កងទ័ពអាកាសអាមេរិក បាននិយាយថា យោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការហ្វឹកហ្វឺនកងទ័ពអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងរាប់សិបគ្រឿង រួមទាំងយន្តហោះចម្បាំង F-16 និងយន្តហោះឈ្លបយកការណ៍កម្ពស់ខ្ពស់ U-2 កាលពីដើមខែនេះ។
កងទ័ពអាកាសទី៧ របស់សហរដ្ឋអាមេរិកបាននិយាយ ការហ្វឹកហ្វឺននេះធ្វើឡើងសម្រាប់ “គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យការពារជាតិជូនសាធារណរដ្ឋកូរ៉េខាងត្បូង” ហើយវាពិតជាបានបង្ហាញឱ្យឃើញថា “សមត្ថភាពរបស់យើងទាំងពីរ ក្នុងការបង្កើតថាមពលប្រយុទ្ធ គឺពិតជាឆាប់រហ័សនឹកស្មានមិនដល់”។
យោធាអាមេរិកបាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុក (Facebook) កាលពីថ្ងៃសៅរ៍ដោយសំដៅទៅលើកូរ៉េខាងត្បូងតាមរយៈឈ្មោះផ្លូវការរបស់ខ្លួនថែមទៀតផង។ ការបង្ហាញពីកងកម្លាំងផ្លូវអាកាសបានកើតឡើងស្របពេលដែលស្ថានការនៃឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹង ជាពិសេសមួយរយៈពេលចុងក្រោយនេះ ជុំវិញការបន្តការសាកល្បងអាវុធជាច្រើនរបស់កូរ៉េខាងជើង គឺវាកាន់តែបង្ហាញឲ្យឃើញថា កូរ៉េខាងត្បូងចាំបាច់ត្រូវតែមានការការពារឲ្យបានច្បាស់លាស់។
សម្រាប់កងទ័ពអាកាសអាមេរិកបាននិយាយទៀតថា ក្នុងអំឡុងពេលហ្វឹកហ្វឺន “Elephant Walk” យន្តហោះដែលមានប្រដាប់អាវុធពេញលេញបានហោះទៅតាមបណ្តោយអាកាសយានដ្ឋាន ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីការអនុវត្តនីតិវិធីមុនការហោះហើរ និងការត្រៀមខ្លួនរបស់ពួកគេនោះទេ។