នៅថ្ងៃទី 29 ខែឧសភានេះ មានការផ្ទុះឡើងទូទាំងទីក្រុង Kyiv នៅប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់បង្ហោះកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងអស់រយៈពេលពេញមួយយប់ ខណៈដែលប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើកទី 16 របស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែនក្នុងខែនេះ។
អ្នកស្រុកមានការភ័យស្លន់ស្លោ ពេលដំបូងឡើយពួកគេមិនអើពើនឹងស៊ីរ៉ែននៃវាយប្រហារតាមអាកាស កំឡុងពេលពួកគេញ៉ាំអាហារពេលព្រឹក។ ប៉ុន្តែបន្ទាប់មកអ្នកស្រុកទាំងអស់បានប្រញាប់ប្រញាល់រត់គេច នៅពេលដែលមេឃពោរពេញទៅដោយផ្សែងខ្មៅ និងមានដុំពពកបក់បោក។
សម្រាប់អាជ្ញាធរPodil កណ្តាលបាននិយាយថា កាំជ្រួចរបស់រុស្ស៊ីទាំងអស់ដែលបានបាញ់មកលើអ៊ុយក្រែន គឺគ្មានការខូចខាតច្រើននោះទេ។ ហើយនៅក្នុងសង្កាត់របស់លោក គឺមានមនុស្សម្នាក់បានរងរបួស តែត្រូវបានបញ្ជូនទៅមន្ទីពេទ្យទាន់ពេលវេលា។
អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយលើកម្មវិធីផ្ញើសារ Telegram ថា ការផ្ទុះបានបន្លឺឡើងនៅក្នុងសង្កាត់កណ្តាលនៃរដ្ឋធានី ហើយសេវាសង្គ្រោះបន្ទាន់ក៏បានត្រៀមលក្ខណៈរួចរាល់ហើយផងដែរ។ “ការវាយប្រហារលើ Kyiv នៅតែបន្ត សូមប្រជាពលរដ្ឋទាំងអស់មេត្តាកុំចាកចេញពីជម្រក។
លោក Valeriy Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបាននិយាយថា អ៊ុយក្រែនបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលដែលផ្លោងមកចំនួន 11 គ្រាប់ ហើយនេះជាលើកទីពីរ នៃការវាយប្រហារនៅក្នុងថ្ងៃច័ន្ទមកលើទីក្រុង Kyiv ។
ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា គឺកើតឡើងប្រហែលប្រាំមួយម៉ោងមុននេះ ពួកគេបានតម្រង់គោលដៅទៅលើរដ្ឋធានី ព្រមទាំងធ្វើឲ្យយន្តហោះអ៊ុយក្រែនចំនួន 5 គ្រឿង ដែលធ្វើសកម្មភាពនៅភាគខាងលិចនៃប្រទេស នៅក្បែរកំពង់ផែសមុទ្រខ្មៅ Odesa ត្រូវបានឆាបឆេះថែមទៀតផង។
អ្នកនាំពាក្យកងទ័ពអាកាស Yuriy Ihnat បាននិយាយថា សកម្មភាពដែលរុស្ស៊ីធ្វើនៅពេលនេះ គឺជាសកម្មភាពមួយដ៏ធ្ងន់ធ្ងរ គឺមានកាំជ្រួចតិចជាងមុន ប៉ុន្តែភាពទៀងទាត់នៃការវាយប្រហារបានកើនឡើងច្រើនជាងមុន” ។ លោកបាននិយាយទៀតថា គោលដៅសំខាន់ៗរបស់រុស្ស៊ី ជាធម្មតាគឺកន្លែងស្តុកទុកអាវុធរបស់លោកខាងលិច កន្លែងថាមពល និងអគាររដ្ឋាភិបាល។ ប៉ុន្តែនៅថ្ងៃច័ន្ទនេះ យើងពិតជាមានផលលំបាកខ្លាំងណាស់ ក្នុងការកំណត់គោលដៅរបស់ពួកគេ។ រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសកាន់តែញឹកញាប់ ខណៈដែលអ៊ុយក្រែនកំពុងត្រៀមបើកការវាយលុក។ ស្ថានីយ៍រថភ្លើងក្រោមដីក្រុង Kyiv ពេលនេះគឺពោរពេញដោយមនុស្សកំពុងជ្រកកោន អ្នកស្រុកជាច្រើនមិនអើពើនឹងការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសនោះទេ បើទោះជាពួកគេឮសំឡេងផ្ទុះខ្លាំងនៅកណ្តាលទីក្រុងយ៉ាងណាក៏ដោយ។