តារាសម្តែង Yoo Ah-in កាលពីថ្ងៃអង្គារម្សិលមិញនេះបានសារភាពចំពោះការចោទប្រកាន់មួយនៅមុខតុលាថា ខ្លួនពិតជាធ្លាប់បានជក់កញ្ឆា នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក Yoo Ah-in ត្រូវបានខាងតុលាការកោះហៅជាលើកដំបូងចាប់តាំងក្នុងខែតុលាមកម្ល៉េះ ប៉ុន្តែកាលនោះ លោក Yoo Ah-in បានបដិសេដន៍រាល់ការចោទប្រកាន់ពីខាងសមត្ថកិច្ច ដែលជាហេតុធ្វើឲ្យខាងតុលាការត្រូវចំណាយពេលវេលាកាន់តែយូរក្នុងការប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យតារាសម្តែងរូបនេះព្រមទទួលស្គាល់។
តារាសម្តែងវ័យ 37 ឆ្នាំដែលមានឈ្មោះពិតថា Uhm Hong-sik បានសារភាពថា គាត់ធ្លាប់ជក់កញ្ឆា មុនពេលមានការកាត់ក្តីនៅក្នុងតុលាការកណ្តាលនៃទីក្រុងសេអ៊ូល។ ប៉ុន្តែលោកសូមបដិសេធការចោទប្រកាន់ពីបទប្រើប្រាស់សារធាតុ propofol ដ៏ច្រើនលើសលប់ ដោយលោកបានអះអាងថា ការចោទប្រកាន់មួយនេះ វាគឺជារឿងដែលខុសពីការពិត។
គួររំលឹកថា លោក Yoo ត្រូវបានចោទប្រកាន់ពីបទចាក់ថ្នាំ propofol និងថ្នាំពេទ្យផ្សេងទៀតចំនួន 181 ដងនៅគ្លីនិកនានាទូទាំងទីក្រុងសេអ៊ូលនៅចន្លោះឆ្នាំ 2020 និង 2022 ក្រោមហេតុផលមួយថា វាជានីតិវិធីនៃការកែសម្ផស្ស។ ជាការពិតណាស់ខាងអាជ្ញាធររបស់ទីក្រុងសេអ៊ូលបានទទួលបាននូវការរាយការណ៍ជាច្រើនថា លោក Uhm Hong-sik (Yoo Ah-in) បានប្រើប្រាស់ថ្នាំ propofol ចំនួន 9,635,7 មីលីលីត្រ, midazolam ចំនួន 567 មីលីក្រាម ketamine ចំនួន 11,5 មីលីលីត្រ និង remimazolam ចំនួន200 មីលីក្រាម។
តារាសម្តែងរូបនេះក៏ត្រូវបានក្រុមសមត្ថកិច្ចចោទប្រកាន់ទៀតថា រូបលោកបានជាប់ចោទពីបទប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដើម្បីទិញថ្នាំងងុយដេកដោយខុសច្បាប់1,100 គ្រាប់ ចំនួន 44 ដង, ព្រមទាំងបានបង្ខំឲ្យអ្នកដែលរស់នៅក្បែរខ្លួនយ៉ាងហោចណាស់ចំនួន ៤ នាក់ ឱ្យប្រើប្រាស់គ្រឿងញៀនជាមួយខ្លួនថែមទៀតផង។
បើទោះជាយ៉ាងណាក៏ដោយ ចំពោះតារាសម្ដែងរូបនេះបានចេញមុខសូមទោសជាសាធារណៈរាល់ការបង្កឲ្យមានការព្រួយបារម្ភពីមនុស្សជុំវិញខ្លួនទាំងអស់» គឺមុនពេលដែលលោកបានចូលទៅក្នុងបន្ទប់សវនាការនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2023 ។
ប៉ុន្តែបើទោះជាយ៉ាងណាក្តី ក៏តារាសម្ដែង Yoo Ah-in បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ថែមថា រឿងទាំងអស់នេះវាក៏មិនដូចអ្វីដែលក្រុមសមត្ថកិច្ចបានចោទប្រកាន់ទាំងអស់ដែរ។
សវនាការលើកក្រោយគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។