អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទថា ការផ្ទេរយន្តហោះចម្បាំង F-16s ទៅកាន់អ៊ុយក្រែន គឺវាបានចោទជាសំណួរឡើងចំពោះតួនាទីរបស់អង្គការណាតូនៅក្នុងជម្លោះមួយនេះ ហើយអ្នកការទូតរូបនេះក៏បាននិយាយថាការលូកដៃរបស់ណាតូ គឺវាមិនអាចមានផលប៉ះពាល់ដល់គោលដៅយោធារបស់រុស្ស៊ីឡើយ។
លោកប្រធានាធិបតីអាមេរិក Joe Biden បានគាំទ្រ កម្មវិធីហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំង F-16s កាលពីថ្ងៃសុក្រ។ ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធានាសម្រាប់លោក Joe Biden ថាយន្តហោះនេះនឹងមិនត្រូវបានប្រើដើម្បីចូលទៅក្នុងទឹកដីរុស្ស៊ីទេ។
ចំនែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅលើបណ្តាញផ្ញើសារ Telegram របស់ស្ថានទូតថា “មិនមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការ F-16s នៅអ៊ុយក្រែនទេ ហើយចំនួនអ្នកបើកយន្តហោះ និងបុគ្គលិកថែទាំដែលត្រូវការក៏មិនមានដែរ” ។ .
អ្នកវិភាគនយោបាយជាច្រើនកំពុងតែចោទជាសំនួរថា៖ តើនឹងមានអ្វីកើតឡើង ប្រសិនបើយន្តហោះចម្បាំងអាមេរិក ហោះចេញពីអាកាសយានដ្ឋានណាតូ ដែលគ្រប់គ្រងដោយ ‘អ្នកស្ម័គ្រចិត្ត’ បរទេស?
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា ការផ្ទេរយន្តហោះចម្បាំងអាមេរិកទៅអ៊ុយក្រែន នឹងក្លាយជា “គ្មានន័យ ហើយវាជារឿងមួយដ៏ឆោតល្ងង់បំផុត” ។
លោក Ryabkov ត្រូវបានដកស្រង់ដោយ RIA ដោយនិយាយថា “ការខិតខំប្រឹងប្រែងទាំងនេះគ្មានប្រយោជន៍ និងគ្មានន័យនោះទេ៖ ព្រោះថាសមត្ថភាពរបស់យើងគឺដូចជាគោលដៅទាំងអស់នៃប្រតិបត្តិការយោធាពិសេសដែលត្រូវសម្រេចបាន” ។ ប៉ុន្តែសម្រាប់ RIA ដែលបានស្រង់ចេញមកនេះគឺវាគ្រាន់តែជាពាក្យក្នុងចិត្តរបស់ទីក្រុងម៉ូស្គូសម្រាប់ជម្លោះមួយនេះតែប៉ុណ្ណោះ។
លោក Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បាននិយាយដែរថា រាល់ការវាយប្រហាររបស់អ៊ុយក្រែនទៅលើតំបន់គ្រីមេនឹងត្រូវចាត់ទុកថាជាការវាយប្រហារលើរុស្ស៊ី។ លោក បាននិយាយទៀតថា៖ «ឃ្លាមួយនេះគឺពិតជាសំខាន់ដែលសហរដ្ឋអាមេរិកត្រូវតែដឹងយ៉ាងពេញលេញ»។ សូមចងចាំថា អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនលើគោលដៅកាន់កាប់ដោយរុស្ស៊ី ជាពិសេសនៅឧបទ្វីប Crimean ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
នៅពេលនេះ លោក Antonov ក៏សូមបញ្ជាក់ជាថ្មីម្តងទៀត រុស្ស៊ីសូមអះអាងថា សហរដ្ឋអាមេរិកកំពុងដាក់ប្រទេសលោកខាងលិចចូលក្នុងរបៀបវារៈរបស់ខ្លួន។ ព្រោះនៅពេលនេះ “ទីក្រុងវ៉ាស៊ីនតោនបានទាក់ទាញសមាជិក G7 ទាំងអស់ឲ្យទៅតាមគោលនយោបាយរបស់ខ្លួនក្នុងការជួយអ៊ុយក្រែន” ព្រោះអ្វីដែលអាមេរិចចង់បាន ” គឺជាការបរាជ័យរបស់រុស្ស៊ី។
លោក Antonov បានបន្ថែមទៀតថា៖ ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីចុងសប្តាហ៍នៅប្រទេសជប៉ុន ប្រទេស G7 បានបង្ហាញពី ការគាំទ្ររយៈពេលវែង សម្រាប់អ៊ុយក្រែន។ ប្រធានាធិបតី Volodymyr Zelenskiy ដែលបានចូលរួមក្នុងការជួបជុំនោះដែរបាននិយាយថា លោកមានទំនុកចិត្តថាអ៊ុយក្រែននឹងទទួលបានការផ្គត់ផ្គង់យន្តហោះ F-16s។
រុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន បានបង្ហាញឲ្យគេបានឃើញថាខ្លួនកាន់តែខ្លាំងឡើងនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” វាជាយុទ្ធនាការរបស់រុស្ស៊ីដែលត្រូវប្រឆាំងនឹងលោកខាងលិច។ អ្វីដែលរុស្ស៊ីធ្វើនៅពេលនេះ សម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានហៅសកម្មភាពរបស់រុស្ស៊ីថាជាសង្រ្គាមបែបមិនបង្ករហេតុដើម្បីដណ្តើមយកទឹកដី។