ផលទាល់តែសោះ។ បន្ទាប់ពីនាងធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិត នាងក៏បានសម្រេចចិត្តបញ្ជាទិញសារធាតុ Cyanide ដើម្បីមកសាកល្បងកំចាត់សត្វល្អិតអស់ទាំងនោះតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាងយ៉ាងណាក្តីក៏រូបនាងមិនទាន់ប្រើប្រាស់សារធាតុពុលនោះទេ ហើយអ្នកស្រីបានយកកញ្ចប់និងឯកសារពាក់ព័ន្ធប្រគល់ជូនប៉ូលិសនៅប៉ុស្តិ៍ Bang Khen រួចរាល់ទៀតផង។