ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះអ៊ុយក្រែនបានវាយប្រហារមកលើទីតាំងឧស្សាហកម្មចំនួនពីរនៅក្នុងទីក្រុង Luhansk ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស។
ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានក្លាយជាប្រទេសដំបូងគេដែលនិយាយថាខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់ទីក្រុង Kyiv ជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ ដែលនឹងអនុញ្ញាតឱ្យវាយប្រហារកងទ័ពរុស្ស៊ី នៅពេលដែលឈ្លានពានមកលើទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ។
ចំនែករដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា កាំជ្រួចទាំងនេះអាចប្រើប្រាស់ក្នុងទឹកដីអ៊ុយក្រែន ដែលគាត់បានទទួលការធានាពីទីក្រុង Kyiv ថាពួកគេនិងប្រើកាំជ្រួច ដែលជាជំនួយនេះ មិនទៅវាយប្រហារគោលដៅនានា នៅក្នុងទឹកដីរុស្ស៊ី ដែលទទួលស្គាល់ដោយអន្តរជាតិ ជាដាច់ខាត។
ប្រទេសរុស្ស៊ីបាននិយាយថា កាំជ្រួចរបស់អ៊ុយក្រែនបានវាយប្រហារមកលើរោងចក្រផលិតសារធាតុប៉ូលីម៊ែរ និងរោងចក្រកែច្នៃសាច់មួយកន្លែងនៅទីក្រុង Luhansk កាលពីថ្ងៃសុក្រ។
ខាងរុស្សីបានបន្ថែមទៀតថា “កាំជ្រួចទម្លាក់ពីអាកាសរយៈចម្ងាយឆ្ងាយ Storm Shadow ដែលផ្គត់ផ្គង់ដល់ Kyiv ដោយចក្រភពអង់គ្លេស ត្រូវបានយកមកប្រើសម្រាប់ការវាយប្រហារ គឺវាផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ ដែលថាអាវុធទាំងនេះនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ប្រឆាំងនឹងគោលដៅស៊ីវិលនោះទេ” ។
ខាងរុស្សីបន្តរទៀតថា ប្រព័ន្ធការពារដែនអាកាសខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនពីរគ្រឿង គឺ Su-24 និង MiG-29 ដោយរុស្ស៊ីបានបញ្ជាក់ផងដែរថា យន្តហោះចម្បាំងទាំងពីរគ្រឿងនោះគឺមានបំណងចង់ទម្លាក់គ្រាប់មីស៊ីលមកលើប្រទេសរបស់ខ្លួន។
យោងតាមរបាយការណ៍ចុងក្រោយនៅពេលនេះ កងកម្លាំងរុស្ស៊ីបានទទួលការគ្រប់គ្រងលើប្លុកមួយទៀតនៅក្នុងទីក្រុង Bakhmut ភាគខាងកើត ដែលទីក្រុងម៉ូស្គូបានព្យាយាមចាប់យកអស់រយៈពេលជាង 10 ខែកន្លងមកនេះ។
អង្គភាពនៃកងកម្លាំងអាកាសរបស់រុស្ស៊ីបានផ្តល់ការគាំទ្រដល់អង្គភាពវាយលុកពីចំហៀង”។ ដោយក្រសួងរបស់រុស្ស៊ីតែងតែប្រើពាក្យថា “អង្គភាពវាយប្រហារ” ដើម្បីបញ្ជាក់អំពីកងជីវពលឯកជន Wagner ដែលកំពុងដឹកនាំការវាយប្រហារលើ Bakhmut ជាមួយនឹងការចំណាយដ៏ច្រើនលើសលប់។