កាលពីថ្ងៃអង្គារភាពចលាចលបានបន្តកាន់កាប់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការចាប់ខ្លួនអតីតនាយករដ្ឋ មន្ត្រីលោក Imran Khan ប៉ុន្តែលោកបានបដិសេដធទាំងស្រុងលើការចោទប្រកាន់ទាំងឡាយណាដែលពាក់ព័ន្ធនិងអំពើពុករលួយ។
ប៉ូលិសបាននិយាយថា នៅពេលនេះយ៉ាងហោចណាស់មានមនុស្ស 8 នាក់បានស្លាប់នៅទូទាំងប្រទេសក្នុងការតវ៉ា ហើយ មនុស្ស 1,400 នាក់ទៀតត្រូវបានចាប់ខ្លួន។ រឿងនេះបានផ្ទុះឡើងបន្ទាប់ពីមានការចាប់ខ្លួនលោក Khan ទើបធ្វើឱ្យភាពតានតឹងរវាងលោកអតីតនាយករដ្ឋមន្ត្រី និងយោធាកាន់តែតានតឹងឡើង ស្របពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច។
មានសំនួរជាច្រើនកំពុងតែចោទសួរថា៖
- ហេតុអ្វីបានជាអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវបានគេចាប់ខ្លួន?
ស្ថានភាពរបស់កងទ័ពប៉ាគីស្ថាននាពេលនេះ គឺបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ហើយពួកគេទាំងនោះភាគច្រើន ជាអ្នកឈរពីក្រោយឈុតឆាកដ៏សំខាន់មួយនេះ។
អ្នកវិភាគនយោបាយជាច្រើនបាននិយាយថា ការឈ្នះឆ្នោតរបស់លោក Khan នៅក្នុងឆ្នាំ 2018 បានកើតឡើងដោយសារមានជំនួយពីយោធា។ ប៉ុន្តែចាប់តាំងពីលោកត្រូវបានគេទម្លាក់ចេញពីតំណែងរួចមក លោក Khan បានក្លាយជាអ្នករងការរិះគន់ច្រើនបំផុតរបស់យោធាទៅវិញ។
ការចាប់ខ្លួនលោក Khan កាលពីថ្ងៃពុធ គឺមានឯកសារពាក់ព័ន្ធជាច្រើន បានបញ្ជាក់ថា លោក Khan បានលក់ទ្រព្យសម្បតិរបស់រដ្ឋដោយខុសច្បាប់ក្នុងកំឡុងពេលដែលលោកនៅកាន់អំណាចជានាយករដ្ឋមន្ត្រី។
ចៅក្រមបានបង្គាប់ឲ្យឃុំខ្លួនលោក Khan ឲ្យនៅក្រៅឃុំរយៈពេល ៨ ថ្ងៃ ដោយតុលាការបានបញ្ជាក់ទៀតថា នេះគ្រាន់តែជាសំណុំរឿងពុករលួយមួយក្នុងចំណោមសំណុំរឿងពុករលួយជាង១០០តែប៉ុណ្ណោះ។
បន្ទាប់ពីមានការចាប់ខ្លួនលោក Khan កាលពីថ្ងៃពុធនោះផងដែរ ទូរទស្សន៍ BBC បានផ្សព្វផ្សាយការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិសនៅកណ្តាលផ្លូវធំមួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ ប៉ូលិសបាននិយាយថា ប៉ូលិសជាង ១៤៥ នាក់បានរងរបួសក្នុងការប្រឈមមុខជាមួយនិងបាតុករ។
ក្នុងចំណោមអ្នកធ្វើបាតុកម្ម មានបុរសម្នាក់ដែលកាន់ថ្ម និងដំបង និងពាក់ម៉ាស់បានប្រាប់ BBC ថា៖ «យើងមកធ្វើការតវ៉ាដោយសន្តិវិធី ប៉ុន្តែប៉ូលិសទាំងនេះកំពុងព្យាយាមបាញ់ពួកយើង»។
“ហើយនៅពេលនេះ គឺមានការស្លាប់ក្នុងចំនោមបាតុករទៀតផង ពួកយើងនឹងបន្តការតវ៉ានេះ រហូតដល់ពួកគេដោះលែងលោក Khan បើមិនដូច្នេះទេ យើងនឹងបិទប្រទេសទាំងមូល”។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបច្ចុប្បន្ន លោក Shehbaz Sharif បានធ្វើសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាពលរដ្ឋក្នុងប្រទេស ដោយព្រមានថា ការតវ៉ាដោយហិង្សានឹងមិនត្រូវបានអត់ឱនឲ្យជាដាច់ខាត។
លោកបានថ្លែងទៀតថា៖ «អ្នកកាន់ច្បាប់ ហើយល្មើសច្បាប់គឺត្រូវចាប់។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកគាំទ្រ PTI របស់លោក Khan បានដុតរថយន្ត និងគប់គ្រាប់បែកសាំងនៅឯគេហដ្ឋានរបស់លោក Sharif ក្នុងទីក្រុង Lahore នៅព្រឹកព្រលឹមថ្ងៃពុធថែមទៀតផង។
ក្នុងចំណោមបាតុករដែលត្រូវបានចាប់ខ្លួន គេបានរកឃើញថាមានមេដឹកនាំជាន់ខ្ពស់របស់គណបក្ស PTI ពីរនាក់ ជាអ្នកដឹកនាំបាតុករ ទើបធ្វើឲ្យមានភាពចលាចលនៅក្នុងប្រទេសប៉ាគីស្ថាន។