យោងតាមមន្ត្រីមន្ទីរពេទ្យ និងកងទ័ពឥណ្ឌាបានឱ្យដឹងថា អំពើហិង្សា ជនជាតិភាគតិច នៅក្នុង រដ្ឋម៉ានីពួរបានសម្លាប់មនុស្សជាង 50 នាក់ ធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង 23,000 នាក់ត្រូវជម្លៀសចេញ។
មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Imphal បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 55 នាក់បានបាត់បង់ជីវិត និង 260 នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងរវាងសមាជិកនៃក្រុមជនជាតិភាគតិច Kuki និង Meitei កាលពីដើមសប្តាហ៍នេះ។
យោងតាមមន្ត្រីនៅមន្ទីរពេទ្យ Imphal បានឱ្យដឹងថា ក្នុងចំនោមអ្នករងរបួសទាំងអស់ គឺរភាគច្រើនគឺរងរបួសដោយគ្រាប់កាំភ្លើង ហើយមួយចំនួនទៀតគឺរបួសក្បាលដោយការវាយបន្ទះឈើ។
សម្រាប់ប្រទេសឥណ្ឌាក៏បានដាក់ពង្រាយកងទ័ពតាមដងផ្លូវ ព្រមទាំងផ្តាច់សេវាអ៊ីនធឺណិតតាមទូរសព្ទរយៈពេលប្រាំថ្ងៃ។
មានមេដឹកនាំកុលសម្ព័ន្ធយុវជនម្នាក់ដែលធ្វើការនៅImphal បានប្រាប់សារព័ត៍មាន CNN ថាផ្ទះរបស់គាត់ត្រូវបានបំផ្លិចបំផ្លាញនិងរឹបអូសកាលពីថ្ងៃទី 4 ខែឧសភា ហើយចាប់តាំងពីពេលនោះមកគាត់បានស្នាក់នៅក្នុងជំរុំកងទ័ព។ លោកបានបន្តថា ផ្ទះជាច្រើនត្រូវបានឆេះ ព្រះវិហាររបស់យើងទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដោយការឆេះ។ ខ្ញុំបានឡើងរបងទៅផ្ទះអ្នកជិតខាងដើម្បីគេចពីអគ្គីភ័យទាំងនោះ ហើយខ្ញុំយកបានត្រឹមកុំព្យូទ័រយួរដៃមួយទើបបានមកដល់ជំរុំនេះ។ លោកបានបន្ថែមថា មានមនុស្សប្រហែល 5,500 នាក់ស្នាក់នៅក្នុងជំរុំរបស់គាត់ ហើយជាសរុបនៅក្នុង Imphal គឺមានជំរុំប្រហែលប្រាំមួយទៅប្រាំពីរតែប៉ុណ្ណោះ។ លោកបានរៀបរាប់ទៀតថា៖ មានការស្លាប់ច្រើនណាស់ ទន្ទឹមគ្នានោះផងដែរ មានម្តាយ និងកូនពីរនាក់កំពុងធ្វើដំណើរទៅកាន់ជំរុំមួយ នៅពេលធ្វើដំណើរទៅហើយ មានហ្វូងមនុស្សមួយក្រុមបានប្រទះនឹងពួកគេ ហើយវាយកូនប្រុសនោះរហូតដល់ស្លាប់។ ឯម្តាយខំការពារកូនប្រុស ក៏ត្រូវគេសម្លាប់ដូចគ្នាដែរ»។
CNN បានទាក់ទងទៅរដ្ឋាភិបាលរដ្ឋ Manipur និងកងទ័ពឥណ្ឌា ដើម្បីសុំការអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមានការឆ្លើយតពីរដ្ឋាភិបាលរដ្ឋនោះទេ។
សម្រាប់ខាងផ្នែកកងទ័ពបាននិយាយថា ខ្លួនបានជួយសង្គ្រោះជនស៊ីវិលសរុបចំនួន 23,000 នាក់ ហើយបានផ្លាស់ប្តូរពួកគេទៅកាន់មូលដ្ឋានប្រតិបត្តិការ និងយោធភូមិភាគយោធា។ ដោយបន្ថែមថាមាន “កាំរស្មីនៃក្តីសង្ឃឹម” និងការធូរស្រាលក្នុងការប្រយុទ្ធគ្នាដោយសារតែការងារជួយសង្គ្រោះដែលធ្វើឡើងដោយកងទ័ព 120-125 និង Assam Rifles ដែលបាន “ធ្វើការដោយមិននឿយហត់អស់រយៈពេល 96 ម៉ោងកន្លងមក គឺដើម្បីជួយសង្គ្រោះជនស៊ីវិលនៅទូទាំងប្រទេស និងទប់ស្កាត់អំពើហឹង្សា និងស្តារភាពប្រក្រតីឡើងវិញ»។
បើតាមភ្នាក់ងារសារព័ត៍មាន CNN បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដំបូង បានផ្ទុះឡើងបន្ទាប់ពីប្រជាជនកុលសម្ព័ន្ធរាប់ពាន់នាក់បានចូលរួមក្នុងការប្រមូលផ្តុំដែលរៀបចំដោយសម្ព័ន្ធនិស្សិតកុលសម្ព័ន្ធទាំងអស់នៃម៉ានីពួរប្រឆាំងនឹងការដាក់បញ្ចូលសក្តានុពលនៃក្រុមជនជាតិភាគតិច Meitei ភាគច្រើនរបស់រដ្ឋនៅក្នុងក្រុម “កុលសម្ព័ន្ធដែលបានគ្រោងទុក” របស់ប្រទេសឥណ្ឌា។
សហគមន៍ Meitei ដែលបង្កើតបានប្រហែល 50% នៃចំនួនប្រជាជនរបស់រដ្ឋ បានធ្វើយុទ្ធនាការជាច្រើនឆ្នាំដើម្បីក្លាយជាកុលសម្ព័ន្ធដែលបានគ្រោងទុក ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍កាន់តែទូលំទូលាយរួមទាំង សុខភាព ការអប់រំ និងការងាររដ្ឋាភិបាល។
កុលសម្ព័ន្ធដែលបានគ្រោងទុក គឺស្ថិតក្នុងចំណោមក្រុមដែលមានវិបត្តិសេដ្ឋកិច្ចសង្គមច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានបដិសេធជាប្រវត្តិសាស្ត្រក្នុងការទទួលបានការអប់រំ និងឱកាសការងារ។
ប្រសិនបើសហគមន៍ Meitei ត្រូវបានផ្តល់ឋានៈកុលសម្ព័ន្ធដែលបានកំណត់ ដូច្នេះក្រុមកុលសម្ព័ន្ធផ្សេងទៀតនិយាយថាពួកគេភ័យខ្លាចថាពួកគេនឹងមិនមានឱកាសត្រឹមត្រូវសម្រាប់ការងារ និងអត្ថប្រយោជន៍ផ្សេងទៀត។