កុមារសាលាបឋមសិក្សាមួយក្រុមបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តក្រុងបុកគ្នាយ៉ាងរន្ធត់នៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី។
កាលពីម្សិលមិញនេះឡានក្រុងបានដឹកសិស្សចំនួន 45 នាក់ នៅពេលដែលប៉ូលីសនិយាយថា វាត្រូវបានរថយន្តបុកពីក្រោយ ហើយរមៀលចេញពីផ្លូវនៅរសៀលថ្ងៃអង្គារ។ តាមទីភ្នាក់ងារសារព័ត៍មានBBC បានឲ្យដឹងថា កុមារចំនួនប្រាំបួននាក់ដែលមានអាយុចាប់ពី 5 ទៅ 11 ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយភាគច្រើនពួកគេគឺទទួលការវះកាត់សង្គ្រោះបន្ទាន់។
អ្នកបើកបររថយន្តកុងតឺន័រត្រូវសមត្ថកិច្ចឃាត់ខ្លួន តែមិនទាន់ទទួលការចោទប្រកាន់ពីបទល្មើសអ្វីឡើយ។ ប្រទេសអូស្ត្រាលីមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍គឺកម្រឹតមធ្យម បើប្រៀបធៀបទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត។ ប្រទេសមួយនេះជាប់ចំណាត់ថ្នាក់ទី 20 ក្នុងចំណោម 36 ប្រទេស OECD សម្រាប់ប្រទេសដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ប៉ូលីសបាននិយាយថា ឡានក្រុងទើបតែចេញពីសាលាបឋមសិក្សា Exford – នៅភាគខាងលិចនៃទីក្រុង Melbourne មុនពេលដែលការប៉ះទង្គិចបានកើតឡើង។
នាយកប្រតិបត្តិនៃមន្ទីរពេទ្យ Royal Children’s Hospital Bernadette McDonald បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា គ្រូពេទ្យវះកាត់បានធ្វើការតាំងពីព្រឹកព្រលឹម ដើម្បីព្យាបាលកុមារ។ កុមារខ្លះរងរបួសអវយវៈដោយបង្ខំឱ្យកាត់ចេញ ព្រមទាំងរបួសក្បាល និងរបួសឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ។ កុមារចំនួនប្រាំពីរនាក់បន្តនៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះតែពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកស្រី McDonald បាននិយាយថា “យើងមានគ្រួសារ និងកុមារដែលរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យរបស់យើងនៅពេលនេះ” ។
ចំនែកបុរសជាអ្នកបើកបររថយន្តក្រុងអាយុ៤៩ឆ្នាំបានរងរបួសស្រាល ហើយនៅពេលនះលោកកំពុងជួបសមត្ថកិច្ចដើម្បីធ្វើការសាកសួរ។ ក្រុមអ្នកអង្កេតដែលមកពីអង្គភាពស៊ើបអង្កេត កំពុងស្វែងរកទិន្នន័យនៃការប៉ះទង្គិចដ៏ធំមួយនេះ ជាពិសេសករណីដែលនាំឲ្យធ្លាក់យន្តក្រុងមួយនេះ។