មន្ត្រីអាហ្រ្វិកខាងត្បូងបានវាយបកវិញ ជុំវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា កប៉ាល់រុស្ស៊ីបានប្រមូលអាវុធពីមូលដ្ឋានទ័ពជើងទឹកក្បែរទីក្រុង Cape Town កាលពីចុងឆ្នាំមុន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង Reuben Brigety បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកមានទំនុកចិត្តថា កប៉ាល់រុស្ស៊ីក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានយកអាវុធចេញពីមូលដ្ឋាន Simon’s Town កាលពីខែធ្នូ។ ដោយលោកបានបង្ហាញថា ការផ្ទេរនេះមិនសមស្របនឹងជំហរអព្យាក្រឹតភាពរបស់ Pretoria ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននោះទេ។
អ្នកការទូតលោកខាងលិចមានការភ្ញាក់ផ្អើលចំពោះអាហ្រ្វិកខាងត្បូងដែលធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយរុស្ស៊ី និងចិននៅក្នុងឆ្នាំនេះ ហើយជាពេលវេលាមួយនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrov ផងដែរ។
អាហ្រ្វិកខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់រុស្សី នៅលើទ្វីបដែលបែកបាក់គ្នាជុំវិញការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំ 2022។ ប៉ុន្តែអាហ្វ្រិកបាននិយាយថាខ្លួនមិនលំអៀង ហើយបានបដិសេធមិនបោះឆ្នោតលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពីសង្គ្រាមថែមទៀតផង។
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa កាលនៅថ្ងៃសុក្រ។
ចំនែកការិយាល័យរបស់ Ramaphosa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍នឹងពិនិត្យមើលការចោទប្រកាន់របស់សហរដ្ឋអាមេរិកឡើងវិញ។ ចំពោះរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងអាវុធ និងអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា អាហ្រ្វិកខាងត្បូងមិនបានយល់ព្រមលើការដឹកជញ្ជូនអាវុធណាមួយទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែធ្នូនោះទេ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង Mondli Gungubele ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងអាវុធសាមញ្ញជាតិ នៅពេលការដឹកជញ្ជូនដែលបានរាយការណ៍បានកើតឡើង ក៏បានប្រាប់វិទ្យុ 702 ថា “យើងមិនបានអនុម័តសព្វាវុធណាមួយដល់រុស្ស៊ីទេ។ ប៉ុន្តែលោកមិនបាននិយាយថា តើការដឹកជញ្ជូនដែលមិនបានអនុម័តនោះ ត្រូវបានដឹកចេញពីអាហ្វ្រិកខាងត្បូងដែរឬអត់នោះទេ។
នាយកដ្ឋានការពារជាតិរបស់ប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់ផ្នែកនៃរឿងនេះទៅការស៊ើបអង្កេតរបស់រដ្ឋាភិបាល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Brigety ត្រូវបានកោះហៅកាលពីថ្ងៃសុក្រដោយក្រសួងការបរទេសអាហ្រ្វិកខាងត្បូង “ដោយការកោះហៅនោះបានសម្តែងការមិនសប្បាយចិត្តរបស់រដ្ឋាភិបាលចំពោះការប្រព្រឹត្តនិងសេចក្តីថ្លែងការណ៍របស់គាត់ដែលបានធ្វើឡើងកាលពីម្សិលមិញទាល់តែសោះ”។
ចំណែកលោក Brigety “បានសារភាពថាគាត់បានឆ្លងហួសខ្សែបន្ទាត់របស់ខ្លួន ហើយបានសូមទោសចំពោះរដ្ឋាភិបាលនិងប្រជាជននៃអាហ្វ្រិកខាងត្បូងផងដែរ។ ទោះជាយ៉ាងណាក្តី ក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅឡើយ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby កាលពីថ្ងៃសុក្របានបដិសេធមិនទទួលយកការចោទប្រកាន់ជាក់លាក់ប្រឆាំងនឹងអាហ្រ្វិកខាងត្បូងនោះទេ ប៉ុន្តែបានរំលឹកឡើងវិញពីជំហររបស់ទីក្រុងវ៉ាស៊ីនតោននិងធ្វើទណ្ឌកម្មចំពោះប្រទេសណាមួយដែលជួយដល់រុស្ស៊ី។
បន្ទាប់ពីចាកចេញពីទីប្រជុំជន Simon’s ទិន្នន័យដឹកជញ្ជូនរបស់ Refinitiv បានបង្ហាញនាវា “Lady R” បានធ្វើដំណើរទៅភាគខាងជើងទៅកាន់ប្រទេស Mozambique ដោយចំណាយពេលពីថ្ងៃទី 7 ដល់ថ្ងៃទី 11 ខែមករា នៅក្នុងកំពង់ផែ Beira មុនពេលបន្តទៅ Port Sudan នៅលើសមុទ្រក្រហម។ ទិន្នន័យនេះបានបង្ហាញថាវាបានមកដល់កំពង់ផែ Novorossiysk របស់រុស្ស៊ីនៅលើសមុទ្រខ្មៅនៅថ្ងៃទី 16 ខែកុម្ភៈ។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា កំណត់ត្រាបានបង្ហាញថា Lady R ត្រូវបានចងភ្ជាប់ទៅនឹងក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកសម្រាប់ការដឹកជញ្ជូនអាវុធសម្រាប់រដ្ឋាភិបាលរុស្ស៊ី និងជួយដល់កិច្ចប្រឹងប្រែងដើម្បីធ្វើសង្គ្រាមរបស់ខ្លួន។ វ៉ាស៊ីនតោនបានព្រមានថា បណ្តាប្រទេសដែលផ្តល់ជំនួយផ្នែកសម្ភារៈដល់រុស្ស៊ីអាចនឹងត្រូវបានបដិសេធមិនចូលទីផ្សារអាមេរិកជាដាច់ខាត។