តុលាការកំពូលរបស់ប្រទេសបារាំងបានសម្រេចថា ប្រទេសនេះអាចកាត់ទោសជនសង្ស័យបរទេសក្រោមគោលការណ៍យុត្តាធិការសកល។ ការសម្រេចចិត្តនេះអនុញ្ញាតឱ្យមានការស៊ើបអង្កេតទៅលើជនជាតិស៊ីរីពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។
សេចក្តីសម្រេចនេះត្រូវបានស្វាគមន៍ដោយក្រុមសិទ្ធិមនុស្សដែលបាននិយាយថា វាក៏នឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើករណីជាច្រើនផ្សេងទៀតទាក់ទងនឹងជម្លោះនៅក្នុងពិភពលោក។ Court of Cassation បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការទទួលស្គាល់គោលការណ៍នៃយុត្តាធិការសកលសម្រាប់តុលាការបារាំងនៅក្នុងសំណុំរឿងចំនួនពីរទាក់ទងនឹងប្រទេសស៊ីរី” ។
សេចក្តីសម្រេចអនុញ្ញាតឱ្យការស៊ើបអង្កេតបន្តក្នុងសំណុំរឿងប្រឆាំងនឹងអតីតទាហានស៊ីរី Abdulhamid Chaban និង Majdi Nema អតីតអ្នកនាំពាក្យក្រុមអ៊ីស្លាម Jaysh al-Islam ។ Chabanទាហ៊ានស៊ីរី ត្រូវបានចោទប្រកាន់ពីបទផ្សំគំនិតក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈដែល Nema ត្រូវបានចោទប្រកាន់ពីបទទារុណកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម។
Chaban ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងក្នុងឆ្នាំ 2019 ខណៈដែល Nema ត្រូវបានឃុំខ្លួន នៅពេលដែលកំពុងធ្វើដំណើរទៅសិក្សានៅទីក្រុង Marseille ភាគខាងត្បូង។
ប៉ុន្តែពួកគេទាំងពីរបានបដិសេធការចោទប្រកាន់ទាំងស្រុង ពួកគេទាំងពីរបានព្យាយាមប្រកែកថា ពួកគេមិនគួរត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ ពីព្រោះឧក្រិដ្ឋកម្មទាំងនេះមិនមាននៅលើសៀវភៅលក្ខន្តិកៈរបស់ប្រទេសពួកគេឡើយ។
ប្រទេសស៊ីរីមិនដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលកំណត់ឧក្រិដ្ឋកម្មទាំងពីរនោះទេ។
ទោះជាយ៉ាងនេះក្តី តុលាការបានសម្រេចថា វាមិនចាំបាច់ថា “បទល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានពិពណ៌នាដោយច្បាប់របស់ប្រទេសរបស់ពួកគេទេ ព្រោះនេះជាច្បាប់អន្តរជាតិ។
សម្រាប់ក្រុមសិទ្ធិមនុស្សចំនួនប្រាំបួន រួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ និងក្រុមអ្នករាយការណ៍ព្រំដែន បានស្វាគមន៍ចំពោះសេចក្តីសម្រេចមួយនេះ។ Jeanne Sulzer មកពីអង្គការលើកលែងទោសអន្តរជាតិបាននិយាយថា “ការសម្រេចចិត្តទាំងនេះអនុញ្ញាតឱ្យជនរងគ្រោះដែលមិនមានសិទ្ធិទទួលបានយុត្តិធម៌នៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចដាក់ទោសលើជនល្មើសទាំងអស់នោះបាន។